ខេត្ដបាត់ដំបង គ្រោងនឹងបញ្ចប់ការងារវាស់វែងដីជូនពលរដ្ឋ នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ដបាត់ដំបង នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិបឹងបី និងភូមិព្រែកអាំ ឃុំរបស់មង្គល ស្រុកមោងឫស្សី នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
យោងតាមរបាយការណ៍លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីនៅក្នុងខេត្តបាត់ដំបងបានរៀបចំក្រុមចុះបញ្ជីចំនួន១១ក្រុម មានកម្លាំងសរុបចំនួន២២០នាក់។ការអនុវត្តការងារចុះបញ្ជីបង្ហើយក្បាលដីបានអនុវត្តចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សម្រេចបានការវាស់វែងក្បាលដីចំនួន១៨៧ ៧១៤ក្បាលដី។ក្បាលដីដែលត្រូវវាស់វែងបង្ហើយមានចំនួន៧៩ ៣៣៧ក្បាលដីទៀត គ្រោងនឹងបញ្ចប់ការវាស់វែងនៅត្រឹមខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការវាស់វែង និងចេញប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រួចរាល់ដើម្បីឈានទៅបញ្ចប់បញ្ហាទំនាស់ដីធ្លី។
ឯកឧត្តម សុខ លូ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវរក្សាដីធ្លីដែលទទួលបានកម្មសិទ្ធិនេះឱ្យបានល្អ កុំលក់ដូរប្រសិនបើមិនមានការចាំបាច់ ដើម្បីទុកសម្រាប់ប្រើប្រាស់បង្កបង្កើនផល និងចែកជូនដល់កូនចៅជំនាន់នាន់ក្រោយក៏ដូចជារក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃ ខណៈដីធ្លីពិតជាសំខាន់ខ្លាំងណាស់ព្រោះមនុស្សមានកំណើនឡើងជាបន្តបន្ទាប់ប៉ុន្តែដីធ្លីមិនកើននោះទេ៕