ឈរជើងលើទីផ្សារបាន ៣៥ឆ្នាំ ទីបំផុត ក្រុមហ៊ុនអចលនទ្រព្យវៀតណាម កំពុងធ្លាក់ចូលបំណុលហៅលែងឮខណៈបុគ្គលិកកំពុងប្រឈមខ្វះប្រាក់ខែ
ធី ស្រីល័ក្ខNOVEMBER 21 20231.1 K views

ក្រោយខំរកស៊ីរហូតដល់ទៅ៣៥ឆ្នាំ ទីបំផុតក្រុមហ៊ុនអចលនទ្រព្យមួយរបស់វៀតណាមគឺក្រុមហ៊ុន HDTC បានជួបបញ្ហាបំណុលរហូតបង្ខំចិត្តផ្អាកការងារបុគ្គលិកជាបណ្តោះអាសន្ន ដោយសារគ្មានប្រាក់គ្រប់គ្រាន់បើកឱ្យបុគ្គលិក។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន e-vnexpress។

លោក Dinh Chi Minh ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យ HDTC បាននិយាយថា នាពេលនេះបុគ្គលិករបស់យើងមានសរុបប្រហែល១ពាន់នាក់ ហើយហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគឺបានអស់ហើយ ដូច្នេះយើងពុំមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកឡើយ ដូច្នេះទើបក្រុមហ៊ុនរបស់យើងបានប្រកាសទៅដល់បុគ្គលិកភាគច្រើនដែលកំពុងតែធ្វើការឱ្យ HDTC ឬក្រុមហ៊ុនបុត្រសម្ព័ន្ធណាមួយរបស់យើងឱ្យពួកគាត់ឈប់សម្រាកជាបណ្តោះអាសន្នសិន ខណៈពេលដែលយើងកំពុងរង់ចាំឱ្យអាជីវកម្មចាប់ផ្តើមងើបឡើងវិញ។

ប្រភពសារព័ត៌មានខាងលើ បានឱ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុនអចលនទ្រព្យ HDTC របស់វៀតណាម បានជំពាក់បំណុលពន្ធរហូតដល់ទៅ ៣១លានដុល្លារបើគិតត្រឹមខែសីហាកន្លងទៅ ដោយសារតែជាប់បំណុលដ៏ច្រើនបែបនេះហើយនាពេលនេះក្រុមហ៊ុន HDTC ក៏បានជាប់បញ្ជីក្នុងនាយកដ្ឋានពន្ធដារនៃទីក្រុងហូជីមិញដែលជាក្រុមហ៊ុនជាប់បំណុលពន្ធយ៉ាងធ្ងន់ធ្ងរ។

លើសពីនេះទៅទៀត អ្នកជំនាញទីផ្សារអចលនទ្រព្យនៅវៀតណាម បានប៉ាន់ស្មានថាពីចុងឆ្នាំ ២០២៣ រហូតដល់ដើមឆ្នាំ ២០២៤ ក្រុមហ៊ុនជាច្រើនទៀតនៅវៀតណាមនឹងចាកចេញព្រោះតែមិនអាចទប់ទល់នឹងព្យុះសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះបាន។

 

គួរបញ្ជាក់ថា ក្រៅពីក្រុមហ៊ុន HDTC បានសម្រេចផ្អាកការងារបុគ្គលិកជាបណ្តោះអាសន្ន នាពេលថ្មីៗ នេះក៏មានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗផ្សេងទៀតដូចជា Dat Xanh Corporation, Phat Dat Corporation និង Novaland Group សុទ្ធតែបានអនុវត្តបញ្ឈប់ការងារពីបុគ្គលិកដូចគ្នា។ មិនតែប៉ុណ្ណោះសូម្បីតែក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនទៀតក៏បានបញ្ឈប់គម្រោងថ្មីៗទាំងអស់ និងនាំគ្នាកាត់បន្ថយចំណាយយ៉ាងហោចណាស់ ៥០% នៃកម្លាំងពលកម្មរបស់ពួកគេផងដែរ៕

អត្ថបទ៖ ធី ស្រីល័ក្ខ