ក្តៅៗ! អាមេរិកនិងចិន សម្រេចទម្លាក់អត្រាពន្ធ លើគ្នាទៅវិញទៅមក ក្នុងចំនួនភាគរយទាបបំផុតមួយ
Ping Chou EngMAY 12 2025757 views

សហរដ្ឋអាមេរិក និងចិនបានព្រមព្រៀងគ្នា ក្នុងការដកពន្ធលើទំនិញ របស់គ្នាទៅវិញទៅមក សម្រាប់រយៈពេល៩០ថ្ងៃ ដើម្បីកាត់បន្ថយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម និងការជំរុញទីផ្សារពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ 

សេចក្តីសម្រេចរួមនេះបានធ្វើឡើងនៅថ្ងៃចន្ទ ទី១២ ឆ្នាំ២០២៥នេះ ក្នុងកិច្ចចរចារពាណិជ្ជកម្មជំហានដំបូង នាទីក្រុងហ្សឺណែវ ប្រទេសស្វីស​ ដោយមន្ត្រីជាន់ខ្ពស់មកពីប្រទេសទាំងពីរ។

ក្នុងនោះសហរដ្ឋអាមេរិកនឹងទម្លាក់ពន្ធជាបណ្តោះអាសន្នលើទំនិញចិនពីចំនួន១៤៥% មកនៅត្រឹម៣០%  ខណៈចិនវិញនឹងកាត់បន្ថយការយកពន្ធលើទំនិញអាមេរិកពី ១២៥% មកនៅត្រឹម ១០%។​

ទន្ទឹមនឹងសេចក្តីសម្រេចរួមនេះភាគីទាំងពីរបាននូវទទួលស្គាល់លើសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព យូរអង្វែងនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

យ៉ាងណាមិញជុំវិញការពិភាក្សានេះវិនិយោគិនសកលកំពុងអបអរសាទរអំពីការរលាយនូវ សង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយពន្ធគយរបស់ ប្រធានាធិបតីអាមេរិក Donald Trump ដែលបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានការរង្គោះរង្គើ បង្អាក់សង្វាក់ផ្គត់ផ្គង់ និងបង្កការភ័យខ្លាចដល់វិបត្តិសេដ្ឋកិច្ចនាពេលកន្លងមក។

សូមជម្រាបថាការបញ្ចុះអត្រាពន្ធគយនឹងចាប់ផ្តើមឡើង ថ្ងៃទី ១៤ ខែ ឧសភា ខណៈកិច្ចពិភាក្សាជំហានបន្តបន្ទាប់នឹងធ្វើឡើងឆ្លាស់គ្នានៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក ឬនៅប្រទេសទីបីតាមការព្រមព្រៀងរបស់ភាគី៕

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia