មុននេះបន្តិច យោងតាមការចុះផ្សាយដោយ ក្រសួងបរិស្ថាន អំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា បានឱ្យដឹងថា រាជធានី-ខេត្តចំនួន ៤ ដោយមានដូចជា៖ រាជធានីភ្នំពេញ បន្ទាយមានជ័យ កោះកុង សៀមរាប កំពុងស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហមដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។
ក្រសួងក៏បានបញ្ជាក់ថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀតផងដែរ។
គួរជម្រាបថា ក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហមនេះ មនុស្សគ្រប់គ្នាគួរតែចៀសវាងសកម្មភាពខាងក្រៅ ចៀសវាងតំបន់ដែលមានការបំពុលខ្យល់ខ្ពស់ ឬប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើមប្រសិនបើចាំបាច់។ ប្រសិនមានរោគសញ្ញាសុខភាពនោះ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត៕