ផ្តើមពីទុន៦០ម៉ឺនដុល្លារ និងចេញពីអង្គការក្រៅរដ្ឋាភិបាលមួយ នៅក្នុងឆ្នាំ១៩៩៣ ធនាគារអេស៊ីលីដា ត្រូវបានដឹកនាំនិងបង្កើតឡើងដោយ លោកបណ្ឌិត អ៊ីន ចាន់នី និងសហការីជាច្រើនរូបទៀត ដែលបានមូលមតិគ្នាបំប្លែងអង្គការនេះ មកជាធនាគារអភិវឌ្ឍន៍សេដ្ឋកិច្ចគឺ ACELEDA Plc. ដូចបច្ចុប្បន្ន។
រូបភាព៖ លោកបណ្ឌិត អ៊ីន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្តើមពីការងារជាគ្រូបង្រៀន លោកបណ្ឌិត អ៊ីន ចាន់នី គឺជាបញ្ញាវន្តមួយខ្មែរមួយរូប មានដើមកំណើតមកពីខេត្តព្រៃវែង ដែលបានកើតក្នុងខែមិថុនា ឆ្នាំ១៩៦០។ កាលនៅជាយុវវ័យ លោកបណ្ឌិត បានចាប់អាជីពជាគ្រូបង្រៀន ប៉ុន្តែក្រោយពីទទួលបានអាហារូបករណ៍ លោកក៏បានបន្តការសិក្សាទៅបរទេស។
លោកបណ្ឌិតបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកគ្រប់គ្រងអាជីវកម្ម និងបានបញ្ចប់វគ្គសិក្សា ពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) ។ បន្ទាប់មកនៅក្នុងឆ្នាំ១៩៩៨ លោកបណ្ឌិតក៏បានបញ្ចប់វគ្គគ្រប់គ្រងស្តីពី ស្ថាប័នហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រាសឯកជន (FIPED) ពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ។
ចូលរួមដំណើរនិងត្រួយត្រាយផ្លូវជាមួយ អេស៊ីលីដាតាំងពីឆ្នាំ១៩៩៣ លោកបណ្ឌិតបានក្លាយជាប្រធានដឹកនាំប្រតិបត្តិធនាគារ ក្នុងឆ្នាំ២០០០ រហូតដល់ទទួលបានអាជ្ញាបណ្ណ័ពីធនាគារជាតិក្នុងខែធ្នូ ឆ្នាំ២០០៣។ នៅខែសីហា ឆ្នាំ២០១៤ លោកបណ្ឌិត ក៏បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
ក្រោមការដឹកនាំរបស់លោកបណ្ឌិត ធនាគារ អេស៊ីលីដា រយៈពេលជាង៣០ឆ្នាំមកនេះ ធនាគារមានការវិវត្តន៍ទំនើបកម្មជាច្រើន ក្នុងនោះក៏បានពង្រីកសាខាដល់បរទេស រួមមានឡាវនិងមីយ៉ាន់ម៉ាផងដែរ។
ក្នុងនាមជាអ្នកដឹកនាំនិងវិនិយោគិនចាស់វស្សា លោកបណ្ឌិត អ៊ិន ចាន់នី មិនបានចោលអាជីពនិងគំនិតជាគ្រូបង្រៀននោះទេ ដោយលោកក៏បានផ្តួចផ្តើមឱ្យមានសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រអេស៊ីលីដា សម្រាប់បណ្តុះបណ្តាលមូលធននិងធនធានមនុស្សលើវិស័យធនាគារ។
សូមជម្រាបថាបច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុប ១០,៤ ពាន់លានដុល្លារអាមេរិក,ប្រាក់បញ្ញើ ៧,៩៨ ពាន់លានដុល្លារអាមេរិក, និងសមតុល្យឥណទាន ៦,៦២ ពាន់លានដុល្លារអាមេរិក នៅលើដៃអតិថិជនជាង ៦១ ម៉ឺននាក់ ដែលក្នុងនោះមាន ៥៥,០៤% ជាស្ត្រី ។ ធនាគារមាន បុគ្គលិកសរុប ១២.២៣៧នាក់ កំពុងបម្រើការងារនៅក្នុង ២៥៤សាខា គ្រប់ខេត្ត-ក្រុងនៅកម្ពុជា៕
រូបភាព៖ ដំណើរវិវត្តន៍ការិយាល័យរបស់អេស៊ីលីដា
អត្ថបទដោយ៖ ពីង ជូអេង


