ស្របពេលដែលមនុស្សជាច្រើនស្រ្តេសជាមួយការងារដែលខ្លួនមិនស្រឡាញ់និងមានសម្ពាធ យុវជន ជឿន វណ្ណី បានសម្រេចចិត្តលាឈប់ពីការងារជាអ្នកកាត់តវីដេអូ ក្រោយក្រុមហ៊ុនបិទនិងកាត់បុគ្គលិក។
ស្ថិតលើជំហានថ្មី វិថីចាស់ យុវជនវ័យ២៤ឆ្នាំរូបនេះបានងាកមកផលិតមាតិកា ដោយខ្លួនឯង អាចទាញអ្នកតាមដានប្រមាណជាង ២០ម៉ឺននាក់នៅលើហ្វេសប៊ុកផេក និងអ្នកតាមដានជាង៤០ម៉ឺននាក់នៅលើTikTok។
លោក ជឿន វណ្ណីបានថ្លែងប្រាប់ចាបក្រហមថា នៅឆ្នាំ២០១៧ រូបគេបានចាប់ផ្តើមផលិតមាតិកាបែបលើកទឹកចិត្ត ម្តងរួចទៅហើយជាមួយទូរស័ព្ទដៃម៉ាក Samsung ១គ្រឿង ប៉ុន្តែដោយហេតុផលអាជីពនិងជីវិត គេក៏បានចូលធ្វើការងារពេញម៉ោងវិញ។ រហូតមកដល់ឆ្នាំ២០២៤ លោក វណ្ណី ក៏ងាកមកមាតិកាបែបប្រវត្តិសាស្រ្ត និងសង្គមពីនេះពីនោះ។
ចំពោះការផលិតមាតិកាបែបប្រវត្តិសាស្រ្តនិងស្រាវជ្រាវនេះ លោក ជឿន វណ្ណី បានចែករំលែកថា ដោយសារលោកចង់ក្លាយជាអ្នកផលិតមាតិកាដែលមានគុណភាព ហើយអាចចែករំលែករឿងមានប្រយោជន៍ដល់ប្រជាជន និងយុវជនខ្មែរក្នុងការសិក្សារៀនសូត្របន្ត ក៏ដូចជាងាកមកគាំទ្រលើកស្ទួយអ្នកបង្កើតមាតិកាល្អៗក្រោយៗទៀត។
អ្នកផលិតមាតិកាវ័យក្មេងរូបនេះក៏បានចែករំលែកបទពិសោធន៍ទៅកាន់អ្នកចង់បង្កើតមាតិកាផ្សេងៗយ៉ាងដូច្នេះថា “ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូន ដែលចង់ផលិតមាតិកា សូមធ្វើនូវអ្វីដែលខ្លួនស្រឡាញ់ ហើយអាចមានប្រយោជន៍ដល់សាធារណជន ជាពិសេសយុវជនខ្មែរយើង ឲ្យបានដឹងនូវអ្វីដែលជាវប្បធម៍របស់ខ្លួន ហើយបើអាចផលិតវីដេអូណាដែលកើតឡើងដោយការឈ្វេងយល់ ស្រាវជ្រាវផលិតដោយស្នាដៃខ្លួនឯងផ្ទាល់ មិនចម្លងពីគេ”។
បន្ថែមពីនោះ យុវជន ជឿន វណ្ណី ក៏បានចែករំលែករូបមន្តធ្វើឱ្យមាតិកាឱ្យទាក់ទាញអ្នកទស្សនាច្រើន គឺគួរគប្បីធ្វើប្រធានបទណាដែលខ្លួនស្រឡាញ់ អានឱ្យច្រើន ធ្វើការស្រាវជ្រាវ ឬចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ហើយត្រូវធ្វើឱ្យវីដេអូឱ្យបានជាប់លាប់ នោះនឹងមានអ្នកតាមដានច្រើនមិនខាន។
គួរបញ្ជាក់បន្ថែមថា បច្ចប្បន្ននេះលោក ជឿន វណ្ណី បានក្លាយជាអ្នកផលិតមាតិកាមានឈ្មោះបោះសំឡេងមួយរូប ក្នុងបណ្ដាញសង្គម ដែលត្រូវបានគេស្គាល់រូបលោកតាមរយៈវីដេអូទាក់ទងនឹងប្រាសាទបុរាណ សារមន្ទីរជាតិផ្សេងៗ និងវីដេអូពីតំបន់ប្រវត្តិសាស្រ្ដនានានៃប្រទសកម្ពុជា៕
អត្ថបទដោយ៖ ពីង ជូអេង