ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរ ជាពិសេសតភ្ជាប់ពីតំបន់មួយទៅតំបន់មួយឲ្យកាន់តែមានភាពលឿនរហ័ស រាជរដ្ឋាភិបាលបានធ្វើការសាងសង់ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ជាច្រើន ខណៈគម្រោងខ្លះបានសម្រេចរួចរាល់ គម្រោងខ្លះកំពុងដំណើរការសាងសង់ ឯគម្រោងខ្លះទៀតកំពុងស្ថិតនៅក្នុងការសិក្សារ។ អ្វីដែលចាប់អារម្មណ៍រាជរដ្ឋាភិបាលបានដាក់ផែនការសាងសង់ផ្លូវល្បឿល្បឿនចំនួន ៩ គម្រោង ដែលមានទំហំវិនិយោគ ៧ ១៧៣,៦៩ លានដុល្លា សម្រាប់អនុវត្ដនៅក្នុងរយៈពេលខ្លីនិងមធ្យម ២០២៣-២០២៧ និងរយៈពេលវែង ២០២៨-២០៣៣។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៤ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ - ២០៣៣ បានឲ្យដឹងថា គម្រោងអនុវត្ដក្នុងរយៈពេលខ្លីនិងមធ្យម ២០២៣-២០២៧ មានចំនួន ៤ គម្រោង តាមការប៉ាន់ស្មានតម្លៃវិនិយោគគឺមាន ៤ ១៨៤,៨១ លានដុល្លារ និងគម្រោងអនុវត្ដក្នុងរយៈពេលវែង ២០២៨-២០៣៣ មានចំនួន ៥ គម្រោង តាមការប៉ាន់ស្មានតម្លៃវិនិយោគគឺមានចំនួន ២ ៩៨៨,៨៨ លានដុល្លារ។
បើតាមទម្រង់នៃផែនការអភិវឌ្ឍផ្លូវលឿននាពេលអនាគតទូទាំងប្រទេសកម្ពុជា ដែលមានក្នុងរបាយការណ៍ដដែលនេះបានឲ្យដឹងគម្រោងល្បឿនលឿនដែលត្រូវអនុវត្ដនោះរួមមាន៖
- ផ្លូវលឿនលឿនលេខ១ (Ex1)៖ ភ្នំពេញ កណ្ដាល ព្រៃវែង ស្វាយរៀង និងបាវិត។
- ផ្លូវល្បឿនលឿនលេខ២ (Ex2)៖ ភ្នំពេញ កណ្ដាល (ព្រំដែនកម្ពុជា និងវៀតណាម)។
- ផ្លូវល្បឿនលឿនលេខ៣ (Ex3)៖ ភ្នំពេញ កណ្ដាល តាកែវ កំពត និងព្រះសីហនុ។
- ផ្លូវល្បឿនលឿនលេខ៤ (Ex4)៖ ភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងព្រះសីហនុ។ (បញ្ចប់រួចរាល់)
- ផ្លូវល្បឿនលឿនលេខ៥ (Ex5)៖ ភ្នំពេញ កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងមាត់ច្រកព្រំដែនប៉ោយប៉ែត។
- ផ្លូវល្បឿនលឿនលេខ៦ (Ex6)៖ ភ្នំពេញ កណ្ដាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ និងសៀមរាប។
- ផ្លូវល្បឿនលឿនលេខ៧ (Ex7)៖ ភ្នំពេញ កណ្ដាល កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងមាត់ច្រកព្រំដែនត្រពាំងក្រៀល។
- ផ្លូវល្បឿនលឿនលេខ៩ (Ex9)៖ ច្រកព្រំដែនប៉ោយប៉ែត បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងច្រកព្រំដែនអូរយ៉ាដាវ។
- ផ្លូវនេះមានបីកំណាត់គឺកំណាត់ផ្លូវល្បឿនលឿនលេខ៩ក (Ex9A)៖ សៀមរាប បាត់ដំបង ពោធិ៍សាត់ កោះកុង, កំណាត់ផ្លូវលឿនលឿនលេខ៤៨ កោះកុង ព្រះសីហនុ និងកំណាត់ផ្លូវល្បឿនលឿនលេខ៣៣ ព្រះសីហនុ កំពត និងកែប៕


