ជាធម្មតា មនុស្សម្នាក់ដែលធ្វើកានៅក្នុងប្រទេសកម្ពុជានឹងទទួលបានប្រាក់ចំណូលជាមធ្យមប្រហែល ៣៩,៧១៨,៩០០រៀលក្នុងមួយឆ្នាំ ខណៈប្រាក់ខែជាមធ្យមទាបបំផុតប្រមាណ ១០,០៥៧,៩០០រៀលក្នុងមួយឆ្នាំ រហូតដល់ប្រាក់ខែជាធម្យមខ្ពស់បំផុតគឺ ១៧៧,៥៩៩,៦០០រៀលក្នុងមួយឆ្នាំ។ ខាងក្រោមនេះគឺជាការងារទាំង១០ ដែលអាចរកចំណូលបានច្រើនបំផុតនៅកម្ពុជា យោងតាមការសិក្សារបស់ Salary Explorer ក្នុងឆ្នាំ២០២៤៖
១/. គ្រូពេទ្យវះកាត់ / វេជ្ជបណ្ឌិត ទទួលបានប្រាក់ខែ ១២,៣០០,០០០រៀល៖ វិជ្ជាជីវៈរបស់គ្រូពេទ្យវះកាត់ពាក់ព័ន្ធនឹងហានិភ័យខ្ពស់ ទាមទារចំណេះដឹងទូលំទូលាយ និងចំណាយពេលរៀនសូត្រយូរ ហើយលក្ខណៈពិសេសទាំងនេះ ធ្វើឲ្យពួកគេឈរលើបញ្ជីនៃអាជីពដែលមានប្រាក់ខែខ្ពស់បំផុត។
២/. ចៅក្រម ទទួលបានប្រាក់ខែ ១០,៤០០,០០០រៀល៖ ចៅក្រមទទួលបានប្រាក់ខែខ្ពស់ណាស់ដោយសារការទទួលខុសត្រូវដ៏ធំដែលទាក់ទងនឹងការងាររបស់ខ្លួន។ ការសម្រេចជោគវាសនារបស់មនុស្សមិនមែនជាកិច្ចការងាយស្រួលទេ ហើយប្រាក់ឈ្នួលខ្ពស់គឺសមហេតុផលបំផុត។
៣/. មេធាវី ទទួលបានប្រាក់ខែ ៨,៣៨០,០០០រៀល៖ មូលហេតុចម្បងដែលមេធាវីទទួលបានប្រាក់ឈ្នួលច្រើន គឺដោយសារតែការយល់ឃើញពីភាពសំខាន់បំផុតរបស់ពួកគេ ក្នុងក្រសែភ្នែកកូនក្តី។
៤/. អ្នកគ្រប់គ្រងធនាគារ ទទួលបានប្រាក់ខែ ៧,៨៩០,០០០រៀល៖ ការទទួលបន្ទុករាប់រយលាននៅក្នុងមូលនិធិ និងការវិនិយោគជាមួយនឹងហានិភ័យដែលពាក់ព័ន្ធទាំងអស់ ធ្វើឱ្យការគ្រប់គ្រងធនាគារជាកិច្ចការដ៏សំខាន់បំផុតដែលសក្តិសមនឹងទទួលបានប្រាក់ខែច្រើន។
៥/. នាយកប្រតិបត្តិ ទទួលបានប្រាក់ខែ ៧,៤០០,០០០រៀល៖ នាយកប្រតិបត្តិមានទំនួលខុសត្រូវជាចម្បងចំពោះភាពជោគជ័យ ឬបរាជ័យនៃអង្គការទាំងមូល។ ប្រាក់កម្រៃដ៏ច្រើនដែលពួកគេទទួលបាន គឺដោយសារតែវិសាលភាពដ៏ធំនៃផលប៉ះពាល់ ក៏ដូចជាហានិភ័យដែលពាក់ព័ន្ធ។
៦/. ប្រធានផ្នែកហិរញ្ញវត្ថុ ទទួលបានប្រាក់ខែ ៦,៩០០,០០០រៀល៖ CFOs គ្រប់គ្រងថវិកា ការចំណាយ និងប្រាក់ចំណូលដែលជះឥទ្ធិពលដោយផ្ទាល់ដល់ប្រតិបត្តិការរបស់អង្គភាព។
៧/. ពេទ្យធ្មេញ ទទួលបានប្រាក់ខែ ៦,៦៦០,០០០រៀល៖ ពេទ្យធ្មេញធ្វើប្រតិបត្តិការនៅក្នុងឧស្សាហកម្មដែលមនុស្សហ៊ានចំណាយខ្ពស់សម្រាប់សេវាកម្ម។
៨/. សាស្ត្រចារ្យមហាវិទ្យាល័យ ទទួលបានប្រាក់ខែ ៥,៩២០,០០០រៀល៖ សាស្ត្រាចារ្យមហាវិទ្យាល័យគឺស្ថិតក្នុងចំណោមអាជីពដែលរកចំណូលបានច្រើនជាងគេ និងមានកិត្យានុភាពបំផុត។ ក្លាយជាសាស្ត្រាចារ្យមិនមែនជារឿងងាយស្រួលឡើយ ហើយតម្រូវឱ្យមានការតស៊ូខ្ពស់ ដែលជាមូលហេតុធ្វើឲ្យពួកគេរកប្រាក់ចំណូលបានច្រើន។
៩/. អ្នកបើកយន្តហោះ ទទួលបានប្រាក់ខែ ៤,៩៣០,០០រៀល៖ អ្នកបើកយន្តហោះឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ ហើយពួកគេទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់មនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។
១០/. នាយកទីផ្សារ ទទួលបានប្រាក់ខែ ៤,៤៤០,០០០រៀល៖ នាយកទីផ្សារទទួលបន្ទុកក្នុងការបង្កើនប្រាក់ចំណូលរបស់អង្គភាព។ ពួកគេទទួលខុសត្រូវផ្ទាល់សម្រាប់ការបង្កើតទីផ្សារឲ្យអាជីវកម្មនោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook