លោកដូណាល់ ត្រាំ (Donald Trump) គឺជាបុគ្គលមួយរូបដែលជោគជ័យខ្លាំងលើមុខជំនួញ ពិសេសគឺលើវិស័យអចលនទ្រព្យ នៅមុនលោកឈានជើងជូលឆាកនយោបាយរហូតបានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ប៉ុន្តែយ៉ាងណាទន្ទឹមនឹងភាពជោគជ័យ លោកក៏ធ្លាប់បរាជ័យលើអាជីវកម្មមួយចំនួនផងដែរ។ បើយោងតាមគេហ:ទំព័រ www.time.com អាជីវកម្មដែលលោក ត្រាំ បានបរាជ័យមានដូចខាងក្រោម៖
១.Trump Airlines (1988-1992)
នៅឆ្នាំ1988 ត្រាំបានទិញក្រុមហ៊ុន Eastern Air Shuttle ក្នុងតម្លៃ 365លានដល្លា និងបានប្តូរឈ្មោះទៅ Trump Shuttle ដែលមានយន្តហោះBoeing727 ចំនួន17គ្រឿង។ គាត់បានបោះទុនយ៉ាងច្រើនដើម្បីធ្វើឲ្យយន្តហោះមានភាពប្រណិត (luxury jets) ប៉ុន្តែអតិថិជនមិនសូវមានការចាប់អារម្មណ៍ឡើយ ដោយសារទីផ្សារអាកាសចរណ៍មានការប្រកួតប្រជែងខ្លាំង ហើយគាត់មិនអាចរកប្រាក់ចំណេញបានពីវិស័យមួយនេះទើបគាត់សម្រេចចិត្តលក់ Trump Shuttleក្នុងឆ្នាំ 1992 ទៅឲ្យក្រុមហ៊ុន US Airways។
២.Trump Mortgage (2006-2007)
នៅក្នុងឆ្នាំ2006 ត្រាំបានបង្កើត ក្រុមហ៊ុន Trump Mortgage ដែលផ្តល់សេវាកម្មប្រាក់កម្ចីអចលនទ្រព្យ គាត់បានធ្វើសន្និសីទដ៏ធំមួយហើយកូនប្រុសរបស់គាត់គឺលោក Dolal Jr បានរំពឹងថាក្រុមហ៊ុនលោកនឹងក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យនេះនៅពេលដ៏ខ្លីខាងមុខ។ ប៉ុន្ដែបន្ទាប់ពីក្រុមហ៊ុនបានដំណើរការមួយរយ:ក៏ជួបវិបត្តិហិរញ្ញវិត្ថុ ហើយក៏បានបិទទ្វារទៅវិញនៅក្នុងឆ្នាំ 2007 ដោយសារអ្នកគ្រប់គ្រងក្រុមហ៊ុនមិនមានបទពិសោធនៅក្នុងវិស័យនេះ។
៣.Trump Casinos
នៅឆ្នាំ 1980 ត្រាំបានបង្កើតកាស៊ីណូជាច្រើននៅ Atlantic City (New Jersey)ក្នុងនោះរួមមានដូចជា Trump Taj Mahal, Trump Plaza និង Trump Marina។ ជាអកុសលកាស៊ីណូទាំងនោះមិនបានដំណើរការល្អនោះទេ ពោលគឺជួបបញ្ហាបំណុលយ៉ាងធ្ងន់ធ្ងរជាហូហែរ ដោយសារភ្ញៀវប្តូរទៅលេងនៅឯរដ្ឋ Pennsylvania និង Connecticut ជំនួសវិញ។
លោកត្រាំបានដកខ្លួនចេញអំពីក្រុមហ៊ុន បើទោះបីជាគាត់មានភាគហ៊ុនច្រើនជាងគេគឺរហូតដល់ទៅ28% គាត់បាននិយាយថា “ថ្វីបើទាំងអស់គ្នាឃើញឈ្មោះខ្ញុំនៅក្រុមហ៊ុន តែការពិតនោះខ្ញុំមិនមានអ្វីពាក់ព័ន្ធនឹងក្រុមហ៊ុននោះទៀតទេ”៕
អត្ថបទ៖ អ៊ុ រដ្ឋា