រាល់ថ្ងៃមានមនុស្សមិនតិចទេដែលកំពុងរស់នៅស្រ្តេសជាមួយនឹងបំណុលមិនដឹងថារកច្រកចេញពីបំណុលដោយរបៀបណា ហើយក៏មិនដឹងថាធ្វើបែបណាដើម្បីស្រួលខ្លួននិងធូរស្រាលពីបញ្ហាបំណុលខណៈបច្ចុប្បន្នម្នាក់ៗពិបាករកលុយក្នុងការបង់សងបំណុលប្រចាំខែ។
ជុំវិញបញ្ហាបំណុល លោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុល្បីរបស់អាមេរិកបានចែករំលែកពីក្បួនដោះបំណុលមួយដែលមានឈ្មោះថា Debt Snowball ដែលជួយមនុស្សរាប់លាននាក់រួចពីបំណុល។
តើក្បួនដោះបំណុល Debt Snowball វាមានដំណើរការដូចម្ដេចទើបអាចជួយមនុស្សរាប់លាននាក់បានធូស្រាលពីបញ្ហាបំណុល?
គោលការណ៍ចម្បងនៃក្បួនដោះបំណុល Debt Snowball គឺគេដោះបំណុលពីតូចទៅធំ។ ខាងក្រោមនេះគឺជាជំហានទាំង៤ក្នុងការអនុវត្តដោះបំណុលតាមក្បួន Debt Snowball។
១. សរសេរចុះនូវបំណុលទាំងអស់ដែលអ្នកមានដាក់លើក្រដាស រួចហើយដាក់លេខរៀងតាមលំដាប់ពីតូចទៅធំ។
២. រៀងរាល់ខែបង់បំណុលនីមួយៗក្នុងទឹកប្រាក់តិចបំផុត។ ត្រង់នេះមានន័យថាបើនៅធនាគារA គេត្រូវឲ្យបង់យ៉ាងតិច១០០ដុល្លារក្នុងមួយខែ ដូច្នេះមួយខែអ្នកបង់ធនាគារAតែ១០០ដុល្លារបានហើយ មិនបាច់បង់បង់ច្រើនជាងនេះនោះទេ។
៣. ភ្ជាប់ទៅនឹងចំណុចទី២ខាងលើ បំណុលនីមួយៗ បង់ប្រចាំខែតិចបំណុលតាមម្ចាស់បំណុលតម្រូវ ប៉ុន្ដែសម្រាប់បំណុលដែលតូចជាងគឺអ្នកត្រូវបង់សងប្រចាំខែឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ការធ្វើបែបនេះធ្វើឲ្យអ្នកអាចបង់បំណុលតូចឆាប់អស់ ហើយលុយដែលអ្នកតែងតែយកមកបង់បំណុលតូចបំផុតនោះ អាចយកមកបង់បំណុលតូចបន្ទាប់ទៀតក្រោយពីបំណុលតូចបំផុតបង់អស់ហើយ។
៤. អ្នកត្រូវអនុវត្តតាមជំហានទាំង៣ដែលបានរៀបរាប់ខាងដដែលៗរហូតដល់អាចដោះបំណុលទាំងអស់បានដោយជោគជ័យ។
តាមពិតទៅក្បួនដោះបំណុល Debt Snowball ដែលអនុវត្តដោះបំណុលពីតូចទៅធំគឺជាក្បួនដែលត្រូវបានគេហៅថាក្បួនដោះបំណុលឈ្នះៗ ដោយអ្នកជំពាក់បំណុលគាត់មានទឹកចិត្តក្នុងការដោះបំណុលដោយសារពួកគាត់បានមើលឃើញបំណុលរបស់ពួកគាត់ចាប់ផ្ដើមបាត់បន្តិចម្ដងៗតាមរយៈការដោះពីតូចទៅធំនេះឯង៕