ក្រសួងមុខងារសាធារណៈ បានជូនដំណឹងថា រដ្ឋាភិបាលសម្រេចផ្តល់ប្រាក់ឧបត្ថម្ភពីលើប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល សម្រាប់ខែមេសានិងខែឧសភា ឆ្នាំ២០២៥ នេះចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀលក្នុងម្នាក់។
តាមរយៈការជូនដំណឹងខាងលើ ក្រសួងមុខងារសាធារណៈ សូមឱ្យគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើក ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុប ប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។
បន្ថែមពីនោះត្រូវរៀបចំ បើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៥ ឱ្យបានក្នុងសប្តាហ៍ទី១នៃខែឧសភា និងលើកទី២ឱ្យបាន ក្នុងសប្តាហ៍ទី៣នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៥ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។
សូមរំលឹកជូនថាបើយោងតាមអនុក្រឹត្យចុះនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការម្នាក់ ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យពិធីបុណ្យជាតិធំៗពីរ រួមមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និង ពិធីបុណ្យភ្ជុំបិណ្ឌ ជារៀងរាល់ឆ្នាំ៕
អត្ថបទដោយ៖ ពីង ជូអេង