ក្រោយពីឡើងថ្លៃដល់តម្លៃខ្ពស់បំផុត៣៥០០ដុល្លារក្នុងមួយអោន នៅពេលនេះហាងឆេងមាសបានចាប់ផ្ដើមធ្លាក់ថ្លៃមកវិញហើយ។ ជាក់ស្ដែងនៅព្រឹកថ្ងៃនេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិបានធ្លាក់ចុះចំនួន៩០ដុល្លារមកត្រឹម៣២២៧ដុល្លារក្នុងមួយអោន( ស្មើនឹង៣៨៨៧ដុល្លារក្នុងមួយតម្លឹង)។
ចំពោះមូលហេតុដែលធ្វើឲ្យមាសចាប់ផ្ដើមធ្លាក់ថ្លៃមកវិញគឺដោយសារតែសហរដ្ឋអាមេរិកតាមរយៈលោក Donald Trump បានបន្ធូបន្ថយពន្ធនាំចូលទៅលើទំនិញមួយចំនួនដែលនាំចូលពីបរទេស។ ជាក់ស្ដែងបើយោងតាមការប្រកាសរបស់សេតវិមានបានឲ្យដឹងថារដ្ឋាភិបាលអាមេរិនបានបន្ថយពន្ធនាំចូលរថយន្តពីបរទេស។
ក្រៅពីនេះ ការបញ្ចប់ភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនក៏ជាកត្តាមួយទៀតដែលធ្វើឲ្យមាសចាប់ផ្ដើមធ្លាក់ចុះផងដែរ ខណៈកាលពីពេលថ្មីៗនេះ លោក Donald Trump បានលើកឡើងថាវានឹងអាចទៅរួចដែលសហរដ្ឋអាមេរិកនិងចិនអាចឈានដល់កិច្ចព្រមព្រៀងសមស្របមួយក្នុងការធ្វើពាណិជ្ជកម្ម។
បើទោះជាពេលនេះមាសចាប់ផ្ដើមធ្លាក់ចុះវិញពិតមែន តែក្រុមអ្នកជំនាញលើកឡើងថាមាសអាចនឹងមានទំនោរកើនឡើងវិញប្រសិនបើធនាគារកណ្ដាលរបស់សហរេដ្ឋអាមេរិកទម្លាក់ការប្រាក់ដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថាសម្រាប់ហាងឆេងមាសនៅក្នុងស្រុកយើងវិញនៅថ្ងៃនេះធ្លាក់មកត្រឹម៣៨៨ដុល្លារក្នុងមួយជី៕