កាលពីថ្ងៃម្សិលមិញនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNBC បានឲ្យដឹងថាអត្រាអតិផរណារបស់សហរដ្ឋអាមេរិកបានចាប់ផ្ដើមធ្លាក់ចុះនៅអំឡខែឧសភានិងមិថុនាឆ្នាំ២០២៤នេះ ជាពិសេសនៅក្នុងមិថុនា អតិផរណារបស់អាមេរិកបានធ្លាក់មកត្រឹម៣%ដែលជាអត្រាមួយដ៏ទាប។
បើយោងតាមរបាយការណ៍កាលពីថ្ងៃព្រស្បត្តិ៍សប្ដាហ៍នេះដែលចេញដោយសហព័ន្ធនៃស្ថិតិការងាររបស់សហរដ្ឋអាមេរិកបានបង្ហាញថាការថយចុះនៃអត្រាអតិផរណានេះអាចនឹងធ្វើឲ្យធនាគារកណ្ដាលអាមេរិកទម្លាក់ការប្រាក់ខែក្នុងពេលឆាប់ៗខាងមុខនេះ។
ចុះប្រសិនបើធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកទម្លាក់ការប្រាក់ដុល្លារតើវានឹងមានផលវិជ្ជមាននិងអវិជ្ជមានអ្វីខ្លះទៅដល់អាមេរិកក៏ដូចជាពិភពលោកទាំងមូល?
តាមពិតទៅនៅពេលធនាគារកណ្ដាលចាប់ផ្ដើមទម្លាក់ការប្រាក់ពោលគឺទម្លាក់ការប្រាក់កម្ចី ផលវិជ្ជមាននោះគឺក្រុមហ៊ុន ម្ចាស់អាជីវកម្មនិងប្រជាជនទូទៅនឹងមានលទ្ធភាពក្នុងការទទួលបានកម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុព្រោះពេលធនាគារកណ្ដាលអាមេរិកទម្លាក់ការប្រាក់ធ្វើឲ្យការប្រាក់កម្ចីនៅធនាគារកាន់តែធូថ្លៃជាងមុន កាន់តែទាបជាងមុន ដូច្នេះបណ្ដាលក្រុមហ៊ុន សហគ្រាននិងប្រជាជនទូទៅមានឱកាសខ្ចីលុយធនាគារ។
លើសពីនេះក្រុមហ៊ុន សហគ្រាននិងអ្នកខ្ចីលុយធនាគារក៏អាចបង់សងកម្ចីកាន់តែតិចជាងមុនជាពិសេសអ្នកដែលខ្ចីលុយដែលផ្អែកលើការប្រាក់អណ្ដែត។
ការទម្លាក់ការប្រាក់អាចផ្ដល់ផលវិជ្ជមានច្រើន។ ជាក់ស្ដែងពេលការប្រាក់កម្ចីកាន់តែទាបក្រុមហ៊ុន អាជីវកម្មនិងមនុស្សទូទៅអាចមានលទ្ធភាពខ្ចីលុយយកមកប្រើប្រាស់តាមតម្រូវការដើម្បីផ្គត់ផ្គង់និងពង្រីកអាជីវកម្មដែលកត្តានេះអាចជួយជំរុញសម្មភាពសេដ្ឋកិច្ចឡើងវិញ។
ចំពោះផលអវិជ្ជមានវិញមិនសូវមានច្រើនប៉ុន្មាននោះទេ។ ផលអវិជ្ជមាននៃការទម្លាក់ការប្រាក់គឺចំពោះអ្នកដាក់ប្រាក់សន្សំនៅធនាគារ។ ត្រូវចាំថាការទម្លាក់ការប្រាក់គឺគេធ្វើព្រមទាំងពោលគឺទម្លាក់ទាំងការប្រាក់សន្សំនិងការប្រាក់កម្ចី។ ដូច្នេះពេលការប្រាក់ត្រូវបានទម្លាក់នោះអ្នកដាក់ប្រាក់សន្សំនៅធនាគារក៏បានការប្រាក់សន្សំកាន់តែទាបផងដែរ៕