ក្រុមហ៊ុន ARK Electronics Group ដែលមានមូលដ្ឋាននៅប្រទេសចិន គ្រោងនឹងវិនិយោគសាងសង់សួនឧស្សាហកម្មខ្នាតយក្ស ទំហំ ១ ពាន់ហិកតា នៅក្នុងខេត្ដកំពង់ស្ពឺ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ចាង វេនហ្សា អគ្គនាយិកាក្រុមហ៊ុន នៅក្នុងជំនួបជាមួយឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។
លោកស្រីអគ្គនាយិកាថា សួនឧស្សាហកម្មដែលក្រុមហ៊ុនគ្រោងនឹងបើកនេះ គឺផ្តោតលើកែច្នៃផលិតផលកសិកម្ម ជាមួយនឹងអត្តសញ្ញាណ និងយីហោផលិតផលខ្មែរ ធ្វើសួនឧស្សាហកម្ម បង្គំគ្រឿងអេឡិចត្រូនិក និងផលិតឈីបពាក់កណ្តាលសម្រេច ព្រមទាំងសួនឧស្សាហកម្មដ៏ទៃទៀត ដែលបម្រើឱ្យតម្រូវការជាក់ស្តែងរបស់ខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន នៅឯប្រទេសចិន ដែលមានសួនឧស្សាហកម្មសុរបចំនួន១៤។ ហើយគម្រោងនេះនឹងត្រូវស្ថាបនាលើផ្ទៃដីប្រមាណ១០០០ហិកតា ក្រោមទុនវិនិយោគប្រហែល១.៣ពាន់លានដុល្លាអាមេរិក និងប្រើប្រាស់កម្លាំងកម្មករ កម្មការិនី សរុបប្រមាណជាង ៣០០០នាក់។
លោកស្រីបន្ថែមថា សួនឧស្សាហកម្មទាំងនេះ នឹងដំណើការដោយការប្រើប្រាស់បច្ចេកវិទ្យា AI និង Technology ឧស្សាហកម្មចុងក្រោយបំផុតដែលអាចសន្និដ្ឋានបានថា ជាសួនឧស្សាហកម្មដែលនាំមកនូវបច្ចេកវិទ្យាចុងក្រោយ ឱ្យមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ទាក់ទិនរឿងនេះដែរឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ បានបង្ហាញនូវក្ដីត្រេកអរដែលក្រុមហ៊ុន ARK Electronics Group គ្រោងនឹងមកវិនិយោគនៅក្នុងខេត្ដកំពង់ស្ពឺ ហើយបានសន្យារជួយខេត្ដក្នុងការរៀបចំផែនការមេក្នុងការអភិវឌ្ឍឲ្យខេត្ដមួយនេះមានសោភ័ណ្ឌភាពដូចខេត្ដ henzhen និង Zhongguancun ប្រទេសចិន។
ក្នុងនោះឯកឧត្ដមក៏បានផ្ដល់អនុសាស្ដ្រឲ្យក្រុមហ៊ុនចុះអនុស្សរណៈជាមួយនឹងរដ្ឋបាលដើម្បីឈានទៅទទួលបានឱកាសសិក្សា ជាពិសេសលើឱកាសវិនិយោគថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់។ ឯកឧត្ដមបញ្ជាក់ផងដែរថា សម្រាប់ខេត្ដកំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រ សហគ្រាស សរុបប្រមាណជាង ៤០០ កន្លែង ដែលមានកម្លាំងកម្មករសរុបជិត ១៦ ម៉ឺននាក់ ខណៈការវិនិយោគលើរោងចក្រទាំងអស់នៅក្នុងខេត្ដនេះ គឺអ្នកវិនិយោគចិនមានសរុប ៩០ ភាគរយហើយ៕
រូបតំណាង