លោក Warren Buffett គឺជាមហាសេដ្ឋីសញ្ជាតិអាមេរិក មួយរូបដែលត្រូវបានមនុស្សគ្រប់គ្នាហៅថា បិតាវិនិយោគ ដោយសារតែគាត់ជាកំពូលអ្នកវិនិយោគដ៏ជោគជ័យមួយរូប ដែលមានបទពិសោធន៍តាំងពីអាយុ១០ឆ្នាំ មកដល់ពេលនេះមានរយៈពេល៨២ឆ្នាំទៅហើយ។
ខ្លាចាស់ក្នុងវិស័យវិនិយោគមួយរូបនេះ តែងតែចែករំលែកគំនិត និងចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងរឿងលុយកាក់ ដែលរួមមានទាំងការរកចំណូល សន្សំ ចាយវាយ និងជាពិសេសគឺការបង្កើនលុយ។ ហើយទាំងនេះគឺជាតិចនិកប្រើលុយពិសេស៣ ពីលោកតា Warren Buffett ដែលមនុស្សវ័យក្រោម៤០ គួរតែដឹងបើចង់មានបាននឹងគេ។
១. វិនិយោគលើភាគហ៊ុនខ្នាតតូច
នៅពេលដែលអ្នកមានលុយចង់បោះទុនវិនិយោគ ហើយទៅទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែលកំពុងរីកចម្រើនរួចហើយ លុយរបស់អ្នកនឹងមិនកើនច្រើនឡើយ។ លោក Warren Buffett បានចាប់ផ្ដើមអាជីពរបស់គាត់ ដោយវិនិយោគលើក្រុមហ៊ុនខ្នាតតូច។ គាត់ធ្លាប់បានលើកឡើងថា “ខ្ញុំត្រូវស្វែងរក ដំរី (ក្រុមហ៊ុនដែលមានសក្តានុពលអនាគត) ទោះជាដំរីមិនងាយស្រួលរកដូច មូស (ភាគហ៊ុនទាក់ទាញ) ប៉ុន្តែវាជាជម្រកដ៏សុខសាន្តរបស់ខ្ញុំ”។
២. កាត់បន្ថយការខាតបង់ពេលចាំបាច់
បើទោះបីជាគាត់មានឈ្មោះថាជាបិតាវិនិយោគ មិនមែនមានន័យថាគាត់មិនធ្លាប់វិនិយោគខុសឡើយ។ លោកតាក៏ធ្លាប់យល់ខុស ហើយរងការខាតបង់ ប៉ុន្តែការខាតបង់ទាំងនោះសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ទាំងអស់។ លោកបានបញ្ជាក់ថា មនុស្សយើងត្រូវចេះវិភាគមើល នៅពេលតែស្ថានភាពខាតបង់មកដល់គួរតែរកផ្លូវណាដែលជួយឱ្យយើងខាតបង់ទាបបំផុត ច្បាស់ណាស់យើងមិនអាចគេចផុតពីការខាតបង់ឡើយ ប៉ុន្តែយើងអាចខាតបង់ក្នុងកម្រិតទាបជាងមុនបាន។
៣. វិនិយោគឱ្យប្លែកពីអ្នកដទៃ
ពេលធ្វើអ្វីមួយ មិនចាំបាច់ប្រាថ្នាចង់ដូចគេពេកទេ គួរធ្វើអ្វីដែលជាខ្លួនឯង ជាពិសេសចំពោះការវិនិយោគ បើចង់បានផលចំណេញច្រើន អ្នកមិនត្រូវដើរតាមក្រោយគេឡើយ ប៉ុន្តែត្រូវស្វែងរកផ្លូវឱ្យខ្លួនឯង។ ដំបូងៗអ្នកអាចនឹងជួបការបរាជ័យ ប៉ុន្តែទាំងអស់នោះគឺជាមេរៀនដ៏ល្អ ចូរសង្កេតនិងទាញវាមកទុក ដើម្បីឱ្យអ្នកមានបទពិសោធន៍កាន់តែច្រើន។ ត្រូវដឹងថាពាក្យថាអ្នកជំនាញវិនិយោគ មិនមែនមានន័យថាជាមនុស្សវិនិយោគមិនធ្លាប់ខាតនោះឡើយ ប៉ុន្តែមានន័យថាអ្នកដែលស្គាល់ផ្លូវចំណេញ។
ការរកបង្កើតចំណូលគឺជារឿងចាំបាច់មួយ ប៉ុន្តែរឿងដែលសំខាន់បំផុតគឺរបៀបដែលអ្នកចាយលុយ ព្រោះវាជាចំណុចដែលអាចបញ្ជាក់ថាតើអនាគតអ្នកនឹងក្លាយទៅជាយ៉ាងណា ជាអ្នកមានទ្រព្យ ឬអ្នកមានវិបត្តិហិរញ្ញវត្ថុ។ សូមយកចិត្តទុកដាក់ចំពោះការចាយវាយឱ្យល្អណា ដើម្បីឱ្យប្រាកដថាលុយដែលចេញទៅ គឺចេញត្រូវច្រក លុយដែលទុកគឺទុកចំកន្លែងដែលអាចបង្កើតកូនចៅ៕