ក្រុមហ៊ុន Yip In Tsoi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់ប្រទេសថៃបានសហការជាមួយដៃគូលំដាប់ពិភពក្នុងការរៀបចំសិក្ខាសាលាមួយក្រោមចំណងជើងថា” ការបង្កើតសហគ្រាសឆ្លាតវៃ” ដើម្បីផ្ដល់ដំណោះស្រាយព័ត៌មានវិទ្យាក្នុងគោលបំណងអភិវឌ្ឍននិងប្រសិទ្ធភាពឲ្យសហគ្រិនកម្ពុជាទទួលបានចំណេះដឹងលើសន្តិសុខសុវត្ថិភាពតាមប្រព័ន្ធអ៊ីធឺណេត។
សិក្ខាសាលាក្ដីពីការបង្កើតសហគ្រាសឆ្លាតវៃនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៤នេះនៅសណ្ឋាគារ Sunway Hotel ដោយក្រុមហ៊ុន Yip In Tsoi បានសហការជាមួយដៃគូរបស់ខ្លួនមានដូចជាក្រុមហ៊ុន Allied Telesis, I-Sprint, Proxmox, Sangfor និងក្រុមហ៊ុនSophos ជាដើម។
លោក Wongviwat Siritasanakul ដែលជាជំនួយការអគ្គនាយកជាន់ខ្ពស់ផ្នែកដំណោះស្រាយបច្ចេកវិទ្យាឌីជីថលនៅក្រុមហ៊ុន Yip In Tsoi បានឲ្យដឹងថាសិក្ខាសាលានេះអាចធ្វើទៅបានគឺដោយសារមានការសហការដ៏មានតម្លៃពីដៃគូរបស់ខ្លួនមានដូចជា ក្រុមហ៊ុន Allied Telesis, I-Sprint, Proxmox, Sangfor និងក្រុមហ៊ុនSophos។
លោកបានបន្តទៀតថាគោលបំណងធំដែលក្រុមហ៊ុន Yip In Tsoi រៀបចំសិក្ខាសាលានេះឡើងគឺដើម្បីផ្ដល់ជាចំណេះដឹងក៏ដូចជាការយល់ដឹងទាក់ទងនឹងសន្តិសុខសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណេត( Cybersecurity) ទៅដល់ម្ចាស់សហគ្រាសដែលចង់ឲ្យក្រុមហ៊ុនរបស់ខ្លួនមានស្ដង់ការក្នុងការបង្កើតប្រព័ន្ធការពារសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណេតឲ្យបានល្អ។
គួរបញ្ជាក់ផងដែរថា Yin In Tsoi គឺជាក្រុមហ៊ុនអភិវឌ្ឍននិងផ្ដល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាក៏ធំមួយនៅក្នុងប្រទេសថៃដែលមានបទពិសោធន៍ជិតសតវត្សមកហើយ។ ពីមុនមកក្រុមហ៊ុននេះក៏បានពង្រីកឯកទេសរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់អាស៊ានមានដូចជាប្រទេសកម្ពុជាមីយ៉ាន់ម៉ានិងឡាវជាដើម។
ក្រុមហ៊ុន Yin In Tsoi មានក្រុមសមាជិកអាជីពជាង៧០០ ហើយក្រុមហ៊ុនមានផ្ដល់នូវសេវាកម្មយ៉ាងសម្បូរបែបមានដូចជាការប្រឹក្សាផ្នែកបច្ចេកវិទ្យា ដំណោះស្រាយផ្នែកហិរញ្ញវត្ថុនិងធនាគារ ដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធនិងបណ្ដាញ សេវាកម្ម Cloud ដំណោះស្រាយត្រួតពិនិត្យនិងសន្តិសុខសុវត្ថិភាពតាមប្រព័ន្ធអ៊ីធឺណេតនិងសេវាកម្មជាច្រើនទៀត៕