គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស១ បន្ថែមទៀតដែលមានឈ្មោះថា Cambodia Global-Tech Special Economic Zone (CSEZ) មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវទទួលបានការឯកភាពជាគោលការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)ហើយ។ នេះបើតាមការបញ្ជាក់ពីរដ្ឋបាលខេត្ដព្រះសីហនុនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
ប្រភពដដែលបានឲ្យដឹងថា កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលើ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ វេទយិតភាព និងពិនិត្យលទ្ធភាព នៃគម្រោងដែលបានដាក់ស្នើមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជាលទ្ធផលបឋម សំណើសុំគោលការណ៍ អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុនេះ ទទួលបានការឯកភាពជាគោលការណ៍ពីអង្គប្រជុំ។
បើតាមគម្រោងផែនការមេ (Master Plan) តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះមានទំហំសរុប ២១៨ ហិកតា ដោយចែកចេញជាបីផ្នែក។ ដោយក្នុងនោះ ៥០ ហិកតាសម្រាប់អភិវឌ្ឍន៍លំនៅឋាន ១០៨ ហិកតាអភិវឌ្ឍន៍ឧស្សាហកម្ម និង ៦០ ហិកតាទៀតអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស CSEZ។
គួររំលឹកដែរថា កាលពីថ្ងៃទី១០ ខែមករា កន្លងទៅ ក្រុមហ៊ុន ISI ក៏ទើបនឹងបានសម្ពោធបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនទំហំជាង ៨០០ ហិកតានៅក្នុងខេត្ដសក្ដានុពលនេះផងដែរ។ ដោយជំហ៊ានទី១ ក្រុមហ៊ុនបានបោះទុនវិនិយោគប្រមាណ ៥០ លានដុល្លារអភិវឌ្ឍន៍លើផ្ទៃដីជាង ២០០ ហិកតា ដោយរំពឹងថានឹងអាចទាក់ទាញការវិនិយោគ និងបង្កើតឱកាសការងារជូនពលរដ្ឋនៅក្នុងខេត្ដកាន់តែច្រើនថែមទៀត៕