មែនទែនទៅសម្រាប់វិធីសាស្ត្រដើម្បីជម្រុញការលក់អចលនវត្ថុត្រូវបានគេធ្វើឡើងផ្សេងៗពីគ្នា ហើយក្នុងនោះលទ្ធផលដែលទទួលបានមកវិញក៏មានភាពខុសគ្នាដែរ ដោយវិធីសាស្ត្រទាំងនោះរួមមានដូចជាការដាក់ស្លាកលក់ ការពឹងផ្អែកទៅលើភ្នាក់ងារ ការផ្សព្វផ្សាយដោយខិតប័ណ្ណ ឬការដាក់លក់នៅតាមបណ្តាញទំនាក់ទំនងសង្គមជាដើម។ តែយ៉ាងណាវិធីសាស្ត្រទាំងនេះក៏អាចទទួលបានផលដែរ ប៉ុន្តែអត្រាតិចបំផុត ព្រោះបច្ចុប្បន្នមានវិធីសាស្ត្រផ្សេងៗជាច្រើនទៀតដែលអាចមានប្រសិទ្ធភាពខ្ពស់។
យោងតាមការដកស្រង់ចេញពីគេហទំព័រ bankrate បានបង្ហាញពីស្នៀតចំនួន៣ ធ្វើឱ្យលោកអ្នកលក់ផ្ទះឆាប់ដាច់ដោយមិនបាច់ដាក់ស្លាក់លក់៖
១. ធ្វើវីដេអូ និងរូបភាពពណ៌នាលក្ខណៈពិសេសនៃផ្ទះ
មនុស្សភាគច្រើនដាក់លក់ផ្ទះដោយគ្រាន់តែភ្ជាប់រូបថតផ្ទះត្រឹមតែ១ទៅ២សន្លឹកប៉ុណ្ណោះ។ ការធ្វើបែបនេះ បើទោះជាមានអ្នកចង់ទិញក៏ពិបាកនឹងដឹងពីព័ត៌មានលម្អិតរបស់ផ្ទះដែរ។ សម័យនេះហើយ បើគ្រាន់តែពឹងអាស្រ័យទៅលើរូបភាពមួយសន្លឹង និងការសរសេរដាក់«ផ្ទះលក់» ពិបាកនិងបានផលបន្តិច ព្រោះបច្ចុប្បន្ននេះមនុស្សមិនសូវចេញក្រៅនោះទេ។ ដូច្នេះលោកអ្នកគួរចេះប្រើបច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយ ដូចជាថតរូបភាពផ្ទះឱ្យច្រើន ថតជាវីដេអូខ្លីបង្ហាញពីលក្ខណៈពិសេសរបស់ផ្ទះ រួមជាមួយនឹងការអត្ថាធិប្បាយដោយផ្ទាល់ដើម្បីជាការផ្តល់បន្ថែមនូវព័ត៌មានចាំបាច់ទៅដល់អតិថិជនគោលដៅរបស់អ្នក។
២.យកចិត្តទុកដាក់បន្ថែមក្នុងអំឡុងពេលមានអតិថិជនចង់មើលផ្ទះរបស់អ្នក
អតិថិជនដែលមកសុំមើលផ្ទះរបស់អ្នកពួកគេជាអ្នកដែលបានទទួលព័ត៌មានស្ទើរតែ ១០០ភាគរយទៅហើយតាមរយៈវីដេអូលម្អិតខាងលើ ដូចនេះភាគរយនៃការលក់គឺស្ទើរតែសម្រេចទៅហើយ។ ដូច្នេះអ្វីជារឿងដែលអ្នកត្រូវធ្វើបន្ទាប់នោះគឺការយកចិត្តទុកដាក់ចំពោះអតិថិជន និងផ្តល់តម្លៃ សារសំខាន់ទៅលើរាល់ការនិយាយស្ដីរបស់អតិថិជន។
៣.ពិភាក្សាបន្ថែមជាមួយនឹងអ្នកជំនាញ
ភ្នាក់ងារលក់អចលនវត្ថុគឺជាមនុស្សដែលអ្នកមិនអាចមើលរំលងបាននោះទេ ពីព្រោះថាពួកគេមានជំនាញមូលដ្ឋានច្បាស់ និងស្គាល់ពីកម្រិតអតិថិជន។ ពួកគេមានវិធីសាស្ត្រក្នុងការនិយាយ និងដឹងច្បាស់ពីអ្វីដែលអតិថិជនចង់បាន ដូចនេះការបង្កើនទំនាក់ទំនងជាមួយនឹងអ្នកជំនាញដែលជាភ្នាក់ងារស្របច្បាប់គឺជាការបង្កើនឱកាសក្នុងការលក់ផ្ទះរបស់អ្នកឲ្យកាន់តែឆាប់ដូចគ្នា៕