ក្រសួងបើកលក់ហើយ ខណៈអ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់ពីភាពចាំបាច់ដែលម៉ូតូគួរមានស្លាកលេខពិសេស
ធី ស្រីល័ក្ខMAY 20 2025371 views

កាលពីកន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត (ម៉ូតូ) ត្រីចក្រយានយន្ត (ម៉ូតូកង់បី) និង ម៉ូតូកង់បួន ដែលអាចឲ្យម្ចាស់យាន្ដជំនិះជ្រើសរើសនូវលេខដែលខ្លួនពេញចិត្ដបាន។

ជាមួយគ្នានោះ យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម ប៉េង ពោធិ៍នា ដែលជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្អែកតាមការសិក្សា និងបានធ្វើការស្ទង់មតិប្រជាពលរដ្ឋឃើញថា បងប្អូនជាច្រើនមានបំណងចង់បាន លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនដើម្បីបំពាក់លើម៉ូតូរបស់ខ្លួន។ ក្នុងគោលបំណងផ្តល់នូវជម្រើសកាន់តែសម្បូរបែបជូនប្រជាពលរដ្ឋ និងកៀរគរចំណូលចូលថវិកាជាតិផង ទើបក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំឱ្យមានការលក់ចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួនបន្ថែមទៀត។

ចំពោះ តម្លៃផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូ បានរៀបចំក្នុងតម្លៃមួយសមរម្យទៅតាមចំណង់ចំណូលចិត្តបងប្អូនប្រជាពលរដ្ឋ ដែលមានតម្លៃទាបបំផុត១០ម៉ឺនរៀល និងខ្ពស់បំផុតតម្លៃ ៨លានរៀល។

យ៉ាងណាមិញ សម្រាប់បងប្អូនជាពលរដ្ឋអាចចូលទៅស្វែងរក ទិញលេខ និងបំពេញបែបបទចុះបញ្ជី តាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh ឬ នៅទីតាំងមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាឫស្សីកែវ រៀងរាល់ម៉ោងធ្វើការ ។ ដោយក្នុងនោះលោកអ្នកកាន់តែវាយលេខ ឬឈ្មោះ ដែលខ្លួនចង់បាននៅក្នុងគេហទំព័រនោះវានឹងបង្ហាញតម្លៃឲ្យបានដឹងតែម្ដង។

១៣

គួរជម្រាបថា ក្នុងករណីសាធារណជន មានតម្រូវការ សំណូមពរ ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈ ឬមតិយោបល់ កែលម្អណាមួយ អាចផ្តល់ព័ត៌មកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈប្រអប់សារ ឬសូមធ្វើការទំនាក់ទំនង តាមរយៈទូរសព្ទ HOTLINE "1275” ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia