ដើម្បីសម្រួលដល់ការធ្វើដំណើរការ ក៏ដូចជាដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋឲ្យកាន់តែបានមានភាពឆាប់រហ័ស រាជរដ្ឋាភិបាលបានធ្វើការសាងសង់នូវគម្រោងផ្លូវថ្នល់ ស្ពាន និងគម្រោងព្រែកជីកជាដើម។ ក្នុងនោះដែរយើងឃើញថា ស្ពានឆ្លងកាត់ទន្លេសំខាន់ៗចំនួន៣ ក៏នឹងបង្ហាញវត្ដមានដើម្បីឲ្យប្រពលរដ្ឋប្រើប្រាស់នៅក្នុងពេលឆាប់ៗខាងមុខផងដែរ ខណៈដែលបច្ចុប្បន្នបាននឹងកំពុងសម្រុកការសាងសង់យ៉ាងសស្រៈស្រាំ។ ដោយស្ពានទាំង ៣ នោះរួមមាន៖
១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្ដក្រចេះ
គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។
គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជំជន។
គម្រោងនេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ចំណែកឯត្រើយខាងកើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេ៧ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ។
២. ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ)
គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន៨,៤០% បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូនពីភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងសាងសង់ស្ពានដែកបណ្តោះអាសន្ន នៅផ្នែកខាងលិច បានប្រវែង២៧១ម៉ែត្រ ស្មើនឹង៧០ % នៃប្រវែងសរុប ៥៣៣ម៉ែត្រ និងផ្នែកខាងកើតកំពុងរៀបចំដំណើរការសាងសង់ស្ពានដែកបណ្តោះអាសន្ន ប្រវែង ៥៥៤ម៉ែត្រ ដើម្បីបំពាក់សម្ភារគ្រឿងចក្រខួងសរសរគ្រឹះនាពេលខាងមុខដ៏ខ្លី។
សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប: ៣ ៧០០ ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប ១ ៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២ ១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។ រយៈពេលសាងសង់ ចំនួន៤៨ ខែ (គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨)។
៣. ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ សម្រេចបានប្រមាណ ៣៣,៥០ % ហើយ។ យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន គិតមកដល់បច្ចុប្បន្នការងារសាងសង់ស្ពានផ្នែកខាងកើត សម្រេចបានដូចខាងក្រោម៖
- ១. ផ្នែកគ្រឹះស្ពានសម្រេចបានប្រមាណ ៥៥% ក្នុងនោះបានចាក់បេតុងសសរគ្រឹះចំនួន ១០៧ដើម (ក្នុងចំណោម ១៥៦ដើម) សាងសង់ជើងតាងបាន ៦ជើងតាង (ក្នុងចំណោម ២០ជើងតាង) និងធ្នឹមភ្ជាប់ក្រោមបានចំនួន ៨ធ្នឹម (ក្នុងចំណោម ១២ធ្នឹម)។
- ២. រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១,៥% រួមមានសាងសង់តួសរសរស្ពានបាន ៦តួសរសរ (ក្នុងចំណោម ១២តួសរសរ) សាងសង់សរសេរស្ពានបាន ១៦សរសរស្ពាន (ក្នុងចំណោម ៥២សរសេរស្ពាន) និងសាងសង់ធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានបាន ១០ធ្នឹម (ក្នុងចំណោម ៣៤ធ្នឹម) ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
រយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១៣ខែហើយ ស្មើនឹង ៣១% នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ៕