Yeo’s ល្បីជាង ១០០ឆ្នាំ ការពិតផលិតផលដំបូងបំផុតរបស់ក្រុមហ៊ុន Yeo’s ជាសិប្បកម្មផលិតទឹកស៊ីអ៊ីវ
ធី ស្រីល័ក្ខMARCH 6 2023705 views

ទឹកផ្លែឈើ Yeo’s ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនទឹកផ្លែឈើដែលមានគុណភាព អស់រយៈពេល ១០០ឆ្នាំមកហើយ ហើយផលិតផលរបស់ក្រុមហ៊ុននេះត្រូវបានចែកចាយស្ទើរពាលពេញពិភពលោកនាពេលបច្ចុប្បន្ន ទាំងនៅប៉ែកអឺរ៉ុបនិងអាស៊ី។ ថ្វីបើបច្ចុប្បន្នមានមនុស្សជាច្រើនបានស្គាល់ថាក្រុមហ៊ុន Yeo's ជាក្រុមហ៊ុនផលិតទឹកផ្លែឈើ ប៉ុន្តែមានមនុស្សតិចនាក់ណាស់ដែលបានដឹងថា ការពិតមុនក្លាយជាយីហោល្បីខាងផលិតទឹកផ្លែឈើនេះ ក្រុមហ៊ុន Yeo's គ្រាន់តែជាសិប្បកម្មផលិតទឹកស៊ីអ៊ឺវខ្នាតតូចមួយប៉ុណ្ណោះ។

បើវិលត្រឡប់ទៅ ១២៣ ឆ្នាំមុន ក្រុមហ៊ុន Yeo’s គ្រាន់តែជាកន្លែងផលិតទឹកស៊ីអ៊ីវតូចមួយប៉ុណ្ណោះ នៅស្រុក Zhangzhou ខេត្ត Fujian ប្រទេសចិន ។ សិប្បកម្មដំបូងបំផុតរបស់ Yeo's ត្រូវបានគេដាក់ឈ្មោះថា "Yeo Hiap Seng" ដែលបានបង្កើតឡើងនៅអំឡុងឆ្នាំ ១៩០០ ជាមួយដើមទុនប្រមាណជា ២៩៦ ដុល្លារ ជាលុយចូលហ៊ុនគ្នារវាងលោក Yeo Hiap Seng ជាមួយនឹងមិត្តភក្តិរបស់លោកម្នាក់ផ្សេងទៀត។ប៉ុន្តែក្រោយការបង្កើត អាជីវកម្មនេះមិនសូវជាមានភាពល្បីល្បាញប៉ុន្មាននោះទេ។

លុះក្រោយមកនៅអំឡុងឆ្នាំ ១៩២០ លោក Keng Lian ក៏បានប្រគល់អាជីវកម្មនេះទៅឱ្យកូនប្រុសរបស់គាត់ឈ្មោះ Thian In។ក្រោយការចូលកាន់កាប់អាជីវកម្មស្នងពីឪពុក Thian In មិនធ្វើឱ្យឪពុកអស់សង្ឃឹមឡើយ ព្រោះពេលនោះអាជីវកម្មទឹកស៊ីអ៊ីវរបស់ត្រកូល Yeo ក៏ចាប់ផ្តើមទទួលបានភាពល្បីល្បាញបន្តិចម្តងៗ ព្រោះកូនប្រុសច្បងលោក Seng Lian បានធ្វើការផ្លាស់ប្តូរការរកស៊ីបែបថ្មី ពីអាជីវកម្មបែបគ្រួសារ ក្លាយជាសិប្បកម្មប្រើប្រាស់ម៉ាស៊ីនទំនើបៗ និងការធ្វើទីផ្សារដោយការតាំងពិរព័ណ៍ជាដើម។ពេលនោះហើយដែល ក្រុមហ៊ុនផលិតទឹកស៊ីអ៊ីវ Yeo’s ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនដំបូងគេបំផុតនៅលើពិភពលោក ដែលផលិតទឹកស៊ីអ៊ីវមានការវេចខ្ចប់ក្នុងទម្រង់កំប៉ុងដែលងាយស្រួលប្រើ និងមានការផលិតប្រើប្រព័ន្ធ UHT។

Big Soy Sauce Yellow

20201021 Soysaucepots Yeohiapseng

ប៉ុន្តែគួរឱ្យស្តាយ ក្រោយភាពជោគជ័យដ៏គួរឱ្យកោតសរសើរនេះ នៅក្នុងឆ្នាំ ១៩៣៧ ប្រទេសចិនក៏មានសង្គ្រាមមួយបានកើតឡើង ដែលធ្វើឱ្យអាជីវកម្មជាច្រើនត្រូវបានបិទទ្វារ ក្នុងនោះចំណោមនោះក៏មានអាជីវកម្មរបស់លោក Seng Lian ផងដែរ។ប៉ុន្តែថ្វីបើមានសង្គ្រាមកើតឡើងក៏ពិតមែន ប៉ុន្តែវាមិនបានធ្វើឱ្យអាជីវកម្មមួយនេះត្រូវបញ្ចប់ត្រឹមនេះឡើយ ដោយពេលនោះម្តាយរបស់ Thian In ឈ្មោះ Xu Gan Niang បានលើកទឹកចិត្តឱ្យកូនប្រុសខ្លួនរត់ភៀសខ្លួនចេញពីប្រទេសចិនទៅវិនិយោគជំនួញនេះបន្តនៅប្រទេសផ្សេងវិញ។ទើបពេលនោះហើយ លោក ធៀន អ៊ីន ក៏បានសម្រេចចិត្តចាកចេញពីបងប្អូនបង្កើតរបស់គាត់ទាំងប្រាំពីរនាក់ ហើយជិះទូកជាមួយប្រពន្ធ និងកូនប្រុសបួននាក់ទៅកាន់ប្រទេសសិង្ហបុរីដើម្បីស្វែងរកដំណើរការចាប់ផ្តើមថ្មី។

ការប្រើជីវិតនៅលើទឹកដីថ្មីវាពិតជាមិនងាយស្រួលនោះទេសម្រាប់ ធៀន អ៊ីន ប៉ុន្តែសហគ្រិនវ័យក្មេងរូបនេះនៅតែអាចជម្នះបានទៅដោយរលូន រហូតនៅក្នុងថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ១៩៣៨ គាត់ក៏បានចាប់ផ្តើមរោងចក្រថ្មីរបស់គាត់។ពេលនោះអាជីវកម្មទឹកស៊ីអ៊ីវរបស់គាត់ពិតជាទទួលបានការគាំទ្រខ្លាំងមែនទែនពីប្រជាជនសឹង្ហបុរី  ដោយគាត់ក៏រំពឹងថាការចាប់ផ្តើមលើកនេះវានឹងអាចឋិតស្ថេរយូរអង្វែងលែងមានអ្វីមករំខានទៀតហើយ តែជាសំណាងអាក្រក់នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ១៩៤២ រោងចក្រផលិតទឹកស៊ីអ៊ឺវ ធៀន អ៊ីនក៏ត្រូវបានគេបំផ្លាញម្តងទៀតដោយសារសង្គ្រាមលោកលើកទឹ២។

ជាការពិតសង្គ្រាមខ្លាំងគ្មានអ្នកណាទៅនឹកឃើញការរកស៊ីអ្វីទៀតទេ មានតែខំប្រឹងរត់យករួចខ្លួន ប៉ុន្តែចំពោះ ធៀន អ៊ីន វិញបែរជានៅតែអាចលួចលាក់ផលិតទឹកស៊ីអ៊ីវលក់បានដដែល ហើយថែមទាំងលក់ដាច់ទៀតផង ព្រោះមនុស្សត្រូវការប្រើណាស់នៅពេលនោះ។រហូតដល់ឆ្នាំ​ ១៩៥១ ក្រោយសង្គ្រាមបញ្ចប់ទៅ ធៀន អ៊ឺន ក៏បានបើករោងចក្រផលិតទឹកស៊ីអ៊ឺវឡើងជាលើកទី៣ លើផ្ទៃដី៤ហិកតា នៅកណ្តាលទីក្រុងប្រទេសសឹង្ហបុរីតែម្តង។ដែលការត្រឡប់មកវិញលើកនេះ គាត់មិនត្រឹមតែផលិតតែទឹកស៊ីអ៊ីវប៉ុណ្ណោះទេ គាត់ក៏បានផលិតប្រភេទអាហារកញ្ចប់ដូចជា មី គុយទាវ និងអាហារកំប៉ុងផ្សេងៗទៀតជាបន្តបន្ទាប់។

 

20201021 Pepsirights Yeohiapseng

Yhs2

ភាពរីកចម្រើននេះក៏បានបន្តរហូតធ្វើឱ្យក្រុមហ៊ុន Yeo Hiap Seng ត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនសិង្ហបុរីក្នុងឆ្នាំ ១៩៦៩ ហើយនៅឆ្នាំ ១៩៧៥ ក្រុមហ៊ុននេះបានទទួលសិទ្ធិផ្តាច់មុខ និងចែកចាយសម្រាប់ក្រុមហ៊ុន Pepsi នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ថែមទៀតផង។បន្តមកទៀតក្រុមហ៊ុន Yeo Hiap Seng បានទិញ General Bottling ពីហុងកុងក្នុងឆ្នាំ ១៩៨១ ដែលបានបង្កើនប្រាក់ចំណូលពី ៩៦ លានដុល្លារកើនដល ១៤៦ លានដុល្លារក្នុងឆ្នាំ ១៩៨២ ។ លុះក្នុងឆ្នាំ១៩៩៥ Yeo Hiap Seng ក៏ត្រូវបានទិញដោយមហាសេដ្ឋីអចលនទ្រព្យសិង្ហបុរីឈ្មោះ Ng Teng Fong ដែលបានទិញភាគហ៊ុនគ្រប់គ្រងក្នុងអាជីវកម្មនេះបន្ត។

គួរបញ្ជាក់ផងដែរថា ក្រោយរកស៊ីអស់រយៈពេល ១២៣ ឆ្នាំបច្ចុប្បន្នក្រុមហ៊ុន Yeo’s មានផលិតផលជាច្រើនប្រភេទក្រៅពីទឹកផ្លែឈើ ដោយក្នុងនោះមានជាប្រភេទអាហារកញ្ចប់ដូចជាមី គុយទាវ សាច់កំប៉ុង ទឹកជ្រលក់ ទឹកម្ទេស និងទឹកសុទ្ធជាដើម។ហើយតាមរយៈលក់នូវផលិតផលទាំងអស់នោះបានធ្វើឱ្យប្រាក់ចំណូលក្រុមហ៊ុននេះមានការកើនឡើងដល់ ចំនួន 1.2 លានដុល្លារសិង្ហបុរីក្នុងរយៈពេលប្រាំមួយខែឆ្នាំ ២០២២ ធៀបនឹងឆ្នាំ ២០២១ ៕

53d5770b44d5aebd0e0597e151f9bfe9

អត្ថបទដោយ៖សម្បត្តិ សុខឡាង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia