ក្រុមហ៊ុន Berkshire Hathaway របស់សេដ្ឋី Warren Buffett គឺជាក្រុមហ៊ុនមួយដែលមានសាច់ប្រាក់សុទ្ធក្នុងដៃច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនអាមេរិក ហើយនៅក្នុងឆ្នាំ២០២៣នេះក្រុមហ៊ុនមានសាច់ប្រាក់សុទ្ធ(Cash) ក្នុងដៃរហូតដល់ទៅ១៤៧ពាន់លានដុល្លារ។
បើយោងតាមការចុះផ្សាយរបស់ CNBC សេដ្ឋី Warren Buffett បានលើកឡើងថាមូលហេតុដែលក្រុមហ៊ុន Berkshire Hathaway តែងតែរក្សាសាច់ប្រាក់សុទ្ធច្រើនគឺក្រុមហ៊ុនផ្ដោតយកចិត្តទុកដាក់ខ្ពស់លើម្ចាស់ភាគហ៊ុន។ មិនតែប៉ុណ្ណោះគាត់ចង់ធានាថាម្ចាស់ភាគហ៊ុនមានសុវត្ថិភាព ជាពិសេសការមានសាច់ប្រាក់សុទ្ធក្នុងដៃច្រើនគឺអាចការពារនៅពេលដែលស្ថានភាពសេដ្ឋកិច្ចច្របូលច្របល់។
សេដ្ឋីវ័យ៩២ឆ្នាំរូបនេះ បានបន្តទៀតថា មានមនុស្សជាច្រើនបានវិនិយោគជាមួយក្រុមហ៊ុន Berkshire Hathaway ដោយយកទាំងប្រាក់សន្សំពួកគាត់មកវិនិយោគជាមួយក្រុមហ៊ុនរំពឹងពួកគាត់នឹងទទួលបានផលចំណេញ។ ដូច្នេះការទុកសាច់ប្រាក់សុទ្ធគឺដើម្បីធានានូវភាគលាភសម្រាប់ម្ចាស់ភាគហ៊ុន។ លើសពីនេះ ការមានសាច់ប្រាក់សុទ្ធគឺជាការការពារក្រុមហ៊ុនក្នុងគ្រាមានអាសន្ន។ ត្រង់នេះ Warren Buffett បាននិយាយថា” យើងមិនចង់ពឹងពាក់អ្នកដទៃ មិត្តភក្ដិឬសាច់ញាតិនោះទេ អ៊ីចឹងការមានសាច់ប្រាក់សុទ្ធគឺអាចជួយយើងដោះស្រាយបញ្ហាបានគ្រប់ពេល”។
ដោយសារតែងតែមានសាច់ប្រាក់សុទ្ធក្នុងដៃនេះហើយទើបធ្វើឲ្យសេដ្ឋីWarren Buffett អាចកសាងទ្រព្យក្លាយជាសេដ្ឋីមានទ្រព្យរាប់ពាន់លានដុល្លារ។ ជាក់ស្ដែងកាលពីឆ្នាំ២០១១ Warren Buffett បានចាក់លុយ៥ពាន់លានដុល្លារទិញហ៊ុន Bank of America ក្នុងតម្លៃធូរថ្លៃ ហើយរហូតមកដល់ពេលនេះហ៊ុនគាត់មានតម្លៃថ្លៃ។
មិនតែប៉ុណ្ណោះដោយសារតែមានសាច់ប្រាក់សុទ្ធក្នុងដៃ ក្រុមហ៊ុន Berkshire Hathaway បានចាក់លុយ៥ពាន់លានដុល្លារជួយសង្រ្គោះធនាគារ Goldman Sachs ពីការដួលរលំបន្ទាប់ពីធនាគារ Lehman Brothers ដួលរលំនៅឆ្នាំ២០០៨ក្នុងវិបត្តិហិរញ្ញវត្ថុសកល។
លោក Bill Stone បានឲ្យដឹងក្រុមហ៊ុន Berkshire Hathaway របស់សេដ្ឋី Warren Buffett ទុកសាច់ប្រាក់សុទ្ធក្នុងដៃច្រើនគឺជាសមត្ថភាពពិសេសដែលធ្វើឲ្យក្រុមហ៊ុនអាចទាញប្រយោជន៍ជាពិសេសចាប់ឱកាសអំឡុងពេលដែលទីផ្សារដាំក្បាលចុះ។ ជាក់ស្ដែងក្រុមហ៊ុននេះបានវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនជាច្រើនពេលផ្សារហ៊ុនដាំក្បាលចុះហើយទិញហ៊ុនបានក្នុងតម្លៃទាប ហើយពេលសេដ្ឋកិច្ចងើបឡើងវិញ ធ្វើឲ្យហ៊ុនទាំងនោះមានតម្លៃកប់ពពក៕