កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ ប្រទេសមីម៉ានម៉ា បានរងនូវគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ មានកម្រិត ៧.៧ រិចទ័រ ដែលធ្វើឲ្យមានការបាត់បង់អាយុជីវិតប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រោយជួបគ្រោះមហន្ដរាយនេះភ្លាម មេដឹកនាំប្រទេសមីយ៉ានម៉ាគឺលោក លោកឧត្តមសេនីយ៍ Min Aung Hlaing បានស្នើសុំជំនួយពីប្រទេសជុំវិញពិភពលោកផងដែរ។
ឆ្លើយតបនឹងការស្នើសុំនេះ មានប្រទេសចំនួន ៤ ហើយបានធ្វើការផ្ដល់ជំនួយដូចជា សម្ភារ និងអ្នកជំនាញមកជួយសង្រ្គោះជីវិតប្រជាជនមីយ៉ាន់ម៉ាដោយក្នុងនោះរួមមាន៖ ចិន សហរដ្ឋអាមេរិក រុស្ស៊ី និងឥណ្ឌា។ តាមការដកស្រង់ពីសារព័ត៌មាន The Nation នៅមុននេះបន្ដិចបានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ចិនបានបញ្ជួនក្រុមជួយសង្គ្រោះមកដល់ប្រទេសមីយ៉ាន់ម៉ាភ្លាម ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីក៏បានផ្តល់ជំនួយក្នុងគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនេះដែរ។
ដោយឡែកប្រទេសឥណ្ឌាវិញ ឥណ្ឌាបានបញ្ជូនក្រុមសង្គ្រោះ និងពេទ្យទៅមីយ៉ាន់ម៉ា។ ដោយក្នុងនោះយន្តហោះរបស់កងទ័ពអាកាសបានបញ្ជូនសម្ភារៈសង្គ្រោះបន្ទាន់ រួមមាន៖ ភួយ អាហារ សម្ភារៈអនាម័យ ថង់ដេក គោមដើរដោយថាមពលពន្លឺព្រះអាទិត្យ និងឧបករណ៍ធ្វើម្ហូបជាដើម។
សូមជម្រាបថា គិតត្រឹមថ្ងៃសៅរ៍នេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅម៉ាន់ម៉ាបានកើនឡើងដល់ ១ ០០២ នាក់ហើយ ២ ៣៧៦ នាក់បានរងរបួសនិង ៣០ នាក់បាត់ខ្លួន។ ហើយបើតាមការព្យាករណ៍របស់ ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (United States Geological Survey) បានប៉ាន់ប្រមាណថាចំនួនអ្នកស្លាប់អាចកើនលើសពី ១ ម៉ឺននាក់ឯណោះ៕