បិទបន្តកន្ទុយគ្នា! ត្រឹមចុងឆ្នាំ២០២៤ នេះ មានក្រុមហ៊ុនល្បី២ សម្រេចចិត្តឈប់រកស៊ីនៅវៀតណាមហើយ
ធី ស្រីល័ក្ខNOVEMBER 27 20241.2 K views

គិតត្រឹមចុងឆ្នាំ២០២៤ នេះ មានក្រុមហ៊ុនល្បីឈ្មោះ២ ហើយបានសម្រេចដើរចេញឈប់រកស៊ីនៅប្រទេសវៀតណាម ក្រោយពីជួបបញ្ហាលក់មិនដាច់ ប្រាក់ចំណូលធ្លាក់ចុះទប់ទល់នឹងចំណាយមិនរួចរហូតបានសម្រេចបិទរោងចក្រនិងក្រុមហ៊ុនចោលតែម្តង។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន Vn.express។

 

ជាក់ស្តែង កាលពីកន្លងទៅ ក្រុមហ៊ុនដឹកជញ្ជូនល្បីឈ្មោះមួយរបស់ឥណ្ឌូនេស៊ី Gojek បានប្រកាសដើរចេញពីទីផ្សារវៀតណាមចាប់ពីពេលនេះទៅហើយ។ ចំពោះមូលហេតុនៃការដើរចេញនេះដែរ លោក Patrick Walujo ជានាយកប្រតិបត្តិGojek បាននិយាយថា កាលឆ្នាំមុនក្រុមហ៊ុនមានគោលបំណងរកបានប្រាក់ចំណេញឱ្យបានច្រើន ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុនបានបន្តធ្លាក់ចុះចុះជាង ៨០ភាគរយចាប់តាំងពីការផ្តល់ជូនជាសាធារណៈលើកដំបូងផងដែរ។

 

បន្ទាប់ពីសម្រេចដើរចេញពីវៀតណាមក្រុមហ៊ុនក៏បាននិយាយថា "យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិក អ្នកប្រើប្រាស់ ដៃគូអ្នកបើកបរ និងដៃគូភោជនីយដ្ឋានទាំងអស់ ដែលបានចូលរួមចំណែក និងជាផ្នែកសំខាន់នៃអាជីវកម្មរបស់ Gojek នៅក្នុងប្រទេសវៀតណាមហើយយើងនឹងផ្តល់ការគាំទ្រជាចាំបាច់ដល់ភាគីដែលរងផលប៉ះពាល់ទាំងអស់ក្នុងអំឡុងពេលអន្តរកាលនេះ”។

២

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុនដឹកជញ្ជូន Gojek របស់ឥណ្ឌូនេស៊ីនេះបានចាប់ផ្តើមចូលក្នុងទីផ្សារវៀតណាមតាំងពីឆ្នាំ២០១៨ មកម្លេះ ដោយបានប្តូរឈ្មោះថាGoviet ហើយនាពេលនេះដោយសារក្រុមហ៊ុនចង់ផ្លាស់ប្តូរផែនការដែលចង់រកទីផ្សារល្អជាងវៀតណាម ទើបក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ីប្រកាសឈប់រកស៊ីនៅវៀតណាមផ្ទាល់តែម្តងទៅ។

 

ជាមួយគ្នានោះដែរ កាលពីថ្មីៗកន្លងទៅក្រុមហ៊ុន Heineken ក៏បានប្រកាសបិទរោងចក្រស្រាបៀររបស់ខ្លួននៅក្នុងខេត្ត Quang Nam នៅប្រទេសវៀតណាម ដោយសារតែការធ្លាក់ចុះមិនធ្លាប់មានពីមុនមក។រោងចក្រនេះបានបើកដំណើរការតាំងពីឆ្នាំ២០០៧ មកម្លេះនៅប្រទេសវៀតណាមហើយរោងចក្រនេះជារោងចក្រដែលតូចបំផុតក្នុងចំណោមរោងចក្រដែលផលិតស្រា Heineken ទាំង៦នៅក្នុងប្រទេសវៀតណាម។

 

ប៉ុន្តែ បើទោះបីជាប្រឹងរកស៊ីយូរយ៉ាងណាក៏ដោយប៉ុន្តែពេលនេះរោងចក្រ Heineken បានប្រកាសបិទរោងចក្រនៅវៀតណាមហើយ​បន្ទាប់ពីប្រឈមមុខនឹងការធ្លាក់ចុះខ្លាំងហើយពេលនេះរោងចក្រមួយនេះ កំពុងតែស្វែងរកក្រុមហ៊ុនផ្សេងៗដែលមានគោលបំណងចង់ទិញយកបន្ត ពីព្រោះក្រុមហ៊ុនគឺគ្មានបំណងក្នុងបន្តដំណើរការនៅប្រទេសវៀតណាមទៀតឡើយ។

១

គួរជម្រាបថា ក្រុមហ៊ុន Heineken បានរកប្រាក់ចំណូលបានជាង ១.១ ពាន់លានដុល្លារក្នុងការវិនិយោគនៅក្នុងប្រទេសវៀតណាម ហើយរោងចក្រនេះបានផ្តល់ឱកាសការងារដោយផ្ទាល់ដល់មនុស្សជាង ៣ពាន់នាក់ ដែលរួមចំណែក ១.០៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia