ប្រភពពីសារព័ត៌មានNPR បានចុះផ្សាយថា នៅថ្ងៃទី ២១ខែមករា ឆ្នាំ២០២៥ មួយថ្ងៃបន្ទាប់ពី លោក Donald Trump បានចូលកាន់អំណាច ជាប្រធានាធិបតីអាមេរិក លោកបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិជាច្រើន។ ក្នុងនោះគោលការណ៍ចំនួន៨ បានកត់សម្គាល់និងសន្មតិជាវិធានក្តៅ ដែលអាចជះឥទ្ធិពលច្រើនយ៉ាងដល់ពិភពលោក។
១. ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុ នាទីក្រុងប៉ារីស៖ ក្រោយបទបញ្ជាប្រតិបត្តិត្រូវបានអាមេរិកប្រកាស ដកខ្លួនភ្លាមៗពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការសន្យាអាកាសធាតុអន្តរជាតិផ្សេងៗ។
២. ដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO)៖ ប្រធានាធិបតី Trump បានបញ្ជាឱ្យអាមេរិកដកខ្លួនចេញពី WHO ដោយលើកឡើងពីបញ្ហាប្រសិទ្ធិភាពចំណាយ និងការដោះស្រាយរបស់ WHO លើបញ្ហាសុខភាពសកល។
៣. ជះលុយ៥០០ពាន់លានដុល្លារ អភិវឌ្ឍបញ្ញាសិប្បនិមិត្ត៖ ដើម្បីពង្រឹងតួនាទីរបស់សហរដ្ឋអាមេរិកជាអ្នកដឹកនាំក្នុងវិស័យបញ្ញាសិប្បនិម្មិត រដ្ឋាភិបាលអាមេរិកបានបង្កើនទំហំវិនិយោគចំនួន ៥០០ ពាន់លានដុល្លារដើម្បី ជំរុញហេដ្ឋារចនាសម្ព័ន្ធ AI ជំនាន់ក្រោយបំផុតនៅទូទាំងប្រទេស ដោយប្រមូលផ្តុំដៃគូបច្ចេកវិទ្យាធំៗ រួមមាន Arm, Microsoft, NVIDIA, Oracle និង OpenAI។
៤. ពង្រីកការខួរយកនិងប្រើថាមពល៖ ក្រោមហេតុផលនៃការផ្គត់ផ្គង់ថាមពលមិនគ្រប់គ្រាន់ និងតម្រូវការអគ្គិសនីដែលរំពឹងថានឹងកើនឡើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ក៏ដូចជាគាំទ្រដល់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិតផង ប្រធានាធិបតី Trump បានកំណត់ច្បាប់សម្រួលដល់ការផលិត ការដឹកជញ្ជូន ការចម្រាញ់ ការពន្លឿននឹងបង្កើតប្រភពថាមពលក្នុងស្រុក។
៥. កំណត់អត្តសញ្ញាណយេនឌ័រត្រឹម២ភេទ៖ លោក Trump បានចុះហត្ថលេខាលើច្បាប់ដែលសហរដ្ឋអាមេរិកនឹងទទួលស្គាល់ភេទទាំងពីរប៉ុណ្ណោះគឺបុរសនិងស្ត្រី។
៦.ផ្អាកការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួន៖ លោក Trump បានចុះហត្ថលេខាលើបទបញ្ជាផ្អាកកម្មវិធីទទួលជនភៀសខ្លួនរបស់សហរដ្ឋអាមេរិក។
៧. ផ្អាកជំនួយទៅបរទេស៖ លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ផ្អាកកម្មវិធីផ្តល់ជំនួយទៅបរទេសទាំងអស់ ក្នុងរយៈពេល៩០ថ្ងៃ ដើម្បីទុកពេលត្រួតពិនិត្យ សម្រាប់កំណត់គោលដៅជួយ។
៨. រឹតបន្តឹងលំហូរជនបរទេស៖ លោក Trump បានចុះហត្ថលេខាលើបទបញ្ជារឹតបន្តឹងលំហូររបស់ជនបរទេសទាំងអស់ដែលមានបំណងចូលទៅកាន់សហរដ្ឋអាមេរិក ជាពិសេសជនបរទេសដែលមកពីតំបន់ឬប្រទេសដែលអាមេរិកបានកំណត់អត្តសញ្ញាណ។
សូមរំលឹកថាបន្ថែមពីលើនេះ លោកប្រធានាធិបតី Donald Trump ក៏ធ្លាប់បានលើកឡើងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក អំពីគោលដៅតម្លើងពន្ធសម្រាប់ទំនិញនាំចូល និងបន្ថយអត្រាពន្ធសម្រាប់ប្រជាជនអាមេរិកផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង