ធនាគារធំ១ ប្រកាសរើសអ្នកចូលរួមហាត់ការ៤០០នាក់ ពេលចប់មានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិ
Toeuy HongMARCH 19 2025589 views

ធនាគារវីងដែលជាធនាគារពាណិជ្ជដ៏ធំមួយនៅកម្ពុជាបានប្រកាសជ្រើសរើសយុវជនជាពិសេសសិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យ  និងនិស្សិតសាកលវិទ្យាល័យចំនួន៤០០នាក់អាចដាក់ពាក្យចូលរួមដោយឥតគិតថ្លៃក្នុង“កម្មវិធីអភិវឌ្ឍន៍អ្នកហាត់ការ” របស់ធនាគារ វីង ចាប់ពីថ្ងៃនេះផ្សាយដំណឹងនេះតទៅ។

 

បើយោងតាមសេចក្ដីប្រកាសដែល Business Cambodia ទទួលបានពីធនាគារវីងបានបញ្ជាក់ថា” កម្មវិធីអភិវឌ្ឍន៍អ្នកហាត់ការ” នេះមានគោលបំណងជួយកសាងធនធានយុវជនកម្ពុជាឱ្យមានសមត្ថភាពគ្រាប់គ្រាន់ដើម្បីចូលរួមអភិវឌ្ឍ សហគមន៍ តាមរយៈការបណ្តុះបណ្តាល និងអនុវត្តការងារដោយផ្ទាល់នៅធនាគារ វីង​ ដែលជាគ្រឹះដ៏សំខាន់ក្នុងការតម្រង់ទិសដៅសម្រាប់អាជីពការងាររបស់ពួកគេនាពេលអនាគត។ ហើយជាពិសេសក្រោយបញ្ចប់វគ្គសិក្សាដោយជោគជ័យ សិក្ខាកាមនឹងទទួលបានឱកាសការងារជាបុគ្គលិកពេញសិទ្ធនៅធនាគារ វីង ថែមទៀតផង។

 

លើសពីនេះ កម្មវិធីនេះផ្តោតលើតួនាទីជាច្រើនដូចជា៖ បុគ្គលិកផ្នែកប្រឹក្សាសេវាធនាគារ បុគ្គលិកប្រតិបត្តិការនៅតាមសាខា បេឡាករ មន្ត្រីផ្នែកសេវាកម្មអតិថិជន មន្ត្រីប្រឹក្សាសេវាកម្មអតិថិជន និង មន្ត្រីផ្នែកវិភាគទិន្នន័យ ជាដើម។ ហើយសិក្ខាកាមនឹងទទួលបានការបណ្តុះបណ្តាលជំនាញទន់ ជំនាញបច្ចេកទេសទាក់ទងនឹងមុខតំណែង និងការអនុវត្តការងារដោយផ្ទាល់ជាមួយគ្រូបង្វឹកដែលមានជំនាញនិងបទពិសោធន៍ច្បាស់លាស់។

 

ចំពោះលក្ខខណ្ឌចូលរួមកម្មវិធីហាត់ការរបស់ធនាគារវីង បេក្ខជនត្រូវមានអាយុយ៉ាងតិច 18ឆ្នាំ ហើយបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ (ជាប់បាក់ឌុប) ឫជានិសិត្សកំពុងបន្តការសិក្សានៅសកលវិទ្យាល័យនានា កម្មវិធីនេះដំណើរការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច ហើយផ្ដល់អាទិភពពដល់បេក្ខជនដែលមានស្ថានភាពលំបាក ដោយធានាបានថាយុវជនមកពីគ្រួសារខ្វះខាតមានឱកាសជោគជ័យ និងអនាគតភ្លឺស្វាងដូចយុវជនដទៃទៀតដែរ។

 

ចំពោះដំណើរការនៃការទទួលពាក្យ និងជ្រើសរើសបេក្ខជន ធនាគារ វីង នឹងចុះដោយផ្ទាល់ទៅកាន់គ្រប់ខេត្ត-ក្រុង ហើយដើម្បីសម្រួលភាពងាយស្រួល បេក្ខជនទាំងអស់ក៏អាចដាក់ពាក្យតាមអនឡាញបានផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមស្កេន QR Code ខាងក្រោម ឬទាក់ទងក្រុមការងារនៃនាយកដ្ឋានធនធានមនុស្សរបស់ធនាគារ វីង តាមរយៈទូរសព្ទលេខ​ ០៧៨ ៧០៩ ៦០៦។ សម្រាប់បច្ចុប្បន្នភាពជាបន្តបន្ទាប់របស់កម្មវិធី សូមតាមដានទំព័រ Facebook និង ឆានែល Telegram របស់ Wingers Life and Careers៕

ស្គែនទីនេះដើម្បីដាក់ពាក្យ

Scan

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia