មនុស្សគ្រប់គ្នានឹងបាត់បង់នូវភាពខ្លាំងផ្នែកខួរក្បាល និងខ្សោយការចងចាំខ្លះៗនៅពេលដែលពួកគេកាន់តែចាស់ ប៉ុន្តែក៏មិនមែនមានន័យថាខួរក្បាលរបស់មនុស្សគ្រប់រូប សុទ្ធតែមានអាយុដូចគ្នាឬស្មើគ្នានោះទេ។ តួយ៉ាងដូចជាអ្នកខ្លះអាយុក្មេងតែភ្លេចច្រើនដូចមនុស្សចាស់ អ្នកខ្លះអាយុចាស់តែចាំច្បាស់ជាងក្មេងទៀត។
យោងតាមទស្សនាវដ្តី Inc បានឱ្យដឹងថាការថែរក្សាខួរក្បាលរបស់អ្នកឱ្យនៅក្មេងជាងអាយុ គឺងាយស្រួលជាងអ្វីដែលអ្នកគិតទៅទៀត។ ក្នុងនោះតាមការស្រាវជ្រាវរបស់ក្រុមវេជ្ជបណ្ឌិតរបស់ប្រទេសកាណាដាដែលបានជ្រើសរើសមនុស្សចាស់ មានសុខភាពល្អជាង ២០០នាក់មកធ្វើតេស្ត ដោយបានកំណត់ឱ្យពួកគេធ្វើនូវកិច្ចការសាមញ្ញា១ នៅរយៈពេល១ម៉ោង ក្នុង១ថ្ងៃ។
ទន្ទឹមនឹងនេះអ្នកស្រាវជ្រាវបានសាកល្បងឱ្យក្រុមមនុស្សចាស់ទាំងនោះធ្វើលំហាត់សាមញ្ញពោលគឺ ការរត់ ការដើរ និងជិះកង់មួយម៉ោងយ៉ាងតិចក្នុងមួយសប្តាហ៍ ឬ១ម៉ោងក្នុងមួយថ្ងៃ ហើយការធ្វើដូចនេះពិតជាអាចធ្វើឱ្យពួកគេគិតបានលឿន និងច្បាស់លាស់ដូចកាលពី៥ឆ្នាំមុនពិតប្រាកដមែន។
ជាក់ស្តែងដូចជានាយកប្រតិបត្តិក្រុមហ៊ុន Apple ដែលមានវ័យ៦២ឆ្នាំក៏មានទម្លាប់រត់ៗនិងដើរនៅជុំវិញសួន Apple Park ក្នុងក្រុមហ៊ុនផងដែរ បន្ទាប់ពីការងារមួយថ្ងៃពេញរបស់លោកបានបញ្ចប់ ឬការឡើងភ្នំនៅពេលទំនេរពីការងារ។ ការធ្វើបែបនេះមិនត្រឹមតែធ្វើឱ្យលោកមិនស្រ្តេសនោះទេ តែវាបានជួយដល់ការគិតឱ្យខួរក្បាលអាចផលិតគំនិតល្អៗបានថែមទៀត ជាពិសេសប្រឆាំងនឹងភាពចាស់។
ជាការពិតណាស់គ្មាននរណាម្នាក់ដែលអាចទប់ស្កាត់ពេលវេលាបាននោះទេ ប៉ុន្តែការសិក្សាលើទម្លាប់ពន្យារភាពចាស់នៃខួរក្បាលនេះ អាចធ្វើឡើងជោគជ័យក៏អាស្រ័យ លើមនុស្សថាតើមានសុខភាពល្អឬអត់ គ្មានបញ្ហារោគវិនិច្ឆ័យនៃជំងឺប្រចាំកាយណាមួយជាប់ខ្លួនឬអត់។
ដូច្នេះហើយការអនុវត្តទម្លាប់នេះ១ថ្ងៃ១ម៉ោង សម្រាប់អ្នកដែលត្រូវការឱ្យ ខួរក្បាលរបស់ពួកគេមានអាយុក្មេងជាងវ័យ ពិតជាមានប្រយោជន៍ដល់សុខភាពនៃការចងចាំ ក៏ដូចជាសុមាលភាពផ្លូវចិត្តដោយជួយឱ្យពួកគេយកឈ្នះលើជំងឺស្រ្តេសបានផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង