ខ្យល់ពុល កើតចេញពីកត្តាធម្មជាតិមួយចំនួន អាចធ្វើឱ្យមនុស្សប្រឈមជំងឺធំៗ៣ ពិសេសលើកុមារ
Ping Chou EngJANUARY 24 20253.5 K views

របាយការណ៍ឆ្នាំ២០២២ពីអង្គការ UNICEF បានឱ្យដឹងថាខ្យល់ពុលគឺ​កើតឡើងនៅពេល​សារធាតុពុល ត្រូវបានបញ្ចេញ​ទៅក្នុងបរិយាកាស ដោយការបំពុលខ្យល់​អាចកើតឡើង​ពី​ប្រភពធម្មជាតិ ដូចជាកត្តាភ្លើងឆេះព្រៃ ធូលី និងបន្ទុះភ្នំភ្លើង។

 

បន្ថែមពីនោះសកម្មភាពរបស់មនុស្សដែលរួមមាន រោងចក្រថាមពលដុត​ឥន្ធនៈហ្វូស៊ីល (ធ្យូងថ្ម ប្រេង ឧស្ម័នធម្មជាតិ) ជី និងសំណល់សត្វ​ពីកសិដ្ឋាន ចង្ក្រានដុតអុស ការបើកបររថយន្ត ការហោះហើរយន្តហោះនិងសកម្មភាពជាច្រើនផ្សេងទៀតក៏បានរួមចំណែកឱ្យមានការបំពុលខ្យល់ដែរ។  

 

ខ្យល់ពុលអាចបំផ្លាញរាងកាយរបស់មនុស្សនិងបង្កើនជំងឺច្រើនប្រភេទ តួយ៉ាងដូចជា ជំងឺបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺមហារីកសួត ដែលសារធាតុពុល​នៅក្នុងខ្យល់ទាំងនោះ ​ចូលទៅក្នុងសួតនិងប្រព័ន្ធឈាមរបស់មនុស្ស។

 

យ៉ាងណាមិញបញ្ហាខ្យល់ពុល បានជះឥទ្ធិពលលើកុមារតូចនិងយុវជន​ខ្លាំងជាងមនុស្សចាស់ពេញវ័យ ព្រោះពួកគេដកដង្ហើមលឿនជាង ហើយអាចស្រូបយកសារធាតុពុលច្រើនជាង។ ម្យ៉ាងវិញទៀតប្រព័ន្ធខួរក្បាល និងរាងកាយរបស់កុមារកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់នៅឡើយ។

 

បើយោងតាមអង្គការសុខភាពពិភពលោក (WHO) គិតត្រឹមឆ្នាំ២០១៨ បានឱ្យដឹងថា កុមារប្រមាណ១.៨ ពាន់លាននាក់ មានអាយុក្រោម១៥ឆ្នាំ តែងដកដង្ហើមជាមួយខ្យល់ដែលមានជាតិពុលគ្រប់គ្រាន់ ដើម្បីបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាព និងការអភិវឌ្ឍន៍ខួរក្បាលរ​បស់ពួកគេ។

 

ដោយសារយើងមិនអាចមើលខ្យល់ឃើញនោះទេ  ដូច្នេះយើងអាចសម្គាល់សញ្ញានៃខ្យល់ពុលតាមរយៈ ស្ថានភាពទាំង៣ដូចខាងក្រោម៖

 

១. ភាពស្ងួត/​ក្រហាយ​ភ្នែក ឈឺក្បាល​ អស់កម្លាំង អាលាក់ហ្ស៊ី ឬដង្ហើមខ្លី។

 

២. តើនៅតំបន់អ្នករស់នៅមានរោងចក្រ រថយន្ត រថយន្តដឹកទំនិញ រោងចក្រ​អគ្គិសនី​ដែរឬទេ? ប្រសិនបើ មាន នោះអ្នក​ប្រហែលប្រឈមនឹង​ការបំពុលខ្យល់កម្រិតខ្ពស់។​

 

៣. ប្រសិនបើ អ្នករស់នៅជាមួយ​អ្នកមានជំងឺហឺត អ្នកអាចឃើញ​ពួកគេមាន​ជំងឺហឺតកាន់តែធ្ងន់ធ្ងរ ដង្ហើមខ្លី ឈឺទ្រូង ក្អក ឬដកដង្ហើមតឹង។

 

អត្ថបទ៖ វិធីការពារកុមារពីការបំពុលខ្យល់ ដែលឪពុកម្ដាយគ្រប់រូបត្រូវធ្វើ

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia