មេល្អ បុគ្គលិកល្អ! មេល្អគឺជា មេមានលក្ខណៈសម្បតិ្ត៥ប្រភេទនេះ បុគ្គលិ.កចង់ធ្វើការងារ ជាមួយបំផុត
Ping Chou EngMAY 18 2025618 views

បុគ្គលិកមួយក្រុមអាចធ្វើការងារមានភាពរីកចម្រើន ក៏ព្រោះមានមេល្អជាអ្នកដឹកនាំបរិយាកាសការងារឱ្យសហការចុះសម្រុងគ្នា។ យ៉ាងណាមិញខាងក្រោមនេះជាលក្ខណៈសម្បតិ្ត៥យ៉ាង ដែលរាប់ថាជាមេល្អ អាចស្រូបទាញបុគ្គលិកល្អៗចូលចិត្តមកធ្វើការងារជាមួយដោយការគោរពស្រឡាញ់៖

 

ប្រភេទទី១. មេគិតបុគ្គលិកឱ្យរស់បានសមរម្យ៖ ជាប្រភេទមេដែលគិតគូរដល់បុគ្គលិកឱ្យរស់នៅបានសមរម្យជាមុន។ គាត់អាចផ្តល់ឱ្យបុគ្គលិកនូវ​ប្រាក់ខែសមល្មមមិនតិចពេក សមតាមកម្លាំងតួនាទី សមត្ថភាព និងការខិតខំប្រឹងប្រែង ដឹងច្បាស់ពីតម្រូវការរបស់ក្រុមការងារ គិតពីប្រយោជន៍រួមច្រើន ស្វែងរកផលចំណេញចូលក្រុមនិងផ្តល់ឱ្យបុគ្គលិកស្មើៗគ្នា សម្រាប់ប្រាក់បន្ថែមដោយ មិនកេងកម្លាំង ឬចេះតែប្រើបុគ្គលិកផ្តាសផ្តោសខុសតួនាទីឬមិនគោរពពេលវេលាឡើយ។

 

ប្រភេទទី២. មេមានអត្តចរិតល្អ៖ ជាប្រភេទមេដែលមានអត្តចរិតល្អជាមួយការនិយាយស្តី កាយវិការ ដើរ ឈរ អង្គុយ ចេះគ្រប់គ្រងអារម្មណ៍បានល្អ មិនប្រើអំណាចគៀបសង្កត់អ្នកដែលមានតំណែងទាបជាង។ ចេះប្រើពាក្យសម្តីសមរម្យជាមួយក្រុមការងារ ផ្តល់តម្លៃឱ្យមនុស្សជុំវិញខ្លួន អប់រំណែនាំបុគ្គលិកពេលធ្វើខុស មិនស្តីបន្ទោស ឬជះកំហឹងដោយសារមិនសប្បាយចិត្តមួយភ្លែតនោះទេ មានបញ្ហាអ្វីនឹងលើកដាក់លើតុជជែកគ្នា។

 


ប្រភេទទី៣. មេមានសមត្ថភាពនិងជំនាញ៖ ជាមេដែលមានសមត្ថភាពនិងជំនាញរឹងមាំ អាចបង្វឹក ជួយជ្រោមជ្រែង បុគ្គលិកឱ្យធ្វើការងារបានល្អ អាចបណ្តុះកូនចៅដែលធ្វើការជាមួយ ឱ្យមានសមត្ថភាពដូចខ្លួនឬប្រហាក់ប្រហែលខ្លួនដែរ។ មេមានសមត្ថភាពគឺមានជំនាញក្នុងការដោះស្រាយបញ្ហា មានយុទ្ធសាស្រ្តខ្ពស់ ចេះរៀបចំមនុស្សឱ្យធ្វើការត្រូវកន្លែង ចំគោលដៅ និងត្រូវជាមួយទេពកោសល្យរបស់បុគ្គលិក។

 

 

ប្រភេទទី៤. ទម្រង់ទិសគោលដៅ ផ្ទាល់ខ្លួននិងក្រុមហ៊ុន៖ ជាប្រភេទមេដែលដឹងពីសុខទុក្ខបុគ្គលិកលើសពីការងារស្នូលរបស់ក្រុមហ៊ុន គាត់អាចដើរតួនាទីជាអ្នកណែនាំផ្លូវតម្រង់ទិសដល់បុគ្គលិកជាមួយការងារក្នុងក្រុមហ៊ុន និង​ប្រឹក្សាដំបូន្មានពីគោលដៅជីវិតផ្ទាល់ខ្លួន។​

 

ជាពិសេសគាត់មានសមត្ថភាពក្នុងការធ្វើដឹកនាំយ៉ាងណាឱ្យគោលដៅផ្ទាល់ខ្លួនរបស់បុគ្គលិកមានភាពស៊ីចង្វាក់គ្នាជាមួយគោលដៅក្រុមហ៊ុនដែរ ដើម្បីជំរុញឱ្យបុគ្គលិកមានទឹកចិត្តធ្វើការឱ្យក្រុមហ៊ុនផង និងការអភិវឌ្ឍន៍ខ្លួនដើម្បីគោលដៅក្នុងជីវិតផង។

 

 

ប្រភេទទី៥. ដាក់គោលដៅ មានវិន័យ នាំអនុវត្ត៖ ជាប្រភេទមេដែលមានចក្ខុវិស័យសម្លឹងវែងឆ្ងាយពីដែលជាផលចំណេញរួម បង្កើតគោលដៅ ដាក់ផែនការ មានភាពជាអ្នកដឹកនាំខ្ពស់ មានវិន័យល្អ ឃើញខុសណែនាំ កែតម្រូវតម្រង់ទិសឬធ្វើតាមច្បាប់ ធ្វើត្រូវសរសើរនិងលើកទឹកចិត្តឱ្យធ្វើបន្ត។ ដាក់គោលដៅហើយតែងធ្វើជាគំរូឱ្យក្រុមការងារមើល ផ្តល់គំនិត យោបល់ និងរួមកម្លាំងគ្នាធ្វើដើម្បីសម្រេចការងារ ដោយមិនគិតពីការយកមុខមាត់តែម្នាក់ឯងនោះទេ ពេលធ្វើបានជោគជ័យ។

 

 

ជាការពិតនៅពេលដែលមេម្នាក់អាចបំពេញតួនាទីរបស់គាត់បានល្អ គាត់នឹងកាន់តែជោគជ័យក្នុងអាជីព បុគ្គលិកកាន់តែលូតខ្ពស់ ក្រុមហ៊ុនកាន់តែអភិវឌ្ឍន៍។ ដូច្នេះមិនថាអ្នកកាន់តួនាទីអ្វីនោះទេ ចូរបំពេញវាឱ្យបានល្អ មានជំនាញរឹងមាំ ដូចមហាសេដ្ឋីចិនលោក Jack Ma មានធ្លាប់មានប្រសាសន៍ថា "មានមេល្អ ប្រសើរជាង មានក្រុមហ៊ុនធំ"៕ 

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia