បេឡាជាតិសន្តិសុខសង្គម សរសេរអក្សរកាត់ថា ប.ស.ស. ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជន តាមរយ:ការផ្តល់នូវតាវកាលិក (ប្រាក់ឧបត្ថម្ភ) លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និង ផ្នែកប្រាក់សោធន។
ចំពោះប័ណ្ណ ប.ស.ស. នេះមានវិសាលភាពទៅលើបុគ្គលដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារទាំង វិស័យសាធារណៈ វិស័យឯកជន បុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ អ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍។
សម្រាប់បុគ្គលដែលអាចក្លាយជាសមាជិក (ប.ស.ស.) បានលុះត្រាតែបុគ្គលម្នាក់នោះកំពុងធ្វើការ ឬកំពុងបម្រើការងារជូនគ្រឹះស្ថានក្រុមហ៊ុនដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ ហើយបានសហការជាមួយនឹងសមាជិក (បសស)។ដោយឡែកចំពោះ បុគ្គលដែលឈប់បម្រើការងារក៏អាចនៅតែប្រើប័ណ្ណ ប.ស.ស បានធម្មតានៅក្នុងករណីដូចខាងក្រោម ៖
១. ក្នុងករណីលោកអ្នកបានធ្វើប័ណ្ណសមាជិក ប.ស.ស. រួចរាល់ និងថៅកែ ឬម្ចាស់ក្រុមហ៊ុនរបស់អ្នក បានប្រកាសភាគទាន (បង់ភាគទាន) មក ប.ស.ស. បានចំនួន ២ខែជាប់គ្នា ហើយអស់កាតព្វកិច្ចបង់ភាគទាន (ឈប់ធ្វើការ) នោះលោកអ្នកមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប.ស.ស. បានចំនួន ២ខែបន្ទាប់ (គិតចាប់ពីថ្ងៃប្រកាសភាគទានខែទី២) នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ។
២. ក្នុងករណីលោកអ្នកបានធ្វើប័ណ្ណសមាជិក ប.ស.ស. រួចរាល់ និងថៅកែ ឬម្ចាស់ក្រុមហ៊ុន បានប្រកាសភាគទាន (បង់ភាគទាន) មក ប.ស.ស. បានយ៉ាងតិចចំនួន ៦ខែក្នុងរយៈពេល ១២ខែចុងក្រោយគិតមកដល់ខែដែលមានបញ្ហាសុខភាព ឬសម្រាលកូន នោះសមាជិកដែលមានប័ណ្ណសមាជិក ប.ស.ស. ខាងលើមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប.ស.ស. ជាធម្មតានៅគ្រប់មន្ទីរពេទ្យដៃគូរបស់ ប.ស.ស. ៕