នៅឆ្នាំ២០២៤នេះយើងសង្កើតឃើញថាការប្រាក់សន្សំនៅធនាគារមួយចំនួនធំគឺចាប់ផ្ដើមទម្លាក់មកនៅទាបជាងមុន។ ជុំវិញការប្រាក់សន្សំនៅធនាគារធ្លាក់ចុះ លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ចនិងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន F.I Vision Capital បានណែនាំឲ្យពិចារណមុននឹងសម្រេចចិត្តយកលុយទៅទៅវិនិយោគលើរបស់ខាងក្រោមនេះ។
មនុស្សមួយចំនួននាំគ្នាទិញមាសទុកយកចំណេញដ្បិតអីពួកគេឃើញមាសឡើងថ្លៃហើយសង្ឃឹមថាមាសអាចនឹងបន្តឡើងថ្លៃទៀត។ ប៉ុន្តែចូរចាំថាឥរិយាបទជាហ្វូងបែបនេះ (herd behavior) មិនធានាថាអាចនឹងទទួលបានប្រាក់ចំណេញនោះទេ។ ជាក់ស្តែងក្នុងអំឡុងពេលមុនការផ្ទុះរីករាលដាលជំងឺកូវីដ19 នៅឆ្នាំ2019 ជាពេលដែលតម្លៃអចលនទ្រព្យបានឡើងខ្ពស់ ហើយមនុស្សជាច្រើនបាននាំគ្នាសំរុកវិនិយោគលើអចលនទ្រព្យ ប៉ុន្តែមកដល់ពេលនេះពួកគេមិនទទួលបានប្រាក់ចំណេញនោះទេគឺមានតែខាតបង់ព្រោះតម្លៃអចលនទ្រព្យបានចុះតម្លៃពីចន្លោះ40%ទៅ50%ឯណោះ។ ដូច្នេះសូមប្រុងប្រយត្ន័ចំពោះការវិនិយោគតាមគ្នាបែបនេះ។
២.ទិញអចលនទ្រព្យ
តម្លៃអចនទ្រព្យនៅតំបន់មួយចំនួនជាពិសេសជាយក្រុងភ្នំពេញបានធ្លាក់ចុះពីចន្លោះ40% ទៅ50% ដូច្នេះប្រសិនបើអ្នកមានតំរូវការក្នុងការប្រើប្រាស់អចលនទ្រព្យ (ដូចជាផ្ទះសំរាប់ស្នាក់នៅ ឃ្លាំងសំរាប់ស្តុកទំនិញ ការរិយាល័យសំរាប់ក្រុមហ៊ុនរបស់អ្នក។ល។) ផងនោះ អ្នកគួរពិចារណាទិញអចលនទ្រព្យទាំងនោះនៅពេលនេះ។ បន្ថែមលើនេះប្រសិនបើអ្នកមានទុនគ្រប់គ្រាន់ អាចវិនិយោគសំរាប់រយៈពេលវែងបានក៏គួរពិចារណាផងដែរ។
៣. ទិញភាគហ៊ុន
តម្លៃហ៊ុនរបស់ក្រុមហ៊ុនជាច្រើនដែលបានចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជាក៏បានចុះថ្លៃយ៉ាងខ្លាំងផងដែរក្នុងខណៈដែលក្រុមហ៊ុនទាំងនោះកំពុងដំណើរការល្អ និងមានប្រាក់ចំណេញអាចបែងចែកជាភាគលាភ (dividend) ទៀតផង។ ជាក់ស្តែងតម្លៃហ៊ុនរបស់ធនាគារ Acleda bank បានចុះថ្លៃរហូតដល់ទៅជិត55%ឯណោះបើប្រៀបធៀបនឹងតម្លៃពេលឡើងផ្សារហ៊ុនដំបូង (IPO Price)។ គឺបានចុះតម្លៃពី16200រៀលក្នុងមួយហ៊ុនមកត្រឹមតែតម្លៃ7300រៀលក្នុងមួយហ៊ុននៅថ្ងៃនេះ។ ការណ៍នេះបានបង្ហាញនូវឱកាសដល់អ្នកវិនិយោគក្នុងការពិចារណាវិនិយោគលើភាគហ៊ុន ជាពិសេសភាគហ៊ុនរបស់ធនាគារ Acleda bank៕