សន្សំលុយមិនដែលសល់! មកសាកក្បួនសន្សំបែបថ្មីទាំង៥នេះ ដឹងតែសល់លុយនិងកើនទ្រព្យ
Toeuy HongMAY 12 202554 views

មានមនុស្សមិនតិចទេដែលរអ៊ូថាសន្សំលុយដែរតែមិនសល់សោះ សន្សំលុយដែរចេះតែដកចាយដែលធ្វើឲ្យការសន្សំរបស់ពួកគាត់មិនទៅមុខទាល់តែសោះ។ តាមពិតការសន្សំនេះទារទាមការតាំងចិត្តទើបអាចសន្សំលុយបានសល់ តែបើអ្នកមិនដឹងពីក្បួនសន្សំទេនោះ សន្សំមិនសល់ឡើយ។

 ដោយឃើញប្រិយមិត្តរបស់ Business Cambodia លើកឡើងពីបញ្ហាសន្សំលុយមិនសល់ ថ្ងៃនេះ Business Cambodia សូមធ្វើការចែករំលែកនូវក្បួនសន្សំលុយចំនួនដែលបងប្អូនគួរសាកល្បងធ្វើបើចង់សល់លុយហើយទ្រព្យកើនជាលំដាប់។

១. សន្សំជាមួយចំណេះជំនាញ 

ការសន្សំជាមួយចំណេះគឺជារឿងសំខាន់ដែលអ្នកមិនគួរមើលរំលងឡើយបើចង់ឲ្យលុយរបស់អ្នកកាន់តែកើនឡើងនិងរកលុយបានកាន់តែច្រើន។ ដូច្នេះបើកប្រាក់ខែមកឬបានចំណូលប្រចាំខែ អ្នកគួរដកលុយមួយផ្នែកនៃចំណូលប្រចាំខែមកសន្សំជាមួយចំណេះជំនាញ តាមរយៈយកលុយទៅសិក្សាលើជំនាញអ្វីមួយដែលអ្នកចង់អភវិឌ្ឍន៍។ ឧទាហរណ៍បើអ្នកមិនសូវចេះភាសាងអង់គ្លេស អ្នកគួរយកលុយមួយផ្នែកនៃចំណូលប្រចាំខែទៅរៀនភាសាអង់គ្លេសនោះ អ្នកនឹងមានជំនាញអង់គ្លេសសម្រាប់ប្រើប្រាស់ក្នុងអាជីពការងារ និងរកចំណូលក្រៅម៉ោងទៀតផង។ អ៊ីចឹងត្រូវចាយលុយវិនិយោគលើចំណេះដឹងព្រោះចំណេះធ្វើឲ្យអ្នកចំណេញលុយកាន់តែច្រើន។

២. សន្សំជាមួយធានារ៉ាប់រង

ការសន្សំជាមួយក្រុមហ៊ុនធានារ៉ាប់រង់គឺត្រូវបានគេចាត់ទុកថាជាការសន្សំបែបថ្មីព្រោះការសន្សំជាមួយធានារ៉ាប់រង​ អ្នកមិនត្រឹមតែសល់លុយហើយលុយកើនឡើងប៉ុណ្ណោះទេតែថែមទាំងជួយការពារសុវត្ថិភាពដូចជាគ្រោះថ្នាក់ផ្សេងៗ សុខភាពនិងធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ជាដើម។

ការទិញធានារ៉ាប់រងគឺជាការសន្សំលុយ។ ជាក់ស្ដែងអត្រកាប្រាក់សន្សំជាមួយធានារ៉ាប់រងអាចចន្លោះពី៣ទៅ៤%ក្នុងមួយឆ្នាំ។ ការទិញធានារ៉ាប់រងអាចមានរយៈពេលដូចជា៥ឆ្នាំ ១០ឆ្នាំឬ១៥ឆ្នាំហើយបើអ្នកទិញធានារ៉ាប់រងរយៈពេល១០ឆ្នាំដោយមិនមានបញ្ហាអ្វីខ្លះនោះពេលគ្រប់រយៈពេល១០ឆ្នាំអ្នកនឹងទទួលបានប្រាក់ដើមមកវិញ ចំណែកការប្រាក់គេអាចទូទាត់ឲ្យប្រចាំត្រីមាសឬឆមាស។ ដូច្នេះបើសន្សំចេះតែដកចាយ អាចលុយសន្សំជាមួយធានារ៉ាប់រងអ្នកនឹងសល់លុយព្រោះការសន្សំនេះមិនមែនចេះតែដកចាយស្រួលៗនោះទេ។

៣. សន្សំជាមួយដី

គេថាមនុស្សកើតកូនតែដីមិនកើតកូននោះទេ ដូច្នេះការសន្សំជាមួយដីនឹងធ្វើឲ្យលុយបងប្អូនកើនឡើងជាលំដាប់ឲ្យតែបងប្អូនចេះជ្រើសរើសដីឲ្យបានត្រឹមត្រូវនិងមានសក្តានុពល។ ត្រូវចាំថាបើលុយនៅជាប់ខ្លួន អ្នកងាយនឹងចាយអស់លឿន ដូច្នេះបើអ្នករកស៊ីឬធ្វើការបានលុយ គួរយកលុយមកសន្សំជាមួយដី។

ក្នុងការទិញដី បើចង់លក់ទៅវិញងាយស្រួលលក់ហើយលក់បានចំណេញ អ្នកត្រូវប្រាកដថាដីដែលអ្នកទិញនោះ តើអ្នកអាចនឹងធ្វើអ្វីបានខ្លះនាពេលអនាគត។ ឧទាហរណ៍ថាដីនោះអាចធ្វើផ្ទះបានអត់ អាចអភិវឌ្ឍន៍គម្រោងផ្សេងៗបានឬអត់។ ត្រង់នេះបើអ្នកអាចវាយតម្លៃដឹងច្បាស់ហើយថាដីនោះស្ថិតក្នុងតំបន់សក្ដានុពល អាចកែច្នៃជាគម្រោងផ្សេងៗបាន នោះទិញទៅមិនងាយខកបំណងឡើយពោលគឺងាយស្រួលលក់ចេញនិងងាយកែច្នៃដីធ្វើគម្រោងផ្សេងៗទៀត។

៤. សន្សំជាមួយមាស

 ការទិញមាសទុកគឺជាផ្នត់គំនិតរបស់ពលរដ្ឋយើងជាពិសេស អ៊ំ ពូមីង យាយតាព្រោះការទិញមាសទុកគឺជាក្បួនទុកលុយរបស់ពួកគាត់ដើម្បីចៀសវាងរកលុយបាន ពួកគាត់ចេះតែចាយលុយផ្ដេសផ្ដាស់ធ្វើឲ្យអស់លុយលឿនលើរបស់ដែលមិនចាំបាច់។ មួយវិញទៀតការទិញមាសទុកគឺជាក្បួនសន្សំដើមទុនសម្រាប់រកស៊ីនិងវិនិយោគ និងប្រើការក្នុងករណីជួបញ្ហាផ្សេងៗដែលអ្នកត្រូវការលុយបន្ទាន់។

៥. សន្សំជាមួយភាគហ៊ុន

ប្រទេសកម្ពុជាយើងក៏មានផ្សារភាគហ៊ុនដែរ ដែលមានឈ្មោះថា” ផ្សារមូលបត្រកម្ពុជា”។ តាមបទពិសោធន៍របស់ខ្ញុំដែលជាអ្នកវិនិយោគលើផ្សារហ៊ុន មានពេលរដ្ឋខ្មែរមួយចំនួនធំដែលស្គាល់ផ្សារហ៊ុនបាននិយាយថាតាំងពីស្គាល់ផ្សារហ៊ុន ពួកគាត់សន្សំលុយសល់ជាងមុន សល់លុយច្រើនជាងមុន។ នៅផ្សារហ៊ុនកម្ពុជាយើងគេតែប្រើពាក្យថា”វិនិយោគបែបសន្សំ” ដែលមានន័យយើងទិញហ៊ុនសន្សំទុកឲ្យបានច្រើនដូច្នេះ អ្នកនឹងមានភាគហ៊ុនច្រើនកាន់កាប់ក្នុងដៃ ហើយហ៊ុននេះគឺជាទ្រព្យ។ ដូច្នេះបើអ្នកវិនិយោគទិញហ៊ុនសន្សំឲ្យបានច្រើននោះពេលក្រុមហ៊ុនរកស៊ីចំណេញអ្នកក៏ចំណេញទៅតាមហ្នឹង។ អ៊ីចឹងចង់សល់លុយ អ្នកគួរដាក់ផែនការវិនិយោគហ៊ុនប្រចាំខែ។ ឧទាហរណ៍អាចដកចំណូល១០០ដុល្លារមកវិនិយោគហ៊ុនសន្សំប្រចាំខែនោះអនាគតដល់អ្នកនឹងមានហ៊ុនច្រើនលុយកាន់តែកើនឡើង។

យ៉ាងណាមិញការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាដូច្នេះបងប្អូនភាគច្រើនមិនទាន់ដឹងថាតើចង់វិនិយោគលើផ្សារហ៊ុនគេចាប់ផ្ដើមពីណា ហើយទិញហ៊ុនគេទិញដោយរបៀបណា។ ដូច្នេះបើចង់រកផ្លូវរៀនវិនិយោគលើផ្សារហ៊ុនអាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia