មាសឡើងថ្លៃកប់ពពកដល់៣,៦៦៥$ក្នុង១តម្លឹង តើគួរទិញឬលក់ចេញ? តស់មកស្ដាប់ការណែនាំរបស់អ្នកជំនាញ
Toeuy HongMARCH 19 20252.5 K views

 ហាងឆេងមាសអន្តរជាតិបានបំបែកកំណត់ត្រាថ្មីក្នុងប្រវិត្តិសាស្រ្តដោយគិតត្រឹមថ្ងៃនេះមាសលើទីផ្សារអន្តរជាតិឡើងដល់៣,០៤៣ដុល្លារក្នុងមួយអោន( ស្មើនឹង៣,៦៦៥ដុល្លារក្នុងមួយតម្លឹង)។ នេះបើយោងតាមវេបសាយGoldprice។

 

លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយបល់ហិរញ្ញវត្ថុនិងជាប្រធានផ្នែកលក់នៃក្រុមហ៊ុន PP Link Securities ដែលជាក្រុមហ៊ុនផ្ដល់ការប្រឹក្សាលើការវិនិយោគហាងឆេងមាសបានឲ្យដឹងថា មានកត្តាមួយចំនួនដែលរុញឲ្យមានបន្តឡើងថ្លៃ ដោយក្នុងនោះដែរកត្តាចម្បងដែលធ្វើឲ្យមាសឡើងថ្លៃគឺតម្រូវការមាសមានការកើនឡើង។ ជាក់ស្ដែងចាប់ពីចូលឆ្នាំចិនមកតម្រូវការមាសសុទ្ធ មាសគីឡូមានការកើនឡើង។

Chay1

លោកបានបន្តទៀតថា ក្រៅពីតម្រូវការមាស អស្ថិរភាពនយោបាយ បញ្ហាសង្រ្គាមក៏ដូចភាពតានតឹងផ្នែកពាណិជ្ជតាមរយៈការដាក់ពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិកក៏ជាកត្តាដែលធ្វើឲ្យមាសកាន់តែមានភាពទាក់ទាញ។ កត្តាទាំងនេះជារួមគឺបង្ហាញពីអស្ថិរភាពសេដ្ឋកិច្ចនិងនយោបាយដែលធ្វើឲ្យអ្នកវិនិយោគធំៗមិនចង់កាន់លុយនោះទេ ដូច្នេះពួកគាត់បង្វែរដើមទុនទៅជាមាសដើម្បីសុវត្ថិភាពតាមរយៈការលក់ដុល្លារទៅទិញមាសដែលជាលទ្ធផលធ្វើឲ្យមាសកាន់តែឡើងថ្លៃ។

 

ចុះបើហាងឆេងមាសកំពុងតែឡើងថ្លៃកប់ពពក តើពេលនេះយើងគួរទិញមាសឬលក់មាសចេញ?

 

ទាក់ទងនឹងសំណួរខាងលើ លោក ឈា ឆាយហេងបានលើកឡើងថាតាមការយល់ឃើញរបស់លោក តម្លៃមាសអាចនឹងបន្តហក់ឡើងទៀតពោលគឺអាចនឹងឡើងពី៣១០០ដុល្លារទៅ៣២០០ដុល្លារក្នុងមួយអោន។

 

 យ៉ាងណាមិញលោកមិនមែននាំឲ្យបុកទិញក្នុងតម្លៃថ្លៃបែបនេះទេព្រោះនៅយប់នេះនឹងមានការប្រកាសពីគោលនយោបាយអត្រាការប្រាក់ពីធនាគារកណ្ដាលរបស់អាមេរិក ហើយប្រសិនបើធនាគារកណ្ដាលអាមេរិកនៅរក្សាអត្រាការប្រាក់ដុល្លារនៅ៤.៥%ដដែលនោះ ប្រាក់ដុល្លារអាចងើបឡើងលើបន្តិចហើយមាសអាចនឹងចុះវិញ។

 

ដូច្នេះហើយលោកណែនាំថាគួរតែរង់ចាំការប្រកាសពីអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកហើយបើមាសចុះថ្លៃគួរសមចាំទិញវិញគឺល្អ។ ចំពោះតម្លៃបច្ចុប្បន្នដែលជាតម្លៃល្អគួរទិញគឺនៅតម្លៃ២៤៩០ដុល្លារក្នុងមួយអោន។

 

សម្រាប់អ្នកចង់ស្វែងយល់និងវិនិយោគលើហាងឆេងមាសឲ្យបានផលចំណេញ លោក ឈា ឆាយហេងលើកឡើងថាពួកគាត់គួរសិក្សាស្វែងយល់ ជាពិសេសគួរមានចំណេះដឹងផ្នែកហិរញ្ញវត្ថុងនិងផ្នែកវិភាគទីផ្សារ។ លើសពីនេះពួកគាត់ក៏អាចស្វែងរកអ្នកប្រឹក្សាដែលជាអ្នកជំនាញក្នុងការវិភាគទីផ្សារជូនពួកគាត់៕

Mmm

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia