ដោយសារតែធ្លាប់រស់នៅក្បែរកន្លែងគេធ្វើស៊ុបគោក្របី មានសំរាមស្នែងគោក្របីគរដូចភ្នំជះក្លិនមិនល្អមកលើផ្ទះខ្លាំងពេក បានបណ្ដាចិត្តឱ្យស្វាមីភរិយាមួយគូគឺលោក ទ្រី សុចាន់ និងអ្នកស្រី គួន ចិន្តា សម្រេចចិត្តទៅរៀនជំនាញកែច្នៃស្នែងគោក្របីពីអង្គការមួយ ក្នុងគោលបំណងច្នៃសំរាមក្លិនអសោចទាំងនោះឱ្យក្លាយជារបស់មានប្រយោជន៍។
ក្រោយចំណាយពេលអស់ជាច្រើនឆ្នាំ អ្នកទាំងពីក៏បានបង្កើតនូវសិប្បកម្ម សុមនា ផលិតផលស្នែង (Somonea Khmer Hand Made) បានដោយជោគជ័យ និងទទួលការគាំទ្រជាច្រើន។ ប៉ុន្តែនៅពីក្រោយភាពជោគជ័យនេះក៏មានការលះបង់មិនឥតរាថយរបស់ម្ចាស់សិប្បកម្មផ្ទាល់ ព្រោះលោកអ្នកដឹងហើយថា ការដែលចង់នាំផលិតផលមួយឱ្យទីផ្សារទទួលស្គាល់មិនមែនជារឿងងាយឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយនឹង Business Cambodia អ្នកស្រី គួន ចិន្តា ដែលជាស្ថាបនិក សុមនា ផលិតផលស្នែង បានចែករំលែកនូវគន្លឹះពិសេសចំនួន៣ ដែលអ្នកស្រីជឿជាក់ថា ជាមូលហេតុស្នូលជួយឱ្យទីផ្សារទទួលស្គាល់ផលិតផលស្នែង។ គន្លឹះពិសេសទាំង៣នោះរួមមាន៖
១. គុណភាពការយកចិត្តទុកដាក់៖ អ្នកស្រីចិន្តា បានលើកឡើងថា កាលពីផ្ដើមដំបូង ពួកគាត់មានកម្លាំងមិនសូវច្រើនប៉ុន្មានទេ មានតែគ្នាប៉ុន្មាននាក់ប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណា ពួកគាត់តែងតែ ព្យាយាមធ្វើឱ្យស្អាត អស់ពីលទ្ធភាព មិនឱ្យមានក្លិន មិនឱ្យមានកម្ទេចកម្ទីជាប់នឹងផលិតផលស្នែង ដែលខ្លួនកែច្នៃនោះទេ។ និយាយជារួមគឺដាក់ចិត្ត ដាក់កាយ យកចិត្តទុកដាក់ គិតពីអារម្មណ៍របស់អ្នកប្រើប្រាស់ជានិច្ច។
២. បង្កើតទំនុកចិត្តជូនអតិថិជន៖ ការលះបង់ និងឆន្ទៈដ៏រឹងមាំក្នុងការកាត់បន្ថយនូវកាកសំណស់មិនល្អ ផ្លាស់ប្ដូរទៅជាផលិតផលមានប្រយោជន៍ ជួយមនុស្សឱ្យមានការងារធ្វើ របស់ស្ថាបនិកសិប្បកម្មខ្មែរមួយនេះ បានក្លាយជាខែលដ៏រឹងមាំ ជម្រុញឱ្យគាត់ចេញលក់ផលិតផលស្នែង ប្រកបឱ្យភាពជឿជាក់ ធ្វើឱ្យអតិថិជនថ្មីចាស់ដែលបានជួបគាត់ហើយ តែងតែមានទំនុកចិត្ត ព្រមទាំងគាំទ្រពេញទី។
ចំណុចសំខាន់មួយទៀតដែលសិប្បកម្មនេះផ្ដល់ជូនអតិថិជនបាននោះគឺ uniqueness ដែលមានន័យថា រាល់ផលិតផលនីមួយៗដូចជា ក្រវិល ខ្សែក ចិញ្ចៀន កងដៃ អ្វីទាំងអស់គឺមានតែមួយ ប្រៀបបីដូចជាទំនិញ Limited Edition អ៊ីចឹង មានពាក់តែម្នាក់ឯងគ្មានអ្នកណាដូចទេ ដែលចំណុចនេះហើយជាអ្វីដែលអ្នកប្រើប្រាស់ផលិតផលស្នែងចូលចិត្តបំផុត។
ក្ដីស្រលាញ់គាំទ្រនេះ មិនមែនមានតែខ្មែរគ្នាឯងទេ អ្នកស្រី ចិន្តា បានប្រាប់ដែរថា កន្លងមកក៏មានភ្ញៀវបរទេសដែលគាត់មកលេង ឬរស់នៅ រួមទាំងរកស៊ីនៅស្រុកខ្មែរ បានឃើញផលិតផលស្នែងរបស់អ្នកស្រី ហើយពេញចិត្ត ក៏បានទិញច្រើនៗយកទៅចែកចាយនៅក្រៅប្រទេសថែមទៀតផង។
៣. ប្រើក្បួនធ្វើទីផ្សារ ០៛៖ ក្រៅពីបុកគ្រឹះគុណភាព និងទាញការគាំទ្រពីអតិថិជនដោយផ្ទាល់ ម្ចាស់សិប្បកម្មស្នែងខ្មែររូបនេះ ក៏បានឆ្លៀតធ្វើទីផ្សារតាមក្បួនមួយទៀត ដែល Business Cambodia ឱ្យឈ្មោះថា «កួនធ្វើទីផ្សារ ០៛»។ អ្នកស្រីចិន្តា បានខិតខំពឹងពាក់រាល់សហគមន៍ផ្សេងៗ ដែលលើកស្ទួយសិប្បកម្មក្នុងស្រុក ឱ្យគេជួយរកទីផ្សារបន្ថែមឱ្យ។
លើសពីនោះគាត់ក៏ចេះចាប់ឱកាសពិសេសៗមួយចំនួនដូចជា ចំណាយពេលវេលាផ្ដល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មាន, អ្នកសិក្សាស្រាវជ្រាវ, អ្នកធ្វើវីដេអូទាក់ទងនឹងបរិស្ថាន ដូចជា Think Plastic ជាដើម។ ជាលទ្ធផលនៃការចំណាយពេលវេលាចែករំលែក ក៏ដូចជាធ្វើកិច្ចការមួយចំនួនទាំងមិនបានកម្រៃ របស់អ្នកស្រីចិន្តា ជួយធ្វើឱ្យ សុមនា ផលិតផលស្នែង ត្រូវបានគេស្គាល់លឿន និងផ្ទុះការគាំទ្រពីសំណាក់មនុស្សទាំងជិតទាំងឆ្ងាយ។
សូមជម្រាបផងដែរថា បើទោះបីជាការនាំយកផលិតផលមួយឱ្យទីផ្សារទទួលស្គាល់គឺជារឿងពិបាក ប៉ុន្តែឱ្យតែអ្នកមានគោលដៅច្បាស់លាស់ មានឆន្ទៈមុតមាំ ខំប្រឹងមិនរាថយ មិនយូរទេអ្នកប្រាកដជាទទួលបានជោគជ័យ។ តួយ៉ាងដូចផលិតផលស្នែង របស់អ្នកស្រីចិន្តាអ៊ីចឹង អាចមកដល់ចំណុចនេះក៏ព្រោះតែ មានការលះបង់ខំប្រឹងមិនព្រមចុះចាញ់របស់សហគ្រិនខ្មែរ ដែលមានទស្សនៈវិស័យវែងឆ្ងាយដើម្បីប្រយោជន៍មនុស្សជុំវិញខ្លួន៕
ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមពីសុមនា ផលិតផលស្នែង ឬក៏ចង់គាំទ្រសិប្បកម្មខ្មែរយើង បងប្អូនអាចធ្វើការទំនាក់ទំនងតាមរយៈផេកផ្លូវការ៖ Somonea ផលិតផលស្នែង ឬតាមទូរស័ព្ទលេខ៖ ០១១ ៨០៥ ៥៦៦។
អត្ថបទដោយ៖ SOKLY SO-កូនផ្កាឈូក