បច្ចុប្បន្ននេះ Tiktok បានក្លាយជាវេទិកាដ៏ពេញនិយម ជំរុញមនុស្សឱ្យល្បីនិងរកចំណូលបាន។ ក្នុងនោះក៏មានយុវជនវ័យក្មេង ប្រុសស្រីពីររូបគឺ Khaby Lame និង Charlida melio អាចកសាងអ្នកតាមដានពី 0 នាក់ឡើងដល់ជាង១៦០លាននាក់ Followers ដោយផ្តើមចេញពីការលេង Tiktok ។
យ៉ាងណាមិញយុវជន Khaby Lame វ័យ២៤ឆ្នាំ ជាតារា Tiktok ជនជាតិសេណេហ្គាល់កាត់អ៊ីតាលី ដែលមាន Followers ច្រើនជាងគេបំផុតលើពិភពលោក រហូតដល់ចំនួន១៦២លាននាក់ និងអាចរកចំណូលបានរហូតដល់៧៥ម៉ឺនដុល្លារ ក្នុងមួយ Brand Sponsor នៅលើ Tiktok ។
Khaby Lame មានតិចនិកពិសេសផ្ទាល់ខ្លួនសម្រាប់លេង Tiktok តាំងពីឆ្នាំចាប់ផ្តើម២០២២ នោះគឺធ្វើមាតិកាវីដេអូដែលសាមញ្ញ ងាយស្រួលយល់ ហើយបញ្ជាក់ឱ្យឃើញច្បាស់ៗអំពីភាពជាខ្លួនឯង និងមានអត្តសញ្ញណផ្ទាល់ខ្លួន។
ពោលគឺលោកមិននិយាយហើយធ្វើតែកាយវិការក៏អាចក្លាយជាមាតិកា ទាក់ទាញចំណាប់អារម្មណ៍អ្នកចូលចិត្តទស្សនាទឹកមុខកំប្លែងរបស់លោកដែរ ទោះជាលក្ខណៈសម្បត្តិរបស់លោកមិនមែនជាស្តង់ដារសង្គមកំណត់ក្តី។
ទន្ទឹមនឹងនេះដែរយុវតី Charlida Melio វ័យ២០ឆ្នាំ ជាតារា Tiktok ជនជាតិអាមេរិកដែលមាន Followers ចំនួន ១៥៧លាននាក់និងរកចំណូលបានរហូតដល់២៥ម៉ឺនដុល្លារ ក្នុងមួយ Sponsor របស់នាងកាលពីឆ្នាំ២០២៤។
Charlida Melio មានតិចនិកពិសេសផ្ទាល់ខ្លួន សម្រាប់លេង Tiktok តាំងពីឆ្នាំចាប់ផ្តើម២០១៩ ហើយអាចរកចំណូលបានពីការធ្វើវីដេអូនោះគឺ នាងហ៊ានទេពកោសល្យដែលនាងមាន ពោលគឺការរាំដែលមានក្បាច់រស់រវើក អាចទាក់ទាញយុវវ័យដែលស្រឡាញ់ការរាំដូចជានាង ហើយនាងទាញការប្រម៉ូតផលិតផលថែរក្សាសម្រស់ជាប្រចាំ ព្រោះនាងក៏តែងបង្ហាញអំពីការថែរក្សារាងនិងសម្រស់ដើម្បីឱ្យរាំបានស្អាតផងដែរ។
ដូច្នេះដោយសារតែភាពក្លាហានបញ្ចេញ សក្តានុពលដែលខ្លួនមាននិងចេះរំលេចនូវទេពកោសល្យរបស់ខ្លួន ឱ្យមានភាពលេចធ្លោ ស្វែងរកអ្វីដែលជាចំណុចខុសប្លែកពីគេនោះ គឺជាចំណុចដែលដឹកនាំឱ្យយុវជនទាំងពីររូបនេះអាចលេង Tiktok ទាញចំណូលបាន៕
អត្ថបទដោយ៖ ពីង ជូអេង