សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាល ធ្វើការ អភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅទិសខាងលិច ពិសេសនៅខេត្ដបាត់ដំបង បន្ទាយមានជ័យ និងខេត្ដពោធិ៍សាត់ ដើម្បីធានាដល់ការងារ និងផលិត ព្រមទាំងលើកកម្ពស់ផលិតផលក្នុងស្រុក។
ថ្លែងក្នុងពិធី “ទិវាមច្ឆជាតិ លើកទី២០” នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីមានបានប្រសាសន៍ថា «យើងបានដាក់គោលនយោបាយលើកទឹកចិត្ដការវិនិយោគឆ្នាំនេះនៅទិសឦសាន្ដ ឥឡូវឲ្យរៀបចំក្របខណ្ឌគោលនយោបាយថ្មីទៀត រុញទៅជំរុញកសិ-ឧស្សាហកម្ម ជាពិសេសនៅទិសខាងលិចរបស់យើង»។
សម្ដេចបន្ដថា «កសិកម្មមិនអាចនិយាយតែពីការដាំដុះ ហើយយកលក់ផលិតផលធាតុដើមនោះទេ ត្រូវតែនិយាយទៅដល់ការអភិវឌ្ឍកសិ-ឧស្សាហកម្ម ជំរុញការកែច្នៃក្នុងប្រទេសដើម្បីរុញចេញទៅក្រៅ។ ហើយខេត្ដខាងលិចរបស់យើង បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ភ្ជាប់មកខាងក្រោម ដែលយើងដាក់ថា ច្រករបៀងមច្ឆា និងអង្ក ដែលអភិវឌ្ឍន៍រួចគ្នាជាមួយចិន។
សម្ដេចធិបតីក៏បានលើកឡើងដែរថា បច្ចុប្បន្នផលិតផលមួយចំនួនដូចចជា ទុរេន តាង៉ែន និងផលិតផលមួយចំនួនទៀត គឺបានរុញចេញពីខេត្ដនៅទិសខាងលិចនេះ ឆ្ពោះទៅកាន់ទីផ្សារប្រទេសចិន និងផ្សាយប្រទេសដទៃផ្សេងទៀត។ ព្រមជាមួយគ្នានេះរាជរដ្ឋាភិបាលក៏នឹងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតទៅកាន់តំបន់នោះផងដែរ៕