ខំធ្វើការយូរដែរសល់តែបំណុ.ល! ឫសគល់ធំៗទាំងនេះហើយ ដែលបំផ្លាញលុ.យរបស់អ្នកដោយមិនដឹងខ្លួន
Toeuy HongJULY 28 2024260 views

បើយើងក្រឡេកមកមើលសង្គមនាពេលបច្ចុប្បន្នយើងឃើញថា មនុស្សភាគច្រើនបាននឹងកំពុងខិតខំប្រឹងប្រែងធ្វើការស្ទើរតែគ្មានពេលសម្រាកឲ្យបានគ្រប់គ្រាន់ក្នុងគោលបំណងចង់ទាញប្រាក់ចំណូលឲ្យបានច្រើនតាមលទ្ធភាពដែលខ្លួនអាចធ្វើបានដោយប្រាថ្នាចង់មានជីវភាពមួយល្អប្រសើរដែលពុំមានបញ្ហារឿងលុយកាក់។ ប៉ុន្តែតាមភាពជាក់ស្តែងវាមិនដូច្នោះនោះទេ ពួកគេមួយចំនួនធំមិនត្រឹមតែមិនអាចទទួលបានអ្វីដែលខ្លួនប៉ងប្រាថ្នានោះទេ ថែមទាំងជាប់បំណុលគេថែមទៀតផង។

 

ជុំវិញរឿងនេះ Business Cambodia សូមលើកបង្ហាញពីឫសគល់ធំៗ ៤យ៉ាង ដែលបំផ្លាញលុយរបស់អ្នកដោយមិនដឹងខ្លួន បើទោះបីជាអ្នករកចំណូលបានច្រើនប៉ុណ្ណាក៏ដោយក៏នៅតែមានភាពលំបាកខាងផ្នែកហិរញ្ញវត្ថុដដែល ដែលឬសគល់ទាំងនោះរួមមានដូចខាងក្រោម៖

 

. ពុំមានផែនការហិរញ្ញវត្ថុច្បាស់លាស់៖ មានមនុស្សតិចតួចណាស់ដែលបានរៀបចំផែនការហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ និងមានភាពច្បាស់លាស់សម្រាប់កញ្ចប់ថវិការបស់ខ្លួន។ យ៉ាងណាមិញ ផែនការហិរញ្ញវត្ថុពិតជាមានសារសំខាន់ណាស់ក្នុងការគ្រប់គ្រងលំហូរចរន្តសាច់ប្រាក់ និងគ្រប់គ្រងការចំណាយប្រកបដោយសណ្តាប់ធ្នាប់ភាព។ មិនតែប៉ុណ្ណោះវាក៏ជាផ្នែកមួយដែលជួយយើងក្នុងការសម្រេចនៅគោលដៅដែលយើងចង់បានឲ្យក្លាយទៅជាការពិតក្នុងរយៈពេលដ៏ច្បាស់លាស់មួយ។ ប្រសិនបើអ្នកពុំមានផែនការហិរញ្ញវត្ថុទេនោះ អ្នកនឹងរស់នៅក្នុងភាពវិលវល់ មិនមានភាពច្បាស់លាស់ចំពោះហិរញ្ញវត្ថុខ្លួនឯង មានប៉ុន្មានចាយប៉ុនហ្នឹងជាក់ជាមិនខាត។

 

. ចាយតាមចំណង់៖ មនុស្សដែលមានវ័យកណ្តាល និងយុវវ័យ ជាក្រុមមនុស្សដែលចូលចិត្តធ្វើការចំណាយតាមចំណង់ មិនចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងឲ្យបានល្អក្នុងការចាយវាយ។ ពួកគេចង់បានអ្វី ឬនឹកឃើញអ្វីភ្លាមក៏សម្រេចចិត្តដកលុយចេញពីហោប៉ៅទិញរបស់នោះភ្លាមដោយពុំបានគិតឲ្យបានល្អិតល្អន់ជាមុននោះទេ។ មិនតែប៉ុណ្ណោះ ពួកគេបែងចែកមិនដាច់រវាងតម្រូវការពិតប្រាកដ និងការចង់បាន ជាហេតុធ្វើឲ្យពួកគេចាយវាយខ្ចះខ្ជាយនិងមិនចំគោលដៅ។

 

. ប្រើប្រាស់សេវាបង់រំលោះលើសពីសមត្ថភាពខ្លួន៖ ដូចយើងបានដឹងរួចមកហើយថានាពេលបច្ចុប្បន្ននេះដើម្បីបង្កភាពងាយស្រួលដល់អតិថិជន និងអាចឈរជើងក្នុងទីផ្សារប្រកួតប្រជែងខ្លាំង មានក្រុមហ៊ុនជាច្រើនបានបង្កើតនូវសេវាកម្មបង់រំលោះ ឬបង់ជាដំណាក់កាលក្នុងគោលបំណងជួយសម្រួលដល់អតិថិជនដែលពុំមានលទ្ធភាពបង់ផ្តាច់។ ទន្ទឹមនឹងភាពវិជ្ជមានវាក៏ជះផលអវិជ្ជមានដល់អ្នកដែលធ្វើការសម្រេចចិត្តប្រើប្រាស់សេវាបង់រំលោះដែលលើសពីសមត្ថភាពរបស់ខ្លួនដើម្បីទិញរបស់ដែលខ្លួនចង់បានផងដែរ ហើយវាជាមូលហេតុមួយដែលធ្វើឲ្យពួកគេផុងខ្លួនទៅក្នុងរណ្តៅនៃបំណុល។​

 

យ៉ាងណាមិញ មានមនុស្សមិនតិចទេដែលកំពុងស្ថិតនៅក្នុងស្ថានភាពបែបនេះដូចជាយុវវ័យ និងមនុស្សវ័យកណ្តាល​ជាពិសេស អ្នកដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុន ឬស្ថាប័នផ្សេងៗ។ កត្តាដែលនាំឲ្យពួកគេធ្លាក់ក្នុងសភាពបែបនេះគឺអាចបណ្តាលមកពី ការគ្រប់គ្រងចំណងមិនបានល្អ និងមិនបានត្រួតពិនិត្យពីសុខភាពហិរញ្ញវត្ថុរបស់ខ្លួនឲ្យត្រឹមត្រូវ។

 

. ធ្វើការដើម្បីតែលុយ៖ ជាការពិត មនុស្សមួយចំនួនធ្វើការដោយសម្លឹងឃើញតែគុណសម្បត្តិម្យ៉ាងប៉ុណ្ណោះហើយគុណសម្បត្តិនោះគឺជា លុយនេះឯង។ ពួកគេយល់ថាដើម្បីអាចរកលុយបានច្រើន និងក្លាយទៅជាអ្នកមាន ត្រូវតែខិតខំធ្វើការឲ្យខ្លាំងដូចជាការថែមម៉ោងការងារជាដើម។ ការយល់ឃើញបែបនេះ វាមិនត្រឹមត្រូវទាំងស្រុងនោះទេ ការលក់ពេលវេលានិងកម្លាំងកាយ មិនអាចឲ្យអ្នកក្លាយជាអ្នកមានបានឡើយ ហើយវាថែមទាំងបំផ្លាញសុខភាពរបស់អ្នកជារៀងរាល់ថ្ងៃថែមទៀតផង។ បន្ថែមពីនេះទៅទៀតនោះ ទោះបីជាអ្នករកលុយបានច្រើនប៉ុណ្ណាក៏ដោយ ប្រសិនបើអ្នកមិនចេះគ្រប់គ្រងនិងប្រើប្រាស់ឲ្យបានត្រឹមត្រូវទេនោះ អ្នកពិបាកនឹងរំដោះខ្លួនចេញពីទាសករនៃលុយណាស់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia