លោក Hal Elord គឺជាអ្នកនិពន្ធនិងជាវាគ្មិនមួយរូបផងដែរ។ សៀវភៅដ៏ល្បីល្បាញមួយក្បាលដែលលោកបាននិពន្ធឡើងគឺមានចំណងជើងថា The Miracle Morning ឬអាចបកប្រែជាភាសាខ្មែរថា ពេលព្រឹកព្រលឹមដ៏អស្ចារ្យ។
កាលពីឆ្នាំ២០០៧ ដែលពិភពលោកជួបវិបត្តិហិរញ្ញវត្ថុសកល ពេលនោះលោកក៏ជួបវិបត្តិហិរញ្ញវត្ថុដូចគ្នា ដោយលោកបានខ្វះប្រាក់ដើម្បីបង់ទៅលើវិក័យបត្រចំណាយផ្សេងៗ ហើយការចំណាយដ៏ធំរបស់លោកគឺការបង់ប្រាក់កម្ចីទិញផ្ទះ ដែលបានធ្វើឱ្យជីវិតរបស់លោកធ្លាក់ទៅក្នុងបំណុលរហូតដល់ទៅ ៤២៥០០០ ដុល្លារ។
យ៉ាងណាមិញ ក្រោយមកលោកបានអាចសៀវភៅមួយក្បាលរបស់លោក Jim Rohn ដែលបាននិយាយពាក្យដ៏មានអត្ថន័យមួយឃ្លាថា “កម្រិតនៃភាពជោគជ័យរបស់អ្នកគឺនឹងមិនអាចលើសពីកម្រិតនៃការអភិវឌ្ឍខ្លួនរបស់អ្នកនោះទេ ព្រោះភាពជោគជ័យគឺជាអ្វីដែលអ្នកអាចទាក់ទាញវាបានតាមរយៈការអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សបែបណាមួយ”។ ក្រោយពីយល់ពីអានពាក្យមួយឃ្លានេះហើយ លោកក៏ចាប់ផ្ដើមខិតខំស្រាវជ្រាវពីវិធីសាស្ត្រផ្សេងៗ ដើម្បីអភិវឌ្ឍន៍ខ្លួនឯងឡើងវិញ រហូតដល់លោកអាចបង្កើតចេញជាទម្លាប់ពេលព្រឹកមួយដែលជួយឲ្យលោកផ្លាស់ប្ដូរនិងដោះបំណុលអស់ពីខ្លួន។ ទម្លាប់ទាំងនេះលោកបានដាក់ថា S.A.V.E.R.S។
១. Silence (S)៖ មានន័យថា ភាពស្ងៀមស្ងាត់ ដែលដំបូងឡើយនៅពេលដែលលោកក្រោកពីដំណេកលោកត្រូវ អង្គុយតាំងសមាធិដើម្បីធ្វើចិត្តឱ្យស្ងប់ កាត់បន្ថយអារម្មណ៍ស្ត្រេសមុននឹងចាប់ផ្ដើមថ្ងៃថ្មីរបស់លោក។ នៅក្នុងចំណុចនេះអ្នកអាចធ្វើការតាំងសមាធិ ធ្វើការបួងសួងដល់អ្វីដែលអ្នកមានជំនឿ ធ្វើការដឹងគុណដល់អ្វីៗដែលមានគុណលើអ្នក ដងដង្ហើមឱ្យបានវែងៗ ឬឆ្លុះបញ្ចាំងពីខ្លួនឯងអំពីអ្វីដែលអ្នកបានធ្វើជាដើម។
២. Affrimation (A)៖ មានន័យថា ការប្រើពាក្យល្អៗបញ្ជាក់ប្រាប់ខ្លួនឯង។ អ្នកអាចសរសេរពាក្យល្អៗដែលអ្នកនឹងប្រើដើម្បីបញ្ជាក់ប្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃ។ អ្វីដែលអ្នកគួរសរសេរគឺ តើអ្វីដែលអ្នកពិតជាចង់បានខ្លាំងបំផុត? ហេតុអ្វីបានជាអ្នកចង់បានវា? តើអ្នកត្រូវធ្វើខ្លួនបែបណាដើម្បីទទួលបានវា? ធ្វើការប្ដេជ្ញាចិត្តចំពោះសកម្មភាពអ្វីខ្លះដែលអ្នកនឹងធ្វើដើម្បីទទួលបានវា។
៣. Visualization (V)៖ មានន័យថាស្រមៃឱ្យឃើញជារូបភាព។ នៅក្រោយពេលដែលអ្នកប្រើពាក្យល្អៗ និងនិយាយចេញនូវអ្វីដែលអ្នកចង់បានហើយ អ្នកត្រូវធ្វើការស្រមៃអំពីវាឱ្យចេញជារូបភាពផងដែរ។ ប្រសិនបើអ្នកចង់បានអ្វីអ្នកអាចស្រមៃថាអ្នកកំពុងតែទទួលបានវា និងទទួលអារម្មណ៍រំភើបផ្សេងៗពេលដែលអ្នកជោគជ័យជាដើម។ ការស្រមៃថាអ្នកកំពុងទទួលបាននូវអ្វីដែលអ្នកចង់បាន គឺវានឹងផ្ដល់នូវថាមពល និងជំនឿចិត្តឱ្យអ្នកដើម្បីសម្រេចនូវរាល់អ្វីៗដែលអ្នកចង់បាន។
៤. Exercise (E)៖ មានន័យថា ការហាត់ប្រាណ។ អ្នកត្រូវធ្វើការហាត់ប្រាណដើម្បីឱ្យឈាមក្នុងខ្លួនរបស់អ្នករត់ល្អ និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លាមុននឹងចាប់ផ្ដើមថ្ងៃថ្មី។ អ្នកអាចជ្រើសរើសនូវប្រភេទលំហាត់ប្រាណផ្សេងៗដែលអ្នកចូលចិត្ត ដើម្បីឱ្យអ្នកមានអារម្មណ៍ល្អក្នុងការធ្វើវា និងមិនមានភាពធុញទ្រាន់។
៥. Reading (R)៖ មានន័យថា ការអាន។ បន្ទាប់ពីហាត់ប្រាណហើយ អ្នកត្រូវចាប់ផ្ដើមអាន។ អ្នកអាចអាននូវសៀវភៅផ្សេងៗដែលអ្នកចូលចិត្ត និងត្រូវជាមួយនឹងគោលដៅដែលអ្នកចង់សម្រេចបាន។ សម្រាប់អ្នកថ្មីៗដែលមិនសូវចូលចិត្តការអាន លោកផ្ដល់ជាយោបល់ថាគួរតែធ្វើការប្ដេជ្ញាចិត្តដាក់គោលដៅអានឱ្យបានយ៉ាងហោចណាស់ ១០ទំព័រឡើងដែរ ឬនិយាយមួយបែបទៀតអានយ៉ាងតិច ៣០នាទីជាប្រចាំ។
៦. Scribling (S)៖ មានន័យថា ការសរសេរ។ បន្ទាប់ពីអានចប់អ្នកត្រូវសរសេរចូលនូវរាល់ចំណុចសំខាន់ៗ ឬចំណេះដឹងថ្មីៗដែលអ្នកទទួលបានចូលទៅក្នុងក្រដាស ឬកូនសៀវភៅរបស់អ្នក។ ការសរសេរវាអាចធ្វើឱ្យអ្នកចងចាំបានយូរ ចំណេញពេលវេលា និងងាយស្រួលក្នុងការស្វែងរកវា។ ជាចុងក្រោយនៅពេលដែលអ្នកទទួលបាននូវអ្វីថ្មីៗ កុំភ្លេចព្យាយាមយកវាទៅអនុវត្តន៍ផងព្រោះចំណេះដឹងដែលមិនបានយកវាទៅអនុវត្តន៍គឺវាគ្មានន័យនោះទេ។
ជាសង្ខេបមកវិញនេះគឺជាបទពិសោធន៍ក៏ដូចជាទម្លាប់របស់លោក Hal Elrod ដែលជីវិតរបស់់លោកបានធ្លាក់ដល់បាត បន្ទាប់មកក្រោយពីពេលដែលលោកបានរកឃើញនៅទម្លាប់ទាំងអស់នេះ ហើយបានយកវាទៅអនុវត្តន៍ធ្វើឱ្យជីវិតរបស់លោកមានការប្រែប្រួលល្អប្រសើរជាងមុន ការងារក៏ចាប់ផ្ដើមរីកចម្រើនទៅមុខ ចំណូលក៏កើនឡើងច្រើនជាងមុន និងអាចរំដោះខ្លួនចេញពីបំណុលជាង ៤០ម៉ឺនដុល្លារទៀតផង។
លោកបាននិយាយថាក្រោយពេលដែលលោកយកទម្លាប់ទាំងនេះមកអនុវត្តន៍គឺ ជីវិតរបស់លោកបានល្អប្រសើរជាងជីវិតរបស់លោកកាលពីមុនកើតមានវិបត្តិសេដ្ឋកិច្ចនៅអាមេរិកនោះទៅទៀត។ ជាចុងបញ្ចប់ ក្រោយពេលដែលមិត្តអ្នកអានបានដឹងពីទម្លាប់ដ៏អស្ចារ្យទាំង ៦របស់លោក Hal Elrod ដែលលោកប្រើដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យប្រសើរឡើង និងអាចរកចំណូលបានជាច្រើន រហូតដល់អាចដោះបំណុលដែលខ្លួនជំពាក់គេចំនួន ៤២៥០០០ ដុល្លារបាន លោកអ្នកក៏អាចយកទម្លាប់ទាំងនោះទៅអនុវត្តន៍តាមផងដែរ ដើម្បីអាចកែប្រែខ្លួនឯងឱ្យក្លាយជាមនុស្សម្នាក់ដែលមានសមត្ថភាពខ្ពស់ អាចរកចំណូលបានកាន់តែច្រើនដើម្បីអាចដោះបំណុល និងកសាងនូវទ្រព្យសម្បត្តិឱ្យកាន់តែមានជីវភាពធូរធារផងដែរ៕