ធ្វើការបាន១០ឆ្នាំនៅ? សញ្ញា៥បង្ហាញថា អ្នកជាបុគ្គលិកចាស់ទុំម្នាក់ ក្នុងការងារនិង​នៅកន្លែងធ្វើការ
Ping Chou EngJULY 1 2025233 views

ពេលខ្លះភាពចាស់ទុំមិនសម្តៅលើអាយុ តួនាទី​និងទ្រព្យសម្បត្តិទេ។ យ៉ាងណាមិញបុគ្គលិកដែលមានភាពចាស់ទុំក្រៅពីមានជំនាញការងារស្នូលរឹងមាំក្នុងខ្លួន ក្នុងនោះពួកគេក៏មានសញ្ញាសំខាន់ៗចំនួន៥យ៉ាងដូចខាងក្រោម ​ដែលងាយសម្គាល់បានថា គេជាបុគ្គលិកចាស់ទុំម្នាក់ ក្នុងការងារនិង​នៅកន្លែងធ្វើការ។

. ចេះឆ្លើយតប៖​ មនុស្សចាស់ទុំគឺជាបុគ្គលដែលមានភាពឆ្លាតវៃក្នុងការឆ្លើយតប នៅគ្រប់កាលៈទេសៈ។ ដូច្នេះសញ្ញាដែលបុគ្គលិកមានភាពចាស់ទុំក្នុងការងារ គឺពួកគេជាមនុស្សដែលចេះឆ្លើយតបជាមួយបញ្ហានិងការងារបានយ៉ាងត្រឹមត្រូវ។ បុគ្គលិកចាស់ទុំពួកគេចេះនិយាយអរគុណដោយក្តីដឹងគុណ ចេះនិយាយបដិសេធថាទេ​ដោយមិន​ឱ្យគេខឹង និងចេះឆ្លើយតបទង្វើជាមួយការងារប្រកបដោយទំនួលខុសត្រូវ។

. ចេះបែងចែកបញ្ហា៖​ មនុស្សចាស់ទុំនឹងធ្វើឱ្យបញ្ហាធំក្លាយជាតូច បញ្ហាតូចក្លាយជាគ្មានបញ្ហា។ ដូច្នេះសញ្ញាដែលបុគ្គលិកមានភាពចាស់ទុំក្នុងការងារ គឺពួកគេជាមនុស្សដែលចេះបែងចែកនិងស្វែងរកដំណោះស្រាយឱ្យសមជាមួយបញ្ហា។ បុគ្គលិកចាស់ទុំពួកគេចេះដោះបញ្ហាដោយឯករាជ្យ ចេះរំលែកបញ្ហាតាមតួនាទីដោយទំនួលខុសត្រូវ ព្រោះគេយល់ថាបញ្ហានៅកន្លែងធ្វើការ​មិនមែនជារបស់មនុស្សតែម្នាក់នោះទេ។

. ចេះគូសបន្ទាត់ព្រំដែន៖ មនុស្សចាស់ទុំគឺជាបុគ្គលដែលចេះកំណត់ខ្សែបន្ទាត់ព្រំដែនរវាងខ្លួនឯងនិងបរិយាកាសសង្គម។ ដូច្នេះសញ្ញាដែលបុគ្គលិកម្នាក់មានភាពចាស់ទុំក្នុងការងារគឺពួកគេជាមនុស្សដែលចេះបែងចែករឿងផ្ទាល់ខ្លួននិងរឿងការងារដាច់ពីគ្នា មិនប្រើអារម្មណ៍ មិនអាងខ្សែឬបក្សពួក ព្រោះពួកគេយល់ថាការមិនយករឿងខ្លួនឯងពាក់ព័ន្ធការងារ មិនយកការងារពាក់ព័ន្ធរឿងខ្លួនឯង ទើបលទ្ធផលល្អ។

. ចេះច្រោះមតិរិះគន់៖ មនុស្សចាស់ទុំគឺជាបុគ្គលដែលចេះយកស្តាប់និងចម្រាញ់យកមតិគ្រប់ប្រភេទ។ ដូច្នេះសញ្ញាដែលបុគ្គលិកមានភាពចាស់ទុំក្នុងការងារ គឺពួកគេជាមនុស្សដែលចេះទទួលយកមតិរិះគន់គ្រប់ប្រភេទ​ ប៉ុន្តែចេះច្រោះយកមតិល្អៗមកធ្វើជាស្ពាន។ ពួកគេយល់ថារាល់មតិពីមិត្តរួមការងារឬថ្នាក់លើ មិនមែនសុទ្ធតែត្រូវយកជាបញ្ហាផ្ទាល់ខ្លួនឬគិតថាធ្ងន់ធ្ងរខ្លាំងពេកទេ ស្តាប់ទៅល្អក៏យក មិនល្អក៏បំភ្លេច។

. ចេះកំណត់ការងារ៖ មនុស្សចាស់ទុំគឺជាបុគ្គលដែលមានទំនួលខុសត្រូវនិងបំពេញខ្លួនឱ្យបានល្អតាមតួនាទី។ ដូច្នេះសញ្ញាដែលបុគ្គលិកមានភាពចាស់ទុំក្នុងការងារ គឺពួកគេជាមនុស្សដែលចេះកំណត់អាទិភាពការងារ មួយណាសំខាន់ មួយណាធ្វើមុន​ មួយណាបន្ទាន់ជាដើម។ ពួកគេយល់ថានៅក្នុងម៉ោងការងារត្រូវគោរពតាមតួនាទី តាមឋានានុក្រម ផុតម៉ោងការងាររាប់អានមិត្តដោយចិត្ត ឈ្នះៗទាំងអស់គ្នា។

ជាក់ស្តែងការ​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​បុគ្គលិក​ដែល​មាន​ភាព​ចាស់​ទុំនៅកន្លែងធ្វើការ ពេលខ្លះមិនអាស្រ័យលើវ័យឬអតីតភាពការងារនោះទេ។ ជួនកាលបុគ្គលិកខ្លះធ្វើការ៥-១០ឆ្នាំហើយ នៅតែធ្វើការងារកំដរជីវិត ធ្វើការតាមអារម្មណ៍នៅឡើយទេ។ ដើម្បីក្លាយខ្លួនជាបុគ្គលិកចាស់ទុំម្នាក់គឺអាស្រ័យលើការអនុវត្តខ្លួនរបស់បុគ្គលទៅលើការងារតាមតួនាទី ប្រតិបត្តិវិន័យ និងសេចក្តីថ្លៃថ្នូរដោយមានគោលជំហរជារបស់ខ្លួនឯង៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia