នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានរាយការណ៍ថាចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅម៉ាន់ម៉ាកាលពីថ្ងៃសុក្របានកើនឡើងដល់ ១ ០០២ នាក់ហើយ ២ ៣៧៦ នាក់បានរងរបួសនិង ៣០ នាក់បាត់ខ្លួន។ ខណៈនៅក្នុងទីក្រុង Mandalay មានចំនួនអ្នកស្លាប់ខ្ពស់ជាងគេ។
យោងតាមការដកស្រង់ពី The Nation នៅថ្ងៃទី២៩ ខែមីនា រដ្ឋាភិបាលយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា "ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ស្ពាន និងអគារត្រូវបានប៉ះពាល់ ដែលនាំឱ្យមានការស្លាប់ និងរបួសក្នុងចំណោមជនស៊ីវិល។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងត្រូវបានអនុវត្តនៅក្នុងតំបន់ដែលរងផលប៉ះពាល់" ។
ដោយឡែកមេដឹកនាំរបបយោធា លោកឧត្តមសេនីយ៍ Min Aung Hlaing បានព្រមានកាលពីថ្ងៃសុក្រអំពីការស្លាប់ និងរបួសបន្ថែមទៀត ខណៈដែលលោកបានអំពាវឱ្យមានផ្តល់ជំនួយ និងការបរិច្ចាគ ពីពិភពលោក។
យ៉ាងណានៅថ្ងៃសៅរ៍នេះ ក្រុមជួយសង្គ្រោះចិនបានមកដល់ ខណៈដែលរុស្ស៊ី និងសហរដ្ឋអាមេរិកបានផ្តល់ជំនួយក្នុងគ្រោះមហន្តរាយដែលបានវាយប្រហារនៅពេលថ្ងៃត្រង់កាលពីថ្ងៃសុក្រ និងបានបំផ្លាញអគាររាប់រយនៅក្នុងប្រទេសថៃដែលជាអ្នកជិតខាងផដែរ។
ឥណ្ឌាបានបញ្ជូនក្រុមសង្គ្រោះ និងពេទ្យទៅមីយ៉ាន់ម៉ា។ យន្តហោះរបស់កងទ័ពអាកាសបានបញ្ជូនសម្ភារៈសង្គ្រោះបន្ទាន់ រួមមានភួយ អាហារ សម្ភារៈអនាម័យ ថង់ដេក គោមដើរដោយថាមពលពន្លឺព្រះអាទិត្យ និងឧបករណ៍ធ្វើម្ហូប។
បើតាមការព្យាករណ៍របស់ ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (United States Geological Survey) បានប៉ាន់ប្រមាណថាចំនួនអ្នកស្លាប់អាចលើសពី ១ ម៉ឺននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយការខាតបង់អាចលើសពីតម្លៃនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះផងដែរ៕