ពេលខឹងឪពុកម្តាយតែងធ្លោយមាត់ ស្រែកដាក់កូន! អ្នកចិត្តសាស្រ្តកុមារថា គួរធ្វើរឿងនេះ ក្រោយស្រែករួច
Ping Chou EngOCTOBER 28 20241.3 K views

អ្នកស្រីវេជ្ជបណ្ឌិត Tovah Klein អ្នកជំនាញចិត្តសាស្រ្តកុមារ ជាអ្នកនិពន្ធ និងជានាយកមជ្ឈមណ្ឌល Barnard College Center for Toddler Development បានឱ្យលើកឡើងថា គ្មាន​ឪពុក​ម្តាយ​ដែល​ល្អ​ឥត​ខ្ចោះ​ មិនចេះធ្លោយមាត់ ស្រែកគំហុក ស្តីបន្ទោសដាក់កូននោះ​ទេ ជាពិសេសនៅពេលដែលកូនៗនៅតូចៗ រករឿងនៅរៀងរាល់ល្ងាចដែលឪពុកម្តាយភាគច្រើន កំពុងហត់នឿយស្រាប់ពីការងារ។

 

យ៉ាងណាមិញនៅក្នុងសៀវភៅ ទើបបោះពុម្ពចុងក្រោយបង្អស់របស់ខ្លួន ដែលមានចំណងជើងថា Raising Resilience អ្នកស្រី Tovah Klein បានចែករំលែកថានាងក៏ដូចឪពុកម្តាយភាគច្រើនដែរ គឺតែងស្រែកដាក់កូនៗ កាលពីពួកគេនៅតូច ជាពិសេសនៅពេលល្ងាច រាល់ពេលដែលកូនៗ រករឿងមិនញុំាអាហារនិងមិនងាយចូលគេងនៅពេលយប់។

 

ក្នុងនោះអ្នកស្រីបានបន្តពន្យល់ថា ការស្រែកគឺជារឿងធម្មតាទេ ដើម្បីបញ្ចេញកំហឹង។ ប៉ុន្តែក្រោយការស្រែករួច ឪពុកម្តាយត្រូវប្រញាប់សុំទោសកូនភ្លាមៗហើយប្រាប់ហេតុផលដែលពួកគេគួរធ្វើនឹងមិនគួរធ្វើ។

 

ពីព្រោះពាក្យសុំទោស នេះនឹងអាចដោះស្រាយអារម្មណ៍តានតឹងរបស់កុមារឱ្យធូរស្រាល បានភ្លាមៗ អំពី ការស្តីបន្ទោសខ្លួនឯង និងភាពបាក់ស្បាតរបស់ពួកគេ ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានរយៈពេលវែង ដល់សុខភាពផ្លូវចិត្តរបស់កូនៗ ។

 

ទន្ទឹមនឹងនេះផ្អែកលើការសិក្សារបស់ The Journal of Child Development នៅឆ្នាំ ២០១៣ ក៏បានបញ្ជាក់ផងដែរថា កុមារដែលតែងតែស្រែកយំជាប្រចាំ ទំនងជាមានបញ្ហាអាកប្បកិរិយា ដោយសារការស្តីបន្ទោសខ្លួន​ឯង និងការធ្លាក់ទឹកចិត្ត បាក់ស្បាត ក្រោយទទួលការស្រែកកំហុកពីនរណាម្នាក់ ។

 

ដោយឡែកផ្អែកលើការចែករំលែករបស់ អ្នកស្រី Arielle Dualan អ្នកប្រឹក្សាផ្នែកសុខភាពគ្រួសារនិងអាពាហ៍ពិពាហ៍ បានប្រាប់ពីរបៀបនិយាយសុំទោស ទៅកាន់កូនដោយឪពុកម្តាយអាចនិយាយថា ឱ្យប៉ា/ម៉ាក់សុំទោស ប៉ុន្តែកូនមិនគួរឬកូនគួរតែធ្វើ.

 

ជាការពិតណាស់ការសុំទោសទៅកាន់កូនៗមិនមែនជារឿងអន់ ឬមនុស្សចាស់មិនគួរសុំទោសក្មេងនោះទេ ប៉ុន្តែចូរចាំថា គ្មានមនុស្សណាម្នាក់ដែលមិនធ្លាប់ប្រព្រឹត្តកំហុសឆ្គងនោះទេ ក្នុងនោះបូករួមទាំងឪពុកម្តាយផង។

 

ចំពោះការព្រមសារភាព និងហ៊ាននិយាយពាក្យសុំទោសទៅកាន់កូនៗតូចៗនេះគឺជាឥរិយាបទវិជ្ជមានដែលជួយឲ្យពួកគេកាន់តែមានភាពជឿជាក់មកលើខ្លួនឯង មិនងាយបាក់ស្បាត ពិសេសវាជាគំរូវិជ្ជមានរបស់ឪពុកម្តាយ ដែលអាចជួយបង្រៀន និងជះឥទ្ធិពលឱ្យកូនៗរបស់អ្នកក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ និងចេះដោះស្រាយបញ្ហាដោយសន្តិវិធី នៅពេលពួកគេចម្រើនវ័យ រហូតដល់ចាស់កោងខ្នង៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia