ស្រ្តីខ្មែរវ័យក្មេង ដោះបំណុល៤ម៉ឺន$ប្រើពេលតែ១ឆ្នាំ ប្រាប់រឿងធំ៣ត្រូវធ្វើ ពេលពិបាករកលុយបង់ធនាគារ
Toeuy HongMARCH 18 20252.7 K views

យុន ចាន់លីកា បច្ចុប្បន្នគឺជាស្រ្តីរកស៊ីលក់គ្រឿងក្រអូបមានទីតាំងនៅផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ ហើយក៏លក់គ្រឿងក្រអូបតាមអនឡាញផងដែរ។ គាត់ធ្លាប់ជាប់បំណុលធនាគារប្រមាណជាង៤ម៉ឺនដុល្លារ ប៉ុន្ដែគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៣នេះគាត់ដោះបំណុលរបស់គាត់បានជោគជ័យហើយ។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia តាមអនឡាញ យុន ចាន់លីកា បានឲ្យដឹងថាគាត់ជាអ្នករកស៊ីហើយមិនធ្លាប់ធ្វើការឲ្យគេនោះទេ ដោយបច្ចុប្បន្នមានមុខរបរជាអ្នកលក់គ្រឿងក្រអូប។ គាត់បានបន្តទៀតថារបរលក់គ្រឿងក្រអូបកាន់តែរីកធំគាត់ក៏មានលទ្ធភាពទិញរបស់មួយចំនួនដូចជាឡាននិងវិនិយោគលើអចលនទ្រព្យផងដែរដោយប្រើទាំងលុយសុទ្ធនិងកម្ចីពីធនាគារ។

 

 សម្រាប់កម្ចីធនាគារគាត់ជំពាក់ធនាគារប្រមាណ៤ម៉ឺនដុល្លារ។ យ៉ាងណាមិញបំណុលធនាគារខ្ទង់៤ម៉ឺនដុល្លារនេះគាត់អាចបង់ផ្ដាច់អស់ដោយជោគជ័យត្រឹមខែមិថុនាឆ្នាំ២០២៣នេះដោយប្រើប្រាស់លុយសន្សំ និងចំណូលពីអាជីវកម្មបង់ផ្ដាច់កម្ចីធនាគារទាំងអស់ត្រឹមពាក់កណ្ដាលឆ្នាំ២០០២៣។

 

យុន ចាន់លីកា បានចែករំលែកនូវរឿងសំខាន់ចំនួន៣ដែលអ្នកគួរធ្វើពេលជាប់បំណុលគេច្រើនកន្លែងដើម្បីរកផ្លូវដោះបំណុលទាំងនោះឲ្យជោគជ័យ។

 

. បើកចិត្តហ៊ានសុំម្ចាស់បំណុល

គាត់បានបង្ហើបថាក្នុងករណីដែលបងប្អូនផុងខ្លួនក្នុងបំណុលច្រើនរហូតដល់ពិបាកសងឬអស់លទ្ធភាពបង់សង អ្នកត្រូវហ៊ានបើកចិត្តចរចាជាមួយម្ចាស់បំណុលដោយសុំម្ចាស់បំណុលផ្អាកបង់ការ ហើយស្នើសុំបង់ជាដំណាក់កាល។ ត្រង់នេះបើអ្នកមានឆន្ទះក្នុងការសងដោយមិនគេចវេសនោះម្ចាស់បំណុលនឹងមានការយោគយល់ច្រើននិងព្រមសម្រួលសម្រាប់អ្នកជំពាក់បំណុលជាមិនខាន។

 

. រាយឈ្មោះម្ចាស់បំណុលទាំងអស់ដាក់លើក្រដាស

សម្រាប់អ្នកជំពាក់បំណុលច្រើនកន្លែងគាត់ណែនាំឲ្យរាយឈ្មោះម្ចាស់បំណុលទាំងអស់ដាក់លើក្រដាស។ ឧទាហរណ៍ម្ចាស់បំណុលទី១,២,៣,៤…… ជាដើម។ បន្ទាប់មកចរចាសុំឈប់បង់ការប្រាក់តែសុំបង់តែដើមសិនទៅកាន់ម្ចាស់បំណុលដែលអ្នកបានរាយឈ្មោះលើក្រដាសនោះ។ ត្រង់នេះ យុន ចាន់លីកាបានបញ្ជាក់ផងដែរថាសម្រាប់ម្ចាស់បំណុលណាដែលពិបាកចរចានិងពិបាកនិយាយជាងគេគឺយើងត្រូវដោះឲ្យបានមុនគេ។

 

. ដោះបំណុលពីតូចទៅធំ

 យុន ចាន់លីកា បានបង្ហើបថាបើជាប់បំណុលច្រើនកន្លែងអ្នកគួរប្រើក្បួន snowball ពោលគឺដោះបំណុលពីតូចទៅធំទើបពួកគាត់អាចដោះបានជោគជ័យ។ ក្បួនដោះបំណុលពីតូចទៅធំនេះគឺជាក្បួនដ៏ពេញនិយមដែលពលរដ្ឋខ្មែរក៏ដូចជាបរទេសតែងតែប្រើក្នុងការដោះបំណុលព្រោះការដោះបំណុលពីតូចទៅធំធ្វើឲ្យអ្នកមានទុកចិត្តក្នុងការដោះព្រោះអ្នកឃើញបំណុលរបស់អ្នកកាន់តែថយទៅៗបន្តិចម្ដងៗ។

 

ជាចុងក្រោយ យុន ចាន់លីកាបានផ្ដាំថាបងប្អូនត្រូវស្គាល់ពាក្យថាបំណុលអាក្រក់ឲ្យច្បាស់ ហើយត្រូវចេះថ្លឹងថ្លែងចំណូលរបស់យើងធៀបទៅនឹងការប្រាក់កម្ចីមុននឹងយើងសម្រេចចិត្តខ្ចីលុយចៀសវាខ្ចីហើយធ្លាក់ខ្លួននៅក្នុងបញ្ហាកាន់តែជ្រៅ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia