លោក យុត្ត បញ្ញា វិវត្តខ្លួនចេញពីកូនកសិករ ក្លាយជាម្ចាស់អាជីវកម្មគ្រឿងអគ្គិសនីនៅកូរ៉េ ព្រោះតែគំនិត២នេះ
ធី ស្រីល័ក្ខMARCH 20 20231.1 K views

វាសនាមនុស្សពិតមើលមិនឃើញថ្ងៃនេះលំបាកថ្ងៃស្អែកយើងអាចនឹងស្រួលជាងថ្ងៃម្សិលមិញក៏ថាបាន ជាក់ស្តែងដូចសហគ្រិនវ័យក្មេងរូបនេះ ធ្លាប់ជាកូនកសិកររស់នៅខេត្តកំពង់ចាម បានវិវត្តន៍ខ្លួនក្លាយទៅជាថៅកែហាងលក់គ្រឿងអេឡិចត្រូនិកធំមួយនៅប្រទេសកូរ៉េខាងត្បូង ថែមទាំងបានពង្រីកខ្លួនក្លាយជាអ្នកជំនួញមានចំការកៅស៊ូ ១២០០ហិកតានៅប្រទេសកម្ពុជាថែមទៀតផង។

ជាក់ស្តែង ក្នុងកិច្ចសម្ភាសន៍ជាមួយចាបក្រហម លោក យុត្តិ បញ្ញា បានលើកឡើងថា មុនក្លាយជាម្ចាស់អាជីវកម្មលក់គ្រឿងអេឡិចត្រូនិកនៅកូរ៉េ លោកគ្រាន់តែជាកូនកសិករមួយរូបរស់នៅខេត្តកំពង់ចាមម្នាក់ប៉ុណ្ណោះ ប៉ុន្តែលុះក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យរូបលោកក៏មានឱកាសបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅភ្នំពេញចំនួន ២សាលា មានសាលាជាតិគ្រប់គ្រង និងសាលាលីមកុកវីង។

Photo 2022 11 25 00 11 38

លុះក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រលោកក៏ទទួលបានអាហារូបករណ៍បន្ថែមពីប្រទេសកូរ៉េដើម្បីបន្តយកអនុបណ្ឌិតនៅអំឡុងឆ្នាំ ២០១៤។ក្នុងនាមជាមនុស្សម្នាក់ដែលមានចិត្តតស៊ូនិងចេះស្តាយពេលវេលាម្នាក់ នៅពេលទំនេរពីការសិក្សាលោក បញ្ញា បានឆ្លៀតពេលដើម្បីទៅធ្វើក្រៅម៉ោងនៅតាមបណ្តាហាងនានាក្នុងប្រទេសកូរ៉េ តាមម៉ាត និងតាមហាងជាដើម។រហូតមកឆ្នាំ ២០១៨ បន្ទាប់ពីបញ្ចប់ការសិក្សា លោកក៏មានឱកាសបានចូលធ្វើការនៅក្រុមហ៊ុនវេរលុយមួយក្នុងប្រទេសកូរ៉េ ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មវេរលុយពីកូរ៉េមកកម្ពុជា។

សហគ្រិនវ័យក្មេងរូបនេះបានលើកឡើងយ៉ាងដូច្នេះថា ក្រោយធ្វើការយ៉ាងសកម្មអស់រយៈពេល ២ ឆ្នាំនៅក្រុមហ៊ុនវេរលុយនោះ ក៏សន្សំបានប្រាក់មួយចំនួនលោកក៏យកមកបើកក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិកមួយ រួមជាមួយដៃគូមួយក្រុមរបស់ខ្លួន ឈ្មោះថា TA Center ។នៅពីក្រោយភាពរីចម្រើនប្តូរពីបុគ្គលិកធ្វើការឱ្យគេក្លាយជាថៅកែហាង និងជាម្ចាស់ជំនួញចំការកៅស៊ូជាង១ពាន់ហិកតា លោក យុត្តិ បញ្ញា តែងតែមានគំនិត២នៅជាប់ខ្លួនដែលជាហេតុធ្វើឱ្យលោកអាចបោះជំហានបានខ្ពស់បន្តិចម្តងៗ។គំនិតទាំងនោះរួមមាន ៖

  • ការស្វែងរកចំណេះដឹង ៖ ថ្វីបើកើតក្នុងត្រកូលកសិករប៉ុន្តែលោក បញ្ញា មិនចោលឡើយការសិក្សារៀនសូត្រ ដោយលោកស៊ូបន្តរៀនតាំងពីថ្នាក់វិទ្យាល័យរហូតបានអាហារូបករណ៍បន្តថ្នាក់បរិញ្ញាបត្រ លោកបន្តខិតខំរៀនសូត្ររហូតបានឱកាសទទួលអាហារូបករណ៍អនុបណ្ឌិតបន្តទៅរៀននៅកូរ៉េ។ត្រង់ចំណុចចង់បញ្ជាក់ឱ្យបងប្អូនឃើញថា មានតែចំណេះដឹងទេដែលជាផ្លូវនាំយើងទៅរកភាពរីកចម្រើនបាន មិនថាមានផលលំបាកបែបណាបើមានឱកាសបានរៀនសូត្រ មិនថាជាការរៀនជំនាញឬចំណេះដឹងនៅសាលាបងប្អូនត្រូវប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តតស៊ូរៀនសូត្រឱ្យបានច្រើន។
  • ការចេះចាប់ឱកាស ៖ ប្រសិនបើមានចំណេះមានជំនាញប៉ុន្តែយើងមិនចេះចាប់ឱកាសយើងក៏មិនអាចឡើងខ្ពស់បាននោះទេ ជាក់ស្តែងដូចសហគ្រិនវ័យក្មេងរូបនេះ លោកបានខិតខំធ្វើការសន្សំប្រាក់បណ្តើមើលឱកាសបណ្តើ ក្រោយធ្វើការមានចំណេះមានជំនាញគ្រាន់បើ មានទុនគ្រប់គ្រាន់ លោកក៏ចេញចាប់ផ្តើមទៅរកស៊ីខ្លួនឯង តាំងពីអាជីវកម្មខ្នាតតូចរហូតពង្រីកជាអាជីវកម្មខ្នាតធំនៅប្រទេសកូរ៉េ។លើសពីនោះលោកនៅបន្តចាប់ឱកាសគៀគរអ្នកវិនិយោគបណ្តាក់ទុនរកស៊ីជាមួយគ្នាបន្តជាហូហែរ រហូតប្រមូលបានលុយ៦លានដុល្លារ មកទិញដីដាំកៅស៊ូនៅទឹកដីនៅប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ព្រោះតែគំនិត២នេះហើយដែលធ្វើឱ្យលោក យុត្តិ បញ្ញា អាចក្លាយខ្លួនពីកូនកសិករទៅជាម្ចាស់អាជីវកម្មលក់គ្រឿងអេឡិចត្រូនិច TA Center និង ក្រុមហ៊ុន ក្រុមហ៊ុន ស៊ី អ អាយ ឌី អភិវឌ្ឍន៍ រ៉ាប់ប៊ើរ ឯ.ក មកដល់ពេលបច្ចុប្បន្ននេះ៕

Photo 2023 03 07 16 46 37

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia