ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញត្ថុធំៗនៅក្នុងស្រុកសុទ្ធតែត្រូវការអ្នកដឹកនាំដែលមានបទពិសោធ៍ការងារនិងការសក្សាខ្ពស់ទើបអាចដឹកនាំស្ថានប័នធំៗបានជោគជ័យ។ ក្នុងនោះដែរសម្រាប់វិស័យធនាគារក្នុងស្រុក យើងសង្កេតឃើញថាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុធំៗមួយចំនួនធំសុទ្ធតែដឹកនាំដោយជនជាតិបរទេស។
យ៉ាងណាមិញធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗទាំង៥ខាងក្រោមនេះគឺដឹកនាំដោយនាយកប្រតិបត្តិជាកូនខ្មែរដែលប្រវិត្តសិក្សានិងការងារមិនធម្មតា។
១. ធនាគារ Phillip Bank
លោក ចាន់ ម៉ាច ជាអភិបាល និងជាអគ្គនាយកនៃធនាគារ ហ្វីលីព។ លោកបានបញ្ជប់បរិញ្ញាបត្រគណិតវិទ្យា និងមានបទពិសោធន៍ជាគ្រូបង្រៀនគណិតវិទ្យា ហើយបានចូលរួមជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ដំបូងក្នុងឆ្នាំ1999 ក្នុងតំណែងជាសវនករ និងជាគ្រូបណ្តុះបណ្តាល។ សក្តានុពលផ្នែកគ្រប់គ្រងរបស់គាត់ត្រូវបានទទួលស្គាល់ ហើយគាត់បានក្លាយជាអ្នកគ្រប់គ្រងសាខាប្រចាំទីក្រុងភ្នំពេញក្នុងឆ្នាំ2001។
លោក ម៉ាច បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន 2៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម (MBA) និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ (MFB)។ គាត់បានចូលរួមក្នុងវគ្គសិក្សាជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ ទាក់ទងនឹងមីក្រូហិរញ្ញវត្ថុ និងធនាគារ។ បច្ចុប្បន្នលោកជាសមាជិកមួយរូបរបស់សមាគមធនាគារនៅកម្ពុជា (ABC) ហើយបន្ទាប់ពីការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត មក លោកត្រូវបានតែងតាំងជាអគ្គនាយករបស់ធនាគារ។
២. ធនាគារឈីហ្វ
លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ជាប្រធាននាយកប្រតិបត្តិ ធនាគារឈីហ្វ។ ចំពោះប្រវិត្តសិក្សាលោកបានបបញ្ចប់ថ្នាក់ណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅក្នុងរាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះលោកបញ្ចប់ការសិក្សាសញ្ញាបត្រនៃការបង្កើតថ្មីនៅក្នុងពិភពឌីជីថល ពី London Business School, England, ២០២១និងសញ្ញាបត្រជំនាញខាងថ្នាក់គ្រប់គ្រងល្អពី Harvard Business School, Boston, USA, ២០១៩រួមជាមួយនិងសញ្ញាបត្រអាជីពជំនាញខាងអភិវឌ្ឍន៍អ្នកដឹកនាំល្អពី Harvard Business School, Boston, USA, 2017 ។
ចំពោះបទពិសោធន៍ការងារវិញ លោកធ្លាប់ធ្វើជាអគ្គនាយកនៅធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី។ អ្នកគ្រប់គ្រងជាន់ខ្ពស់ នៅធនាគារ Kookmin រាជធានីភ្នំពេញ។ មន្រ្តីឥណទានជាន់ខ្ពស់នៅCambodian Public Bank រាជធានីភ្នំពញនិងសាស្ត្រាចារ្យ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ (បច្ចុប្បន្ន)។
៣. ធនាគារ SBI Ly Hour
លោក ជា ផល្លារិន គឺជាអគ្គនាយកនៃធនាគារ SBI LY HOUR។ មុនពេលនឹងចូលរួមបម្រើការងារជាមួយធនាគារ អេស ប៊ី អាយ លី ហួរ ម.ក លោក ផល្លារិន បានបម្រើការជាអគ្គនាយកជាង ២០ ឆ្នាំ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត។
លើសពីនេះទៅទៀត លោកក៏ធ្លាប់បានបំពេញ តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថែមទាំងជាសមាជិក នៃក្រុមប្រឹក្សាភិបាលនៅក្នុងស្ថាប័នផ្សេងៗ ដូចជាធនាគារ អភិវឌ្ឍន៍ជនបទ និងការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី)ផងដែរ។
លោក ផល្លារិន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ UTARA នៃប្រទេសម៉ាឡេស៊ី បន្ទាប់បានបញ្ចប់បរិញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចកសិកម្មនៅវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅភ្នំពេញ។
៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK
លោក គា បូរាណ ជាអភិបាល និងប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK។ ចាប់តាំងពីឆ្នាំ ២០០៤ មក លោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។
មុនពេលដែលលោកចូលបម្រើការងារជាមួយ អេ អឹម ខេ លោកបានបម្រើការឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងតួនាទីជានាយកគ្រប់គ្រងហិរញ្ញវត្ថុអស់រយៈពេលជាង ៤ ឆ្នាំ។ លោក បូរាណ ក៏កាន់តំណែងជាអភិបាលក្នុងស្ថាប័នផ្សេងទៀតដូចជា សមាគមនធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC)។
លោក បូរាណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាបត្រ ជាគណនេយ្យករអាជីព ACCA (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យករអាជីព ACCA ក្នុងឆ្នាំ ២០០៨។
៥. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC
លោក សុខ វឿន ជាប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកល វិទ្យាល័យបៀលប្រាយ ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៥ និងសញ្ញាបត្របរិញ្ញាបត្រ វិទ្យាសាស្ដ្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាស នៅអតីតមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០០។
លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ទាក់ទងនឹងជំនាញដូចជា ភាពជាអ្នកដឹកនាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងឥណទាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ច ការច្នៃប្រឌិតទៅលើប្រព័ន្ធឌីជីថល ផលប៉ះពាល់បរិស្ថាននិងសង្គម និងជំនាញផ្សេងៗទៀត។
លោកធ្លាប់បានបម្រើការជាមន្ដ្រីឥណទាននៅ ធនាគារអេស៊ីលីដា ភីអិលស៊ី ពីឆ្នាំ២០០០ ដល់ ឆ្នាំ២០០១ ហើយ លោកត្រូវបានដំឡើងតំណែងជាប្រធានផ្នែកគ្រប់គ្រងឥណទាន នៅការិយាល័យកណ្តាលពីឆ្នាំ២០០១ ដល់ ឆ្នាំ២០០៥។
លោក ចាប់ផ្ដើមបម្រើការងារនៅអិលអូអិលស៊ី ជាប្រធាននាយកប្រតិបត្តិការ នៅក្នុងខែមេសា ឆ្នាំ២០១០ ហើយលោកត្រូវបានដំឡើងតំណែង ជាអនុប្រធាននាយកប្រតិបត្តិ នៅខែធ្នូ ឆ្នាំ២០១២។ បច្ចុប្បន្ន លោកត្រូវបានក្រុមប្រឹក្សាភិបាល តែងតាំងជាប្រធាន នាយកប្រតិបត្តិ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤៕