បញ្ហាលុយកាក់ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ និងមានបង្ករឿងក្តីក្តាំជាច្រើន ខណៈរឿងមួយចំនួនអាចឈានដល់កម្រិតទោសក្រមរដ្ឋប្បវេណី ឬព្រហ្មទណ្ឌឯណោះ។ ខាងក្រោមនេះ គឺជារឿងធំៗ២ ដែលម្ចាស់បំណុល មិនអាចធ្វើដាក់កូនបំណុលបាន៖
១/. មិនអាចយកការប្រាក់លើស ១៨%ក្នុង១ឆ្នាំ៖ យោងតាមសេចក្តីប្រកាសរបស់ ក្រសួងយុត្តិធម៌ លេខ128 កយ ប្រក/11 ចុះនាថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១១ បានបង្ហាញថា ម្ចាស់បំណុលអាចយកអត្រាការប្រាក់ខ្ពស់បំផុតត្រឹម ១៨% ប៉ុណ្ណោះក្នុង ១ឆ្នាំ។ ការបើភាគីបានព្រមព្រៀងលើសពីនេះត្រូវបន្ថយមកត្រឹមច្បាប់កំណត់ កណីដែលមានការសងរួចហើយ នោះការប្រាក់ដែលលើសត្រូវដាក់បញ្ចូលជាការកាត់សងប្រាក់ដើមវិញ។
ការខ្ចីបរិភោគដោយភ្ជាប់ការប្រាក់ ត្រូវធ្វើតាមការព្រមព្រៀងជាលិខិតលាយលក្ខណ៍អក្សរ ដោយមានការចុះហត្ថលេខារបស់អ្នកខ្ចីផងដែរ។ ការខ្ចីបរិភោគដោយភ្ជាប់ការប្រាក់ ដែលធ្វើឡើងដោយផ្ទាល់មាត់ ឬធ្វើឡើងជាលាយលក្ខណ៍អក្សរដោយមានស្នាមម្រាមដៃរបស់អ្នកខ្ចី ច្បាប់ពុំបានទទួលស្គាល់នូវអានុភាពឡើយ (ក្រមរដ្ឋប្បវេណី, មាត្រា៥៨៣, កថាខណ្ឌ៣)។
២/. បង្ហោះរូបកូនបំណុលជាសាធារណៈ៖ សាស្រ្តាចារច្បាប់ អ្នកស្រី ម៉ឹង វ៉ាន់ឌី បានលើកឡើងថា “ប្រសិនបើម្ចាស់បំណុលបង្ហោះរូបកូនបំណុលលើបណ្ដាញសង្គម ឬជេរប្រមាថកូនបំណុល គឺជាការខុសច្បាប់”។ បើទោះបីជាការជំពាក់បំណុលនោះវាជាការពិតក្ដី តែច្បាប់រក្សាការពារនូវភាពឯកជនជូនបុគ្គល។
យោងតាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ បទបរិហាកេរ្តិ៍ជាសាធារណៈ បានចែងថា “គ្រប់ការអះអាងបំផ្លើស ឬការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិសព្ទនៃបុគ្គល ឬស្ថាប័ន គឺជាការបរិហាកេរ្តិ៍។ ត្រូវពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន) រៀល ដល់ ១០,០០០,០០០ (ដប់លាន) រៀល។”
យ៉ាងណាមិញ បើទោះបីមានច្បាប់ទាំងពីរខាងលើ ចំពោះកូនបំណុលការរត់គេចពីទំនួលខុសត្រូវពុំមែនជាមធ្យោបាយល្អឡើយ អ្វីគ្រប់យ៉ាងសុទ្ធសឹងតែមានដំណោះស្រាយ និងផ្លូវចេញដ៏ល្អប្រសើរ។ ដូច្នេះចូរស្វះស្វែងរកវិធីសាស្ត្រឲ្យមានប្រសិទ្ធភាពតាមដែលខ្លួនអាចធ្វើបាន ប្រសិនបើអ្នកព្យាយាមអស់លទ្ធិភាពហើយនៅតែរកច្រកចេញមិនឃើញទៀត អ្នកគួរតែទៅជួបអ្នកជំនាញដើម្បីឲ្យពួកគេជួយផ្តល់ដំបូន្មានប្រឹក្សាយោបល់ ឬយុទ្ធសាស្ត្រដើម្បីដោះស្រាយអ្វីដែលអ្នកកំពុងមានបញ្ហាប្រឈម៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook