កាលពីពេលថ្មីនេះតារាសម្ដែងស្រី កញ្ញា ស៊ីន យូប៊ីន បានបង្ករភាពចាប់អារម្មណ៍ជាខ្លាំង ជាពិសេសពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីកញ្ញាបានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៅឯមហោស្រពភាពយន្ត Cannes ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនៅទីក្រុងកាន ប្រទេសបារាំង ខណៈកញ្ញាគឺជានារីខ្មែរដំបូងគេដែលបានចូលរួមព្រឹត្តិការណ៍ដ៏ធំមួយនេះ។
ស្របពេលដែលតារានៅជំុវិញពិភពលោកតែងតែមានបំណងចង់ដើរនៅលើកម្រាលព្រំក្រហម នៅឯមហោស្រពភាពយន្តនៃទីក្រុងកាន កញ្ញា ស៊ីន យូប៊ីន គឺជាមនុស្សម្នាក់ដែលត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។ ហើយអ្វីដែលគួរឲ្យកោតសរសើរជាងនេះទៅទៀតនោះ បើទោះបីជាកញ្ញាមានរបួសជើងក៏ពិតមែន ប៉ុន្តែកញ្ញានៅតែតាំងចិត្តមិនចុះចាញ់ ពោលគឺដើម្បីនាំមកនូវមោទនភាពសម្រាប់សិល្បៈភាពយន្តខ្មែរ។
ជាមួយគ្នានេះដែរសូម្បីតែសារព័ត៌បរទេស JEZEBEL ក៏ស្រលាញ់នៅការតាំងចិត្តរបស់កញ្ញាដែរ ដោយគេបានសរសេរថា “ ខ្ញុំមិនដឹងថាហេតុអ្វីបានជា Yubin ត្រូវការឈើច្រត់ទេ ប៉ុន្តែខ្ញុំស្រឡាញ់ការប្តេជ្ញាចិត្តរបស់នាងទោះត្រូវពិបាកនឹងផ្លាស់ទី តែព្យាយាមបង្ហាញថាខ្លួនមិនអី”។
គួរជម្រាបផងដែរថា មហោស្រពភាពយន្តទីក្រុង Cannes ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុង Cannes ប្រទេសបារាំង ចាប់តាំងពីឆ្នាំ១៩៤៦ ដោយគោលបំណងនៃកម្មវិធីនេះគឺដើម្បីជួបជាមួយសិល្បករ តារាសម្តែង ផលិតករជុំវិញពិភពលោក ដើម្បីអាចផ្លាស់ប្តូរគ្នា ខណៈសំបុត្រចំបុត្រចូលរួមកម្មវិធីនេះ មានតម្លៃចាប់ពី ៦ពាន់ដុល្លាររហូតដល់ ២៥ពាន់ដុល្លារក្នុងមួយនាក់៕