ចំពោះ បងប្អូនដែលខុសអក្សរឡាតាំងក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយចង់កែថ្មី តែមិនដឹងថាត្រូវភ្ជាប់ឯកសារណាខ្លះដើម្បីទៅធ្វើថ្មីបាន ឈប់បារម្ភទៀតទៅព្រោះនាពេលនេះឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបង្ហាញនូវដំណោះស្រាយទាក់ទងនឹងបញ្ហាការកែតម្រូវអក្សរឡាតាំងក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហើយ។
ក្នុងករណី “ខុសអក្សរឡាតាំង ក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លោកអ្នកត្រូវពិនិត្យមើលលើសេចក្តីចម្លងសំបុត្រកំណើតជាមុនសិន បើមានអក្សរឡាតាំង ហើយមន្ត្រីបញ្ចូលទិន្នន័យខុស ត្រូវយកទៅស្នើសុំប្តូរ ដោយភ្ជាប់ឯកសារយោងនោះ។ តែករណីសំបុត្រកំណើតអត់មានអក្សរឡាតាំង ត្រូវដាក់ពាក្យសុំបញ្ចូលអក្សរឡាតាំងក្នុងសំបុត្រកំណើតសិននៅសាលាក្រុង ស្រុក ខណ្ឌដែលចុះបញ្ជី ឬនៅនាយកដ្ឋានអត្រានុកូលដ្ឋាន”””។
សូមបញ្ជាក់ថា ក្រោយទទួលបានសេចក្តីសម្រេចរួចទើបទៅដាក់ពាក្យសុំកែតម្រូវអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរតាមក្រោយ។សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕
អត្ថបទ៖ ធី ស្រីល័ក្ខ