លោក ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋសិង្ហបុរីនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកម្ពុជា នៅស្អែកនេះ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ស្របពេលខួបទី៦០ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជានិងសិង្ហបុរី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការបរទេសកម្ពុជា។
យ៉ាងណាមិញបើយោងតាមការចុះផ្សាយរបស់ Forbes បានឱ្យដឹងថាគិតត្រឹមឆ្នាំ២០២៥នេះ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong គឺជានាយករដ្ឋមន្រ្តី ដែលមានប្រាក់ខែខ្ពស់ជាងគេនៅលើពិភពលោកជាមួយនឹងប្រាក់ខែប្រចាំឆ្នាំ១.៦លានដុល្លារអាមេរិកឬស្មើនឹង២.២លានដុល្លារសិង្ហបុរី។
ក្នុងនោះអ្នកដឹកនាំបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលមានប្រាក់ខែច្រើនជាប់ចំណាត់ថ្នាក់ទីពីរគឺប្រធានាធិបតីស្វីស លោក Karin Keller-Sutter ដែលមានប្រាក់ខែប្រហែល ៥៥៣០០០ដុល្លារអាមេរិក។ ដោយបេក្ខភាពអ្នកដឹកនាំទី៣គឺប្រធានាធិបតីអាមេរិកលោក Donald Trump ដែលជាប់ចំណាត់ថ្នាក់ទី៣លើពិភពលោកមានប្រាក់ខែគោល ៤០០០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
លោក Lawrence Wong គឺជាអ្នកដឹកនាំជំនាន់ទី៤របស់សិង្ហបុរី ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់សិង្ហបុរីបន្តពីកូនប្រុសរដ្ឋបុរសសិង្ហបុរីលី ក្វាន់យូ គឺ លោក លី ស៊ាងឡុង កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤។ អ្នកដឹកនាំឆ្នើមវ័យ៥១ឆ្នាំរូបនេះធ្លាប់មានបទពិសោធន៍ការងារជា រដ្ឋមន្ត្រីក្រសួងអប់រំ និងការពារជាតិ ព្រមទាំងជាប្រធានអាជ្ញាធររូបិយវត្ថុដែលជាធនាគារកណ្តាលរបស់សិង្ហបុរី មុនពេលចូលកាន់តំណែងជានាយករដ្ឋមន្រ្តី។
មុនកាន់ការងារលោកបានទទួលការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យចំនួន៣ផ្សេងគ្នានៅសហរដ្ឋអាមេរិក។
សូមរំលឹកថាប្រទេសសិង្ហបុរីត្រូវបានគេចាត់ទុកថាជាដែនកោះដ៏តូចតែលេចធ្លោមួយ ដែលមានកំណើនសេដ្ឋកិច្ចល្អ ប្រជាជនមានប្រាក់ចំណូលខ្ពស់ សម្បូរបញ្ញាវន្តនិងយុវជនដែលមានជំនាញនិងការអប់រំកំពូលផ្នែកវិទ្យាសាស្រ្តនិងភាសាអង់គ្លេសល្អបំផុតនៅអាស៊ាននិងសកលលោក។
បន្ថែមពីនេះសិង្ហបុរីក៏ជាដែនដីដែលសម្បូរអ្នកជំនួញ អ្នកវិនិយោគនិងជាជ្រមុកមហាសេដ្ឋីនៅអាស៊ីផងដែរ ដោយគិតត្រឹមឆ្នាំ២០២៥នេះ សិង្ហបុរីនៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្មសកលដ៏មានប្រជាប្រិយភាពនិងមមាញឹកលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ៕
អត្ថបទដោយ៖ ពីង ជូអេង