ធនាគារ វីង បានបន្តផ្តល់ការគាំទ្ររបស់ខ្លួនសម្រាប់កិច្ចការសង្គម និងមនុស្សធម៌ដោយបានបរិច្ចាគថវិកាចំនួន10,000 ដុល្លារអាមេរិក ដល់អង្គការស្នាមញញឹមកម្ពុជាក្នុងកំលុងបេសកកម្មព្យាបាលពិការភាពមុខមាត់ និងព្រឹត្តិការណ៍ “ដើរដើម្បីស្នាមញញឹម” ដែលមានរយៈពេល៤ថ្ងៃនៅក្នុងខេត្តសៀមរាបកាលពីពេលថ្មីៗនេះ។ ការបរិច្ចាគរបស់ធនាគារ វីង នឹងជួយទ្រទ្រង់សម្រាប់មូលនិធិផ្តល់ការវះកាត់ឥតគិតថ្លៃដល់អ្នកជំងឺបបូរមាត់ឆែប ក្រអូមមាត់ឆែប និងបញ្ហាមុខផ្សេងៗទៀត ដើម្បីជួយលើកកម្ពស់ការរស់នៅរបស់ពួកគេដោយផ្តល់នូវភាពងាយស្រួលក្នុងការទទួលទានអាហារ និយាយស្តី និងប្រាស្រ័យទាក់ទងនៅក្នុងសង្គម ជាដើម។
លោក Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “មាត់គឺជាផ្នែកដ៏សំខាន់មួយនៃរាងកាយរបស់មនុស្ស ប៉ុន្តែកុមារដែលកើតមកមានពិការភាពបបូរមាត់ឆែប និងក្រអូមមាត់ឆែប ជួបនូវផលលំបាកក្នុងការទទួលទានអាហារ ការនិយាយស្តី ហើយខ្វះទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃថែមទៀតផង។” "យើងខ្ញុំយល់យ៉ាងច្បាស់ពីទុក្ខលំបាកទាំងនេះរបស់ពួកគេ ហើយយើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយលើកកម្ពស់គុណភាពជីវិតរបស់កុមារកម្ពុជាដើម្បីឱ្យពួកគេអាចចាកចេញពីស្ថានភាពដ៏លំបាកនេះ។”
ចាប់តាំងពីឆ្នាំ 2020 មក ធនាគារ វីង គឺជាដៃគូគាំទ្រដ៏សកម្មរបស់អង្គការស្នាមញញឹមកម្ពុជា ដែលតែងតែចូលរួមជួយលើកកម្ពស់ការយល់ដឹងទៅដល់សាធារណជន ក៏ដូចជាផ្សព្វផ្សាយបេសកកម្មវះកាត់ ដោយប្រើប្រាស់ធនធានរបស់ខ្លួនដ៏ទូលំទូលាយនៅទូទាំងប្រទេសកម្ពុជាតាមរយៈ ភ្នាក់ងារធនាគារ វីង ជាង 11,000កន្លែង រួមជាមួយការិយាល័យធនាគារ វីង និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត។
កាលពីឆ្នាំមុន ធនាគារ វីង ក៏បានឧបត្ថម្ភថវិកាចំនួន 1០,000 ដុល្លារអាមេរិក ដើម្បីគាំទ្រដល់បេសកកម្មរបស់អង្គការស្នាមញញឹមកម្ពុជា ផងដែរ ។
លោក Dmytro Kolechko បានបន្ថែមទៀតថា៖ “អង្គការស្នាមញញឹមកម្ពុជា មិនគ្រាន់តែជួយឱ្យកុមារទទួលបាននូវស្នាមញញឹមដ៏ស្រស់ស្អាតប៉ុណ្ណោះទេ តែក៏ផ្តល់នូវក្តីសង្ឃឹមថ្មីមួយដែលពួកគេត្រូវការយ៉ាងចាំបាច់បំផុតដើម្បីកសាងអនាគតផងដែរ។ "យើងខ្ញុំពិតជាមានមោទនភាពដែលបានចូលរួមគាំទ្រអង្គការស្នាមញញឹមកម្ពុជាក្នុងការផ្លាស់ប្តូរជីវិតបុគ្គលឱ្យកាន់តែប្រសើរឡើង។ ពោលគឺស្នាមញញឹមអាចកសាងទំនុកចិត្តដ៏រឹងមាំ ហើយក៏ជាការបើកឱកាសសម្រាប់អនាគតដ៏ត្រចះត្រចង់ផងដែរ។”
បង្កើតឡើងក្នុងឆ្នាំ2015 ចាប់តាំងពីពេលនោះមកអង្គការស្នាមញញឹមកម្ពុជាបានជួយលើកកម្ពស់សុខុមាលភាពសង្គមដោយផ្តល់ការវះកាត់ និងថែទាំអ្នកជំងឺចំនួន 5,641 នាក់ នៅទូទាំងប្រទេសកម្ពុជា។ ដោយទទួលបានការគាំទ្រជាបន្តបន្ទាប់ពីដៃគូនានា ក៏ដូចជាធនាគារ វីង ជាដើម អង្គការនេះអាចពង្រីកកិច្ចការសង្គមរបស់ខ្លួនបានកាន់តែទូលំទូលាយ ដោយផ្តល់ការវះកាត់ ការថែទាំតាមដានសុខភាពអ្នកជំងឺ និងការព្យាបាលនានាទៅដល់កុមារមកពីគ្រួសារមានជីវភាពខ្វះខាតដែលត្រូវការជំនួយដ៏ចាំបាច់នេះ។
លោក Chan Kok Choy នាយកប្រតិបត្តិនៃអង្គការស្នាមញញឹមកម្ពុជាមានលើកឡើងថា៖ “នៅអង្គការស្នាមញញឹមកម្ពុជា យើងតែងតែយកចិត្តទុកដាក់ជួយទៅដល់ការព្យាបាលកុមារដោយមិនបន្សល់ទុកនូវពិការភាពមុខមាត់នៅពេលដែលគេពេញវ័យ។ ក្នុងឱកាសដ៏មានតម្លៃនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតឈប់ឈរពីធនាគារ វីង ក៏ដូចជាដៃគូសហការដ៏ទៃទៀតរបស់យើង។ យើងរួមគ្នាផ្តល់ក្តីសង្ឃឹម លើកកម្ពស់សុខុមាលភាព ក៏ដូចជាការកសាងទំនុកចិត្តទៅដល់កុមារ ដើម្បីនាំមកនូវផលវិជ្ជមានយូរអង្វែងទៅដល់អាយុជីវិតមនុស្សជាច្រើននៅក្នុងសហគមន៍"។
នៅក្នុងប្រទេសកម្ពុជា គ្រួសារជាច្រើននៅតែមានឧបសគ្គក្នុងការទទួលបាននូវព័ត៌មាន និងការព្យាបាលពិការភាពមុខមាត់ ដែលធ្វើឱ្យអ្នកជំងឺមានការឈឺចាប់រយៈពេលយូរ។
លោក ហួត ចិន្តា ជាកសិករមកពីខេត្តព្រៃវែងបានធ្វើដំណើរជាមួយភរិយារបស់គាត់ រយៈពេល១២ម៉ោងទៅកាន់ខេត្តសៀមរាបកាលពីថ្មីៗនេះ ដើម្បីនាំកូនស្រីរបស់គាត់ដែលទើបតែមានអាយុ៦ខែទៅទទួលការវះកាត់នៅទីនោះ។
លោកចិន្តាបានរៀបរាប់ថា៖ “ម្តាយឪពុកខ្ញុំមានការអាណិតចៅស្រីរបស់គាត់ជាខ្លាំង ព្រោះកូនខ្ញុំតែងតែឈ្លក់នៅពេលបៅទឹកដោះគោម្តងៗ។ បើគ្មានការព្យាបាលទេនោះ កូនស្រីខ្ញុំនឹងមានភាពខ្មាស់អៀន ហើយពិបាកចិត្ត នៅពេលដែលគេធំពេញវ័យ។ ក្រោយទទួលបានដំណឹងពីការព្យាបាលកូនស្រីដោយឥតគិតថ្លៃ លោកចិន្តា បានរៀបរាប់ទាំងអារម្មណ៍សប្បាយចិត្តថា៖ "ខ្ញុំនិងគ្រួសារពិតអរគុណខ្លាំងណាស់ ដែលពេលនេះកូនស្រីខ្ញុំ ទទួលបានការវះកាត់ឥតគិតថ្លៃ ហើយខ្ញុំពិតជាចង់ឃើញនូវស្នាមញញឹមដ៏ស្រស់ស្អាតរបស់កូនស្រីខ្ញុំបន្ទាប់ពីការវះកាត់រួចរាល់។”
ក្នុងកំលុងពេលបេសកកម្មវះកាត់កាលពីសប្តាហ៍មុន អ្នកជំងឺចំនួន 44 នាក់បានទទួលការវះកាត់ដោយជោគជ័យ ដោយនាំមកនូវក្តីសង្ឃឹមថ្មី និងអនាគតដ៏ភ្លឺស្វាងដល់គ្រួសាររបស់ពួកគេ។
ចំពោះអ្នកជំងឺដែលត្រូវការជំនួយ ឬការវះកាត់អាចចុះឈ្មោះព្យាបាលដោយឥតគិតថ្លៃ សូមទំនាក់ទំនងទៅទូរសព្ទលេខ៖ 012 655 786, 023 211 405 ឬ 096 846 6991។ ជាមួយគ្នានេះ សាធារណជនទាំងអស់ក៏អាចគាំទ្រអង្គការស្នាមញញឹមកម្ពុជា ដែលអាចបរិច្ចាគតាមរយៈអេប Wing Bank ឬអញ្ចើញទៅកាន់ភ្នាក់ងារ វីង ណាមួយទូទាំងប្រទេសដែលនៅជិតបំផុត ហើយគ្រាន់តែប្រើលេខកូដ 9927 សម្រាប់ការបរិច្ចាគជាប្រាក់រៀល ឬលេខកូដ9928 សម្រាប់ការបរិច្ចាគជាប្រាក់ដុល្លារ។ ហើយទឹកប្រាក់បរិច្ចាគទាំងអស់ 100% នឹងចូលទៅក្នុងគណនីអង្គការស្នាមញញឹមកម្ពុជាដោយផ្ទាល់ ដើម្បីបន្តទ្រទ្រង់បុព្វហេតុសង្គមដ៏មានតម្លៃនេះ៕