តម្លៃហាងឆេងមាសនៅថ្ងៃនេះចាប់ផ្ដើមបន្តធ្លាក់ថ្លៃយ៉ាងគំហុកបន្ទាប់ពីលោកDonald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសថាអ៊ីស្រាអែលនិងអ៊ីរ៉ង់បានព្រមព្រៀមបិទឈប់បាញ់បន្ទាប់មានភាពតានតឹងដាក់គ្នាអស់រយៈពេលជាង២សប្ដាហ៍។
គិតត្រឹមរសៀលថ្ងៃនេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃចំនួន៦១ដុល្លារដោយធ្លាក់មកត្រឹម៣៣១៧ដុល្លារក្នុងមួយអោន( ស្មើនឹង៣,៩៩៦ដុល្លារក្នុងមួយតម្លឹង)។ ចំណែកហាងឆេងមាសក្នុងស្រុកយើងវិញធ្លាក់មកត្រឹម៣៩៩ដុល្លារក្នុងមួយជី។
នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះបើទោះជាមានបញ្ហាសង្រ្គាមនៅមជ្ឈិមបូព៌ាក៏មិនអាចរុញតម្លៃមាសឲ្យហក់ឡើងគួរឲ្យគត់សម្គាល់ដែរ។ ផ្ទុយទៅវិញមាសបានបន្តធ្លាក់ថ្លៃបន្តិចម្ដងៗ។
បើយោងតាមការលើកឡើងរបស់លោក សួន សាង នាយកប្រតិបត្តិក្រុមហ៊ុន GoldenFourtune Derivatives Exchange( GFDE) បានឲ្យដឹងថាមូលហេតុដែលមាសឡើងថ្លៃគឺដោយសារតែតម្រូវការមាសមានការធ្លាក់នៅអំឡុងខែមិថុនា ដោយសារតែមិនសូវមានការរៀបអាពាហ៍ពិពាហ៍ឬបុណ្យទានផ្សេងៗ។ ចំណែកប្រទេសដែលមានតម្រូវការមាសច្រើនជាងគេគឺប្រទេសចិននិងឥណ្ឌាប៉ុន្ដែនៅអំឡុងមិថុនានេះមិនសូវមានតម្រូវការមាសដូច្នេះហើយមាសក៏កាន់តែធ្លាក់ចុះ។
គួរបញ្ជាក់ផងដែរថាបើតាមការព្យាកររបស់ធនាគារ Citi Bank បានព្យាករថាតម្លៃហាងឆេងមាសអាចនឹងធ្លាក់ថ្លៃមកត្រឹមចន្លោះ២៥០០ទៅ២៧០០ដុល្លារក្នុងមួយអោននៅពាក់កណ្ដាលឆ្នាំ២០២៦ដែលគិតជាតម្លឹងគឺធ្លាក់ចុះមកចន្លោះ៣០១២ដុល្លារទៅ៣២៥៣ដុល្លារក្នុងមួយតម្លៃ ឬស្មើនឹង៣០១ទៅ៣២៥ដុល្លារក្នុងមួយជី៕